ស្ត្រីអនាថាមិនដឹងប្ដីនៅទីណា សម្រាលកូនស្រីតាមចិញ្ចើមផ្លូវ

ស្ត្រីអនាថាមិនដឹងប្ដីនៅទីណា សម្រាលកូនស្រីតាមចិញ្ចើមផ្លូវ



រាជធានីភ្នំពេញ ៖ ស្ត្រីអនាថាម្នាក់ដែលមានផ្ទៃពោះគ្រប់ខែមិនដឹងប្ដីនៅទីណាទេ ខណៈពេលកំពុងដើរចុះឡើងៗតាមផ្លូវ ស្រាប់តែឈឺពោះសម្រាលកូន និងបានដេកនៅលើចិញ្ចើមផ្លូវសាធារណៈ ហើយត្រូវបានគេប្រទះឃើញ ក៏បង្កឲ្យមានការឆោឡោឡើង នៅវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃទី៣១ សីហា នៅត្រង់ចំណុចផ្សារកាណាស៊ីធី ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីអនាថាខាងលើឈ្មោះ សុខ គង្គា អាយុ ៣៨ឆ្នាំ មុខរបរដើររើសអេតចាយ និងស្នាក់នៅ តាមចិញ្ចើមផ្លូវ តាមសំយ៉ាបផ្ទះគេ ជួនកាលនៅម្ដុំមុខផ្សារកាណាស៊ីធី ក្នុងភូមិចោមចៅ ពេលខ្លះនៅមុខផ្សារកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង និងមានស្រុកកំណើត នៅស្រុកកោះអណ្តែត ខេត្តតាកែវ ។

ស្ត្រីអនាថារូបនេះ សម្រាលបានកូនស្រីម្នាក់។ សាក្សីច្រើននាក់និយាយថា កន្លងមកពួកគាត់តែង បានឃើញស្ត្រីម្នាក់នោះ ដើររើសអេតចាយតាមផ្លូវវ៉េងស្រេង ម្ដុំមុខផ្សារកាណាស៊ីធី មុខផ្សារកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង ជារៀងរាល់ថ្ងៃ ហើយមិនដែលឃើញប្ដីរបស់ស្ត្រីរូបនេះម្ដងណាទេ ។

លុះក្រោយមកស្រាប់តែឃើញមានផ្ទៃពោះ ទើបម្នាក់ៗ មានភាពស្រឡាំងកាំង ព្រោះមិនដឹងថា ប្ដីមួយណា និងសង្ស័យថា ត្រូវបានជនណាម្នាក់ ចាប់រំលោភក្នុងពេលដែលនាងដេកនៅតាមចិញ្ចើមផ្លូវពេលយប់ រហូតដល់មានផ្ទៃពោះបែបនេះ ។

អ្នកឃើញហេតុការណ៍និយាយថា នៅវេលាព្រឹកថ្ងៃកើតហេតុ ពួកគាត់បានឃើញស្ត្រីខាងលើ ដើរកាត់មុខផ្សារកាណាស៊ីធី ចុះឡើងៗ ដូចរកអ្វីមួយ ឬប្រហែលជាឈឺពោះចង់សម្រាលកូន។ បន្ទាប់មកក៏ស្រាប់តែឃើញប្រាសខ្លួនដេកទៅលើដី និងបានសម្រាលកូន បង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាជួយឈឺឆ្អាលទាំងព្រឹក ។ ខណៈនោះពួកគាត់បាននាំគ្នាជួយសង្គ្រោះបឋម និងបានហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ទៅជួយដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យជប៉ុន ។

នៅមន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថា ស្ត្រីនោះមានសុវត្ថិភាពទេ ប៉ុន្តែកូនស្រីរបស់នាងដែលទើបប្រសូតមកនេះ មានកាយសម្បទាមិនគ្រប់គ្រាន់ គឺក្រពឹតក្បាលមួយចំហៀង សង្ស័យគ្មានលលាដ៏ក្បាល និងពុំទាន់ដឹងថា អាចមានជីវិតបន្តទៀត ឬយ៉ាងណានោះឡើយ តែតាមការសន្និដ្ឋានអាចរស់បានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ។

នេះជាការសម្រាលកូនតាមផ្លូវលើកទី២ហើយនៅក្នុងខែនេះ សម្រាប់ស្ត្រីអនាថា ដែលមុននេះ ស្ត្រីអនាថាម្នាក់ ក៏បានសម្រាលកូនមុខរោងចក្រ៦ជាន់ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃ២៣ សីហា ហើយក៏ត្រូវបានជួយសង្គ្រោះដូចគ្នា ៕