មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី ធ្វើជា​ខ្នងបង្អែក​ឲ្យ​កូនស្រី​ជួញដូរ​ឈើ​ប្រណី​តទៅ​ស្រុក​យួន​

លោក​ឧ​ត្ត​ម​សេនីយ៍ ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី ត្រូវបាន​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​រិះគន់ថា កំពុង​ធ្វើជា​ខ្នងបង្អែក​ឲ្យ​កូនស្រី​របស់ខ្លួន​ឈ្មោះ ស្រី​ពេជ្រ ក្នុងការ​ជួញដូរ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កែវ​សីមា ជាប់​ព្រំប្រទល់​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ប្រមូល​ទិញ​ឈើ​ប្រណីត​ល្បីឈ្មោះ​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ គឺ​ឈ្មោះ ស្រី​ពេជ្រ ដែលជា​កូនស្រី​របស់លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី​។ ដោយសារ​ឈ្មួញ​រូបនេះ​មាន​ខ្នងបង្អែក​រឹងមាំ​និង​មានការ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ឧបសគ្គ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​តូចតាច​បាន​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​កាមរី រថយន្ត​ឡង់​គ្រឺ​ស័​រ និង​រថយន្ត​ផ្សេងៗ​ទៀត ព្រមទាំង​តាម​ម៉ូតូ​រាប់សិប​គ្រឿងក្នុង​មួយថ្ងៃៗ​យកទៅលក់​ឲ្យ​ឈ្មួញ​ឈ្មោះ ស្រី​ពេជ្រ ដែលជា​កូនស្រី​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី ដែលមាន​លំនៅដ្ឋាន​ក្នុងស្រុក​កែវ​សីមា​។ បន្ទាប់ពី​ប្រមូល​ទិញ​បាន​គ្រប់​ចំនួន​សម្រាប់​នាំ​ចេញទៅ​ស្រុក​យួន​នោះ គឺ​ឈ្មួញ​ឈ្មោះ ស្រី​ពេជ្រ ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ព្រំដែន​យ៉ាង​រលូន ព្រោះ​គ្មាន​នរណា​ហ៊ាន​ប្រឈមមុខ​ជាមួយ​លោក ឃិន ម៉េង​ស្រេង ឡើយ​។ រហូតមកដល់​ពេលនេះ​ឈ្មួញ​ឈ្មោះ ស្រី​ពេជ្រ នៅតែ​អាច​បន្តសកម្មភាព​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា ទៅ​ស្រុក​យួន​ដោយ​គ្មាញ​ញើ​ត​អ្វី​ទាំងអស់ ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​រួចទៅហើយ​។

ប្រភពពី​សមត្ថកិច្ច​តូចតាច​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ក្នុង​ខេត្តមណ្ឌលគិរី គ្រាន់តែ​ឮឈ្មោះ ស្រី​ពេជ្រ ពួកគេ​មិន​ហ៊ាន​ប្រឈមមុខ​ឡើយ​ព្រោះ​ខ្លាច​ឥទ្ធិពល​លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី ដែលមាន​អំណាច​ខ្លាំង​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។ ដូច្នេះហើយ​ទើប​ក្នុងខណៈដែល​ឈ្មួញ​មួយចំនួន​ផ្អាក​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​នោះ គឺ​ឈ្មោះ ស្រី​ពេជ្រ នៅតែ​អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​ដដែល ព្រោះ​សមត្ថកិច្ច​តាម​ដងផ្លូវ និង​សមត្ថកិច្ច​តាម​ព្រំដែន​គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។ ការដែល​លោក ឃិន ម៉េង​ស្រេង យក​អំណាច​និង​តួនាទី​ទៅ​កាង​កូនស្រី​របស់ខ្លួន​ឲ្យ​រកស៊ី​ជួញដូរ​ឈើ​ទៅ​ស្រុក​យួន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល ដូច្នេះ​នាយ​ឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះទេ​៕

Image1លោក ឃិន ម៉េងស្រេង មេបញ្ជាការយោធាខេត្តមណ្ឌលគិរី