រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​បញ្ជាក់​ថា​អ្នក​រិះគន់​លោក ហ៊ុន សែន គឺ​ជា​រឿង​បុគ្គល

រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម លោក ឡេ ហៃប៊ីញ (Le Hai Binh) អះអាង​ថា ការ​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក គឺ​ជា​រឿង​បុគ្គល មិន​មែន​ឆ្លុះ​បញ្ចាំង​ទស្សនៈ ឬ​យោបល់​របស់​រដ្ឋាភិបាល​វៀតណាម ឡើយ។

លោក ឡេ ហៃប៊ីញ បន្ត​ថា វៀតណាម មិន​បណ្តោយ​ឲ្យ​ជន​ណា​ដែល​ប្រើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដើម្បី​ញុះញង់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា-វៀតណាម ឡើយ។

កាសែត​វៀតណាម ឈ្មោះ វីនូស្ស៍ អិចប្រេស ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី​៣១ ខែ​សីហា ឲ្យ​ដឹង​ថា ការ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម នេះ បន្ទាប់​ពី​ក្រសួង​ការ​បរទេស​កម្ពុជា ជំរុញ​ឲ្យ​អាជ្ញាធរ​វៀតណាម ដាក់​ទណ្ឌកម្ម​ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក​របស់​ពលរដ្ឋ​វៀតណាម ខ្លះ​ដែល​បាន​បន្ទោស​លោក ហ៊ុន សែន ថា​បាន​កាន់​ជើង​រដ្ឋាភិបាល​ចិន ក្នុង​រឿង​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក​ខ្លះ​សរសេរ​បញ្ចេញ​កំហឹង​ថា វៀតណាម បាន​បូជា​ជីវិត និង​ថវិកា​ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ​កម្ពុជា ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ ឥឡូវ លោក ហ៊ុន សែន បែរ​ខ្នង​ដាក់​វៀតណាម ដោយសារ​ងប់ងុល​នឹង​ប្រាក់​ជំនួយ​របស់​ចិន។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​ឆ្លើយ​តប​វិញ​ថា រឿង​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង មិន​មែន​ជា​កិច្ចការ​របស់​កម្ពុជា ឡើយ ហើយ​ថា​វៀតណាម មិន​មែន​ជា​ចៅហ្វាយ​របស់ ហ៊ុន សែន ឡើយ។ លោក​សង្ឃឹម​ថា រដ្ឋាភិបាល​វៀតណាម នឹង​យល់​ច្បាស់​ពី​ចម្លើយ​របស់​លោក ដោយ​អប់រំ​ពលរដ្ឋ​របស់​ខ្លួន​កុំ​ឲ្យ​រំខាន​ដល់​លោក​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។