ល្បែងស៊ីសង​តាម​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​

ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បាន​អំពាវនាវ​ឲ្យ​លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង ចាត់វិធានការ​បង្ក្រាប​បន​ល្បែង​ខុសច្បាប់​នៅ​ច្រក​ក្រសាំង​ជ្រំ ជាប់​ព្រំដែន​យួន​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​យ៉ាង​អនាធិបតេយ្យ​តទៅទៀត​។ ពលរដ្ឋ​រស់នៅក្នុង​ឃុំ​ក្រួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា មាន​ឧកញ៉ា​ម្នាក់​បាន​បើក​បន​ល្បែង​នៅ​ជិត​ច្រករបៀង​ក្រសាំង​ជ្រំ ជាច្រើន​ឆ្នាំ​មកហើយ​និង​បើក​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​។ កន្លងមក​មន្ត្រី​អាជ្ញាធរខេត្ត​ស្វាយរៀង ក៏ដូចជា​សមត្ថកិច្ច​ក្នុង​ខេត្ត​នេះ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំង​អស់ហើយ​បណ្ដោយ​ឲ្យ​បន​ល្បែង​អត់​ច្បាប់​ដំណើរការ​ទៅ​យ៉ាង​រលូន ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយខែៗ​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​អាជ្ញាធរ​ស្រុក​ស្វាយជ្រំ បាន​ឲ្យ​ដឹងថា ឧកញ៉ា​ដែលជា​ម្ចាស់​បន​ល្បែង​អត់​ច្បាប់​នោះ ទំនង​មានការ​ឃុបឃិត​ជាមួយ​សមត្ថ​កិច្ចការពា​រ​ព្រំដែន​ទើប​គេ​អាច​បើក​បន​ល្បែងស៊ីសង ហើយ​អនុញ្ញាត​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​តាម​អំពើ​ចិត្ត​។ បន​ល្បែង​ដែល​គ្មាន​យីហោ​ជា​កាស៊ីណូ​ត្រឹមត្រូវ​នោះ មាន​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​ដូចជា បញ្ជល់មាន់ បៀ ឡុកឡាក់ និង​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​ទៀត ហើយ​គេ​បើក​ឲ្យ​ជនជាតិ​យួន​ចូល​លេង​ក្នុង​មួយ​សប្ដាហ៍​៣​ថ្ងៃ គឺ​ថ្ងៃ​ចន្ទ ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃអាទិត្យ​។ ក្នុង​មួយថ្ងៃៗ​មាន​អ្នក​ចូល​លេងល្បែង​ពី​២០០​ទៅ​៣០០​នាក់ ហើយ​ក្នុង​ម្នាក់ៗ​ត្រូវ​បង់លុយ​៨​ម៉ឺន​ដុង​ឬ​១៤៥០០​រៀល​ឲ្យ​សមត្ថកិច្ច​នៅ​ច្រករបៀង​ក្រសាំង​ជ្រំ​។ ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​ក៏ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចូល​លេងល្បែង​យ៉ាង​ពេញបន្ទុក​ដែរ ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។

មន្ត្រីរាជការ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ស្វាយជ្រំ បាន​អំពាវនាវ​ឲ្យ​លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង ក៏ដូចជា​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ជនជាតិខ្មែរ​ចូល​លេងល្បែង​ក្នុង​បន​ល្បែង​អត់​ច្បាប់​នៅ​ច្រករបៀង​ក្រសាំង​ជ្រំ​តទៅទៀត​។ ដោយហេតុថា​ចាប់តាំងពី​បន​ល្បែង​នោះ​ដំណើរការ​ហើយ​អនុញ្ញាត​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង គឺមាន​បញ្ហា​ជាច្រើន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ខ្លះ​ចាញ់​អស់​លុយកាក់​ទ្រព្យសម្បត្តិ​ជា​បន្តបន្ទាប់​។ ប្រសិនបើ​សមត្ថកិច្ច​ខេត្តស្វាយរៀង និង​មន្ត្រី​អាជ្ញាធរខេត្ត​ស្វាយរៀង នៅតែ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ គឺ​បន​ល្បែង​នៅ​ច្រករបៀង​ក្រសាំង​ជ្រំ បង្ក​ផល​ពិបាក​កាន់តែខ្លាំង​ជាង​មុន​ជាមិនខាន​ព្រោះ​បច្ចុប្បន្ន​អ្នក​ចូល​លេងល្បែង​ភាគច្រើន​ជា​ជនជាតិខ្មែរ មិនមែន​យួន​នោះទេ​៕

image644លោក កឹង​ ឃន ស្នងការនគរបាលខេត្តស្វាយរៀង casino-svay-rieng-500x281