ការស្ថាបនា​ផ្លូវ​គ្មាន​គុណភាព​ក្នុង​ក្រុង​កំពត អាច​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ​

ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កំពត បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិនិត្យមើល​គុណភាព​ផ្លូវ​ជាច្រើន​ខ្សែ​ក្នុង​ខេត្តកំពត​ខ្លះ​ផង ព្រោះ​រដ្ឋ​បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​សម្រាប់​ស្ថាបនា​ផ្លូវ ប៉ុន្តែ​ផ្លូវ​ទាំងនោះ​គ្មាន​គុណភាព​សមស្រប​តាម​ថវិកា​ដែល​បាន​ចំណាយ​ឡើយ​។ ការដែល​ផ្លូវ​គ្មាន​គុណភាព​ត្រូវគេ​សង្ស័យថា អាច​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ​របស់លោក លឹម សំបូរ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពត ព្រមទាំង​មន្ត្រីក្រោមឱវាទ​មួយចំនួន​ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ជាក់ស្ដែង​ផ្លូវ​ទើប​ស្ថាបនា​មិនបាន​ប៉ុន្មាន​ផង​ក៏​រង​ការខូចខាត​យ៉ាងដំណំ ហើយ​មិនទាន់​ឃើញ​ខាង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​មក​ជួសជុល​ឡើងវិញ​នោះទេ​។

មន្ត្រីរាជការ​ក្នុង​ខេត្តកំពត ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ផ្លូវ​ខ្លះ​ទើប​សាងសង់​ថ្មី​សោះ​ក៏​រង​ការខូចខាត​ស្ទើរ​អស់​ទៅហើយ​ដូចជា បាក់ស្រុត ក្រហេងក្រហូង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​និង​ស្ទះចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​។ ក្នុងចំណោម​ផ្លូវ​ដែល​រង​ការខូចខាត​ខ្លាំង​មានដូចជា ផ្លូវ​រង្វង់​មូល​ទៅ​ទឹកឈូ ផ្លូវ​ម្ដុំ​រូបសំណាក់​ចូក​អំបិល និង​កំណាត់​ផ្លូវជាតិ​លេខ​៣​ជាដើម ដែល​ស្ថាបនា​និង​ជួសជុល​មិនបាន​ប៉ុន្មាន​ផង​ក៏​រង​ការខូចខាត​ទៅវិញ​ស្ទើរ​អស់​ទៅហើយ​។ ចំណែក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពត លោក លឹម សំបូរ មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​ជួសជុល​ផ្លូវ​ឡើងវិញ​នោះទេ ហើយ​របាំង​ចែក​ទ្រូងផ្លូវ​មួយចំនួន​មិន​បានដាក់​ចំណាំងផ្លាត​តាម​លក្ខណៈ​បច្ចេកទេស ដែលជា​ហេតុ​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​។

​កន្លងមក​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្លាប់បាន​លើកឡើងថា​ការស្ថាបនា​ផ្លូវ​ហើយ​ឆាប់​ខូច​វិញ គឺ​បណ្ដាលមកពី​អំពើពុករលួយ​ចាក់​ស្ដើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្ដើង ហើយ​អ្នកគ្រប់គ្រង​គម្រោង​គឺជា​អ្នកទទួលខុសត្រូវ​មិនមែន​ធ្វើ​ឲ្យ​រួច​តែ​ពី​ដៃ​នោះទេ​។ ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល ចាត់វិធានការ​ត្រួតពិនិត្យ​គុណភាព​ផ្លូវ​ជាច្រើន​ខ្សែ​ក្នុង​ក្រុង​កំពត​ឡើងវិញ​ផង ព្រោះ​ផ្លូវ​ស្ថាបនា​មិនបាន​ប៉ុន្មាន​ផង ក៏​រង​ការខូចខាត​ខ្ទេចខ្ទី​អស់​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​ក្រុមហ៊ុន​ឬ​អ្នកគ្រប់គ្រង​គម្រោង​ធ្វើ​ផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះ គឺ​ផ្លូវ​ប្រាកដ​ជាមិនខាន​គុណភាព​ប្រើ​បានយូរ​មិនមែន​ឆាប់​ខូច​ដូច​ផ្លូវ​ក្នុង​ក្រុង​កំពត​ឡើយ​៕

photo_2016-01-27_13-10-5041លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន 14203350_1755002404766450_7326018482733817773_n 14117680_1755002431433114_6637186904430037222_n