លោក អេង ឆៃអ៊ាង បញ្ជាក់ថា ប្រជាពលរដ្ឋ​ជា​អ្នកកំណត់​ជោគវាសនា​របស់ លោក កឹម សុខា

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្មីៗ​នេះ បាន​បញ្ជាក់ថា​ប្រជាពលរដ្ឋ​ជា​អ្នកកំណត់​ជោគវាសនា​របស់ លោក កឹម សុខា​។ ការបញ្ជាក់​របស់ លោក អេង ឆៃអ៊ាង យ៉ាង​ដូច្នេះ កើតឡើង​ស្រប​ពេលដែល​សំណុំរឿង​របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កំពុង​ត្រូវបាន​តុលាការ​គ្រោង​លើកយក​ទៅ​ជំនុំជម្រះ​នៅ​ដើមខែ​កញ្ញា​នេះ ខណៈ​កងកម្លាំងប្រដាប់អាវុធ​របស់​រដ្ឋាភិបាល ក៏បាន​បង្ហាញ​សកម្មភាព​បំភិតបំភ័យ​មកលើ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ជាទី​ដែល​លោក កឹម សុខា កំពុងស្នាក់នៅ​បណ្តោះអាសន្ន​នោះ​។​

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់ថា រឿងក្ដី​របស់​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​តុលាការ​កំពុង​ធ្វើ​ខុស​នីតិវិធី​ច្បាប់ និង​ខុសពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាង​ជាក់ស្តែង​។ លោក អេង ឆៃអ៊ាង បាន​ពន្យល់​ជុំវិញ​ករណី លោក កឹម សុខា ថា មុនដំបូង​តុលាការ​បាន​ព្យាយាម​ធ្វើ​ឲ្យ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក្លាយជា​ជនសង្ស័យ ហើយ​ក្រោយមក​ក៏​បង្វែរ​រឿង​ឲ្យ លោក កឹម សុខា ទៅជា​សាក្សី រួច​បន្ទាប់មកទៀត​ពីសា​ក្សី​ក៏​ព្យាយាម​បង្កហេតុ​ឲ្យ​ទៅជា​ករណី​បទល្មើស​ជាក់ស្ដែង ដើម្បី​ឲ្យ​លោក កឹម សុខា មាន​បទ​ចោទ​ដែល​មិនអាច​លើកលែង​ឲ្យ​បាន​នោះ​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា រឿងនេះ​ចាំបាច់​ពឹង​លើ​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជួយ​ស្រោចស្រង់​ពី​ស្ថានភាព​បច្ចុប្បន្ន ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​មានការ​ចរចា​នយោបាយ​។ មន្ដ្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ប្រាប់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកសារព័ត៌មាន​នៅ​ដើម​សប្តាហ៍​នេះ​ថា ជោគវាសនា​របស់ លោក កឹម សុខា ស្ថិតក្នុង​ដៃ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ ហើយ​លោក​បាន​រិះគន់​ករណី​លោក កឹម សុខា ថា​ជា​រឿង​នយោបាយ និង​អយុត្តិធម៌​។​

គួរ​បញ្ជាក់ថា គិត​ត្រឹម​ដើមខែ​កញ្ញា​នេះ មាន​រយៈពេល​ប្រមាណ​ជា​៣​ខែ​ហើយ ដែល លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ មិនបាន​ចុះ​ជួប​ប្រជាពលរដ្ឋ​ធ្វើ​សកម្មភាព​នយោបាយ​តាម​មូលដ្ឋាន​ដោយផ្ទាល់​នោះទេ ពោលគឺ​បានត្រឹមតែ​ជួប​ពលរដ្ឋ​នៅក្នុង​ទីស្នាក់ការ​បក្ស​ប៉ុណ្ណោះ ក្រោយពី​រង​បទ​ចោទ​បដិសេធ​ក្នុងការ​ចូលខ្លួន ចាប់តាំងពី​ថ្ងៃទី​២៦ ឧសភា ឆ្នាំ​២០១៦​មក​។ លោក កឹម សុខា បាន​រិះគន់ថា ចំណាត់ការ​របស់​តុលាការ​ថា​ស្ថិតនៅក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គាបសង្កត់​លោក និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បញ្ហា​នេះ​នឹង​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​៕

13925275_1434008503283111_2119947785449274311_n