អ្នក​ស្រី​សាស្ត្រាចារ្យ​ លី​ ណារី​ ​ទ្រាំ​រត់​​ដល់​ទី​ទាំង​ឈឺ​ជើង​ដើម្បី​ជា​គំរូ​​ល្អ​ដល់​អ្នក​ដទៃ​​

អ្នក​ស្រី​ លី​ ណារី​ ដែល​ជា​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ផ្នែក​រត់​មារ៉ាតុន​​បាន​​រត់​ដល់​ទី​ផ្ដាច់​ព្រ័ត្រ​ក្នុង​ចម្ងាយ​៤២​គីឡូម៉ែត្រ​នៃ​​​ការ​ប្រកួត​​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​​ប្រទេស​ប្រេស៊ីល​​ដើម្បី​​ទុក​ជា​​​គំរូ​ដល់​នារី​ខ្មែរ​ផ្សេង​ៗ​ឲ្យ​ស្រលាញ់​កីឡា​មារ៉ាតុន​​និង​បន្ដ​វេន​ពី​អ្នក​ស្រី។

 

កីឡា​ការិនី​វ័យ​ចំណាស់​ជាង​គេ​ លី​ ណារី​ បាន​ប្រាប់​ថា តាម​ពិត​ទៅ​​អ្នក​ស្រី​បាន​ឈឺ​ជើង​​ ហើយ​ទ្រាំ​រត់​ទាំង​ឈឺ​​​ដោយ​មិន​បោះបង់​ចោល​ការ​ប្រកួត​នៅ​ពាក់​កណ្តាល​ទី​​នោះ​​ទេ​គឺ​អ្នក​ស្រី​​ព្យាយាម​រត់​ឲ្យ​ដល់​ទី​ផ្តាច់​ព្រ័ត្រ​ដើម្បី​ទុក​ជា​​​​គំរូ​ល្អ​​ដល់​អ្នក​ដទៃ​ ជា​ពិសេស​ស្ត្រី​​ខ្មែរ​​​ដោយ​មិន​ព្រម​ចុះ​ចាញ់​ឧបសគ្គ​​និង​បោះបង់​ដោយ​ងាយ​ៗនោះ​ទេ។​

 

អ្នក​ស្រី​សាស្ត្រាចារ្យ​ លី​ ណារី​ ​ទ្រាំ​រត់​​ដល់​ទី​ទាំង​ឈឺ​ជើង​ដើម្បី​ជា​គំរូ​​ល្អ​ដល់​អ្នក​ដទៃ​​ អ្នកស្រី លី ណារី

 

អ្នក​ស្រី​បញ្ជាក់​ថា នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​​បណ្ដុះ​ចិត្ត​ស្ត្រី​​ខ្មែរ​ឲ្យ​ស្រលាញ់​កីឡា​មារ៉ាតុន​​សម្រាប់​តំណាង​កម្ពុជា​ចូល​រួម​ប្រកួត​ក្នុង​ឆាក​អន្តរជាតិ។ អ្នក​ស្រី​​ចង់​ឲ្យ​ប្រជាជន​ទូទាំង​ពិភពលោក​ស្គាល់​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​បង្ហារ​ទង់​ជាតិ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នៅ​ប្រេស៊ីល​នេះ។

 

«ចង់​ឲ្យ​គេ​គិត​ថា ​ខ្ញុំ​ចាស់​ប៉ុណ្ណឹង​អាច​នៅ​ធ្វើ​បាន ​ចុះ​ទម្រាំ​ពួក​គេ​នៅ​ក្មេង​​រឿង​អី​ធ្វើ​មិន​បាន​ឲ្យ​តែ​គេ​ចាប់​ផ្ដើម​ពី​ក្មេង​ទៅ​គេ​អាច​នឹង​ធ្វើ​បាន​ល្អ​ជាង​ខ្ញុំ​ទៅ​ទៀត»។ សម្ដី​​របស់​អ្នក​ស្រី​ លី​ ណារី បាន​លើក​ឡើង​ពី​តម្លៃ​នៃ​ការ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក​ ទោះ​មិន​​ឈ្នះ​មេដាយ​ក៏​ដោយ។

 

លី​ ណារី​ ជា​អត្តពលិក​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​​បាន​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្ដៅ​នៅ​ទីក្រុង​រីយ៉ូ​ ប្រទេស​ប្រេស៊ីល​​ ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។​ ក្រៅ​ជា​​អាជីព​​កីឡា​ អ្នក​ស្រី​ក៏​ជា​អ្នក​ស្រាវជ្រាវ​នៅ​ វិទ្យាស្ថាន​បាស្ទ័រ​កម្ពុជា​ និង​ជា​សាស្ត្រាចារ្យ​​នៅ​សាលា​សកលវិទ្យាល័យ​សុខាភិបាល​ផង​ដែរ៕

 

Sabay នឹង​បង្ហាញជូន ប្រវត្តិ​ពិស្តាររបស់​អ្នក​ស្រី លី ណារី ឆាប់ៗ

 

អត្ថបទ៖​ នួន​ ស៊ីណា​​​​​