ដុត​សភា​ហ្គា​បុ​ង​ក្រោយ​ការ​ប្រកាស​ជាប់​ឆ្នោត​ជា​ថ្មី​របស់​ប្រធានាធិបតី

សភា​ហ្គា​បុ​ង​នៅ​ទីក្រុង​លី​ប្រី​វី​ល​ត្រូវ​ភ្លើង​ឆាបឆេះ​កាលពី​យប់​ថ្ងៃ​ទី​៣១ សីហា ដោយសារ​ការ​ដុត​របស់​ពួក​បាតុករ​ដែល​ប្រមូលផ្តុំ​គ្នា​តាម​ដង​វិ​ថី បន្ទាប់​ពី​ការ​ប្រកាស​ពី​ការ​ជាប់​ឆ្នោត​ជា​ថ្មី​របស់​ប្រធានាធិបតី​លោក ALI BONGO ONDIMBA ។

សាក្សី​ទាំងឡាយ​អះអាង​ប្រាប់ AFP ថា អគារ​សភា​កំពុង​ត្រូវ​ភ្លើង​ឆាបឆេះ ។ អណ្តាតភ្លើង និង​ពពក​ផ្សែង​ខ្មៅ​បាន​ជះ​ឡើង​នា​ពេល​យប់​ពីលើ​វិមាន LEON MBA ។ ស្នូរ​កាំភ្លើង​បាន​លាន់ឮ​នា​ពេល​រាត្រី ខណៈ​បណ្តា​រថយន្ត​ដែល​ដឹក​ប៉ូលិស និង​ទាហាន​បើក​ចូល​រដ្ឋធានី ។ មនុស្ស​យ៉ាងតិច​៦​នាក់​បញ្ជូន​មក​មន្ទីរពេទ្យ ដោយ​រង​របួស ព្រោះ​គ្រាប់​កាំភ្លើង។ អ្នក​របួស​ភាគច្រើន​និយាយ​ថា ពួក​គេ​ត្រូវ​គ្រាប់កាំភ្លើង​របស់​កងកម្លាំង​ប៉ូលិស​ជិត​សភា ។

យោង​តាម​គណៈកម្មាធិការ​បោះ​ឆ្នោត​ថា ប្រធានាធិបតី​ចប់​អាណត្តិ​អាយុ​៥៧​ឆ្នាំ បាន​ជាប់​ឆ្នោត​ជា​ថ្មី​សម្រាប់​អាណត្តិ​ទី​២ រយៈពេល​៧​ឆ្នាំ ជាមួយ​សំឡេង​ឆ្នោត​៤៩,៨០% ឈ្នះ​គូប្រជែង​លោក JEAN PING អាយុ​៧៣​ឆ្នាំ ដែល​ទទួល​បាន​សំឡេង​៤៨,២៣% ។ ការ​ឈ្នះ​ឆ្នោត​នោះ​មាន​សំឡេង​ខុស​គ្នា​ត្រឹម​៥.៥៩៤​សំឡេង ក្នុង​ចំណោម​អ្នកបោះឆ្នោត​សរុប​៦២៧.៨០៥​នាក់ ក្នុង​ប្រទេស​ប្រេងកាត​តូច​នោះ​ដែល​មាន​ប្រជាជន​ត្រឹម​១,៨​លាន​នាក់ ៕