ទើប​ចេញពីផ្ទះ បុក​រះ​ក្រឡាប់​ផ្ងារជើង​ខ្លួនឯងឡើង​លើ​

រាជធានី​ភ្នំពេញ ៖ រថយន្ត​មែរ​សឺ​ដេ​ស S500 ដ៏​ទំនើប​១​គ្រឿង​ខណៈ​ទើប​បើក​ចេញពីផ្ទះ​បាន​បន្តិច​ស្រាប់តែ​បុក​រះ​រថយន្ត​២​គ្រឿង​រហូត​ផ្ទុះ​ពោង​សុវត្ថិភាព និង​ក្រឡាប់​ផ្ងា​ជើង​ឡើង​លើ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង​៤៥ នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៦៣(​ត្រសក់ផ្អែម​) កែង​និង​ផ្លូវ​លេខ​១៧៨ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​មែ​សឺ​ដេ​ស S500 ពណ៌​ខ្មៅ អត់​ស្លាក​លេខ​១​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ដែល​មាន​មាឌធំ អាយុប្រមាណ​ជាង​៣០​ឆ្នាំ ដោយ​មាន​ចៅហ្វាយនាយ​២​នាក់​ប្តី​ប្រពន្ធ​ជិះ​នៅ​ខាងក្រោយ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង  ដោយ​ទើបតែ​បើក​ចេញពីផ្ទះ​របស់​ចៅហ្វាយ​ដែល​នៅ​លើ​ផ្លូវ​លេខ​១៧៨​ក្បែរ​កន្លែង​កើតហេតុ​នោះ តែ​ដោយសារ​អ្នកបើកបរ​មាន​ជំងឺលើសឈាម​ប្រចាំ​កាយ ស្រាប់តែ​ធ្វើទុក្ខ​ភ្លាម​ៗ និង​មាន​អាកា​រៈ​ងងឹតមុខ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​រេ​ចង្កូត​ទៅ​បុក​រះ​រថយន្ត​ម៉ា​កតា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2AF-0799 មួយ​គ្រឿង​ពី​ចំហៀង​ផ្នែក​ខាងក្រោយ​ឲ្យ​ពិត​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​រថយន្ត​ក៏​បាន​រំកិល​ទៅ​មុខ​ទៅ​ប៉ះ​នឹង​រថយន្ត​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ស ១​គ្រឿង​ទៀត​កំ​ពិត​កាង​ក្រោយ​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពេល​ដែល​រថយន្ត​មែរ​សឺ​ដេ​ស​នោះ​បាន​ទៅ​បុក​រះ​រថយន្ត​ទាំង​២​គ្រឿង​រួច​ហើយ ក៏​បាន​ខា្ទ​ត និង​ក្រឡាប់​ខ្លួនឯង​ផ្ងារជើង​ឡើង​លើ ដោយ​អ្នក​ជិះ​ខាងក្នុង​រថយន្ត​ទាំង​៣​នាក់​ជាប់​នៅ​ខាងក្នុង​រថយន្ត ត្រូវ​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​ដែល​នៅ​ក្បែរ​នោះ​នាំ​គ្នា​ជួយ​លើក​រថយន្ត​ដើម្បី​ធ្វើការ​សង្គ្រោះ​មនុស្ស​ដែល​ជាប់​នៅ​ខាងក្នុង​នោះ​យក​ចេញ​បាន​ភ្លាម​ៗ​ទាន់​ពេលវេលា ។ ដោយ​រថយន្ត​មែរ​សឺ​ដេ​សបាន​ផ្ទុះ​ពោង និង​តួ​រថយន្ត​ទាំងមូល​កំ​ពិត បែក​កញ្ចក់​រង​ការ​ខូ​ត​ខាត​យ៉ាងដំណំ ចំណែក​បុរស​ជា​អ្នកបើកបរ​សន្លប់​បាត់ស្មារតី​រង​របួសធ្ងន់ សំណាងល្អ​ចៅហ្វាយនាយ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ដែល​អង្គុយ​នៅ​ខាងក្រោយ​នោះ​ពុំ​បាន​ទទួល​រង​នូវ​គ្រោះថ្នាក់​ឡើយ ។

ក្រោយ​ពេល​កើយ​ហេតុ បុរស​ជា​អ្នកបើកបរ​ត្រូវ​បាន​គេ​បញ្ជូន​តាម​រថយន្ត​ផ្ទាល់ខ្លួន​១​គ្រឿង​ទៀត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែកឯ​រថយន្ត​ទាំង​២​គ្រឿង​ដែល​រង​ការ​ខូចខាត​ត្រូវ​បាន​ភាគី​ខាង​រថយន្ត​មែរ​សឺ​ដេ​សយ​ក​ទៅ​ធ្វើការ​ជួសជុល​ឲ្យ​ដើម្បី​ជា​ការ​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕