​ទម្លាប់​អាន​សៀវភៅ​​​​រឿង​​​ឲ្យ​ស្ដាប់​មុន​ចូល​គេង​ ធ្វើ​ឲ្យក្មេងៗ​​មានខួរក្បាលល្អ

ការ​អាន​សៀវភៅ​​​រឿង​និទាន​​ឲ្យ​ក្មេង​ៗ​​ស្ដាប់​​​នៅ​មុន​ពេល​ពួក​គេ​ចូល​គេង ឬ​ Bedtime Story ជា​ទម្លាប់​​ពេញ​និយម​មួយ​​​​​របស់​ឪពុក​ម្ដាយ នៅ​​បណ្ដា​ប្រទេស​ជឿន​លឿន​ ​​ជា​ពិសេស​ដូច​ជា​នៅ​​អឺរ៉ុប និង​សហរដ្ឋអាមេរិក។

 

​ទម្លាប់​អាន​សៀវភៅ​​​​រឿង​​​ឲ្យ​ស្ដាប់​មុន​ចូល​គេង​ ធ្វើ​ឲ្យក្មេងៗ​​មានខួរក្បាលល្អ

 

ដោយ​ឡែក​បើ​ក្រឡេក​​មក​មើល​ប្រទេស​កម្ពុជា​​វិញ គេ​សង្កេត​ឃើញ​​ថា​ទម្លាប់​ខាង​លើ​ពុំ​ទាន់​មាន​ការ​ពេញ​និយម​ដូច​បណ្ដា​ប្រទេស​លោក​ខាង​លិច​នោះ​ទេ។ ប៉ុន្តែឪពុកម្ដាយ និងអាណាព្យាបាលមួយចំនួន បានចាត់ទុកថា វា​ជា​សកម្មភាព​ល្អ អាចឲ្យ​ក្មេង​កើន​ប្រាជ្ញា មានខួរក្បាល​ល្អ។

 

សម្រាប់​អ្នក​ស្រី​ រ៉ិត ចាន់ណារី​ ដែល​មាន​កូន​​តូច​ៗ​ពីរ​នាក់ គឺ​កូន​​ស្រី​បង​អាយុ​៧​ឆ្នាំ និង​កូន​ប្រុស​តូច​អាយុ​១​ឆ្នាំ​ បាន​ឲ្យ​ដឹង​ថា​​ ម្ដង​ម្កាល​ អ្នក​ស្រី​​អាន​​សៀវភៅ​​​រឿង​ឲ្យ​កូន​ៗ​ស្ដាប់។ ប៉ុន្តែ​ជា​ទម្លាប់​​នៅ​ពេល​ល្ងាច​មុន​ពួក​គេ​ចូល​គេង លោក​ស្រី​តែង​​បង្រៀន​ ​​​​​អក្សរ​ លេខ​ដល់​កូន​ស្រី​បង និង​ឲ្យ​សៀវភៅ​រឿង​ដែល​បាន​​ទិញ​​​​ឲ្យ​គេ​អាន​ដោយ​ខ្លួន​​ឯង។

 

នៅ​ពេល​សួរ​ថា ​យល់​យ៉ាង​ណា​ចំពោះ​ទម្លាប់​អាន​សៀវភៅ​​​​រឿង​​​ឲ្យ​ក្មេង​ៗ​ស្ដាប់​មុន​ចូល​គេង? ​អ្នក​គ្រូ​បង្រៀន​​ថ្នាក់​បឋម​សិក្សា​នៅ​​សាលា​បឋម​​សិក្សា​ស្ពាន​ដែក​ ខេត្ត​កំពង់​ឆ្នាំង​រូប​នេះ​បាន​និយាយ​ថា៖ “​គឺ​ចង់​ឲ្យ​​​​មាន​ទម្លាប់​បែប​នោះ ព្រោះ​​អី​អាច​ធ្វើ​ឲ្យ​ក្មេង​ៗ​ដឹង​​​រឿង​រ៉ាវ​ច្រើន​ពី​ការ​អាន​រឿង​​ឲ្យ​ស្ដាប់​នោះ និង​មាន​ទម្លាប់​ចូល​ចិត្ត​អាន​ មាន​ខួរ​ក្បាល​ល្អ។ សម្រាប់​ អា​អូន​ក្រោយ បង​តែង​ឲ្យ​​លេង​សៀវភៅ​ ទោះ​បី​គេ​មិន​អាច​អាន​​បាន​ក៏​ដោយ”​​។

 

ងាក​ទៅ​ស្ដាប់​កញ្ញា ស្រី​លីន បុគ្គលិក​​​​​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន​​​មួយ​នៅ​ភ្នំពេញ​​ ​​បាន​ប្រាប់​ថា​ខ្លួន​មិន​​សូវ​ជា​បាន​​អាន​​សៀវភៅ​​រឿង​ ឲ្យ​ក្មួយ​ៗ​ស្ដាប់​នោះ​ទេ។

 

តែ​យ៉ាង​ណា​មិញ អ្នក​មក​ពី​​ខេត្ត​កំពត​រូប​នេះ​បាន​បាន​លើក​ឡើង​ពី​​មតិ​ផ្ទាល់​ខ្លួន​​លើ​ទម្លាប់​នៃ​ការ​អាន​រឿង​​នោះ​ថា ៖ “ខ្ញុំ​គិត​ថា​ល្អ ព្រោះ​អី​ សៀវភៅ​រឿង​មួយ​​ៗ មិន​ថា​រឿង​​កំប្លែង ឬ​រឿង​និទាន វា​មាន​​បញ្ចូល​គំនិត​អប់រំ​​ច្រើន។ ក្មេង​ៗ​គេ​អាច​យល់​​នូវ​អ្វី​ដែល​យើង​​​ចង់​និយាយ​អប់រំ​​ប្រាប់​គេ គេ​អាច​ធ្វើ​តាម​តួអង្គ​​ណា​មួយ​ដែល​គេ​ចូល​ចិត្ត​ក្នុង​រឿង។ ហើយ​មួយ​វិញ​ទៀត​ យើង​អាច​ចំណាយ​ពេល​នៅ​ក្បែរ​ក្មេង​ៗ​បាន​​ច្រើន ព្រោះ​​ជួន​កាល​ក្មេង​ត្រូវ​ការ​​ពេល​យើង​នៅ​ក្បែរ​​គេ​បាន​ច្រើន”។

 

​ទម្លាប់​អាន​សៀវភៅ​​​​រឿង​​​ឲ្យ​ស្ដាប់​មុន​ចូល​គេង​ ធ្វើ​ឲ្យក្មេងៗ​​មានខួរក្បាលល្អ

 

កញ្ញា​​​ ចរិយា និស្សិត​ឆ្នាំ​ទី​៤ រៀន​ផ្នែក​គីមី​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​សព្វ​ថ្ងៃ​​នៅ​ជា​មួយ​ក្មួយ​ស្រី​តូច​ៗ​ពីរ​នាក់ បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​រវល់​​កិច្ចការ​រៀន​សូត្រ ប៉ុន្តែ​​ពេល​ទំនេរ​​​​កញ្ញា​ក៏​​​ឆ្លៀត​ចំណាយ​ពេល​ជា​មួយ​ក្មួយ ​អាន​សៀវភៅ​រឿង​ឲ្យ​​ពួក​គេ​ស្ដាប់​បាន​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​​ផង​ដែរ ​​ដែល​ជា​សៀវភៅ​នោះ​ជា​​រឿង​កំប្លែង​ និង​រឿង​និទាន​បែប​អប់រំ​​។

 

​​​និស្សិត​ឆ្នាំ​ទី​៤​រូប​នេះ​​បាន​​លើក​ឡើង​​ទស្សនៈ​ផ្ទាល់​ខ្លួន​ ចំពោះ​ទម្លាប់​នោះ​ថា៖ ” ខ្ញុំ​គិត​ថា ទម្លាប់​​អាន​​រឿង​ឲ្យ​ក្មេង​ស្ដាប់​មុន​ចូល​គេង​រាល់​ថ្ងៃ​ចឹង​គឺ​ល្អ​មែន​ទែន ព្រោះ​​អាច​ជួយ​​ឲ្យ​ក្មេង​ៗ​ចេះ​គិត ហើយ​មួយ​ទៀត​វា​ក៏​ពង្រីក​​​ចំណេះ​ដឹង​​ដល់​ពួក​គេ​ផង​ដែរ”។

 

យោង​ទៅ​តាម​​​​​ការ​ស្រាវជ្រាវ​​​ជា​ច្រើន​​សុទ្ធ​​តែ​បង្ហាញ​​ឲ្យ​ដឹង​ថា ទម្លាប់​នៃ​ការ​អាន​សៀវភៅ​រឿង​​​​ឲ្យ​កុមារ​ស្ដាប់​ពិត​ជា​​​ជួយ​អភិវឌ្ឍ​ខួរ​ក្បាល​​ពួក​គេ​​បាន​ប្រសើរ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​​អង់គ្លេស The Guardian ។

 

ការ​ស្រាវជ្រាវ​មួយ​របស់​លោក​សាស្ត្រាចារ្យ​ Barry Zuckerman ​ខាង​ជំនាញ​ពេទ្យ​​កុមារ​នៃ​​សកលវិទ្យាល័យ​ Boston សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ថា​ ការ​អាន​​សៀវភៅ​រឿង​ឲ្យ​កុមារ គឺ​​មិន​ត្រឹម​តែ​​ជួយ​អភិវឌ្ឍ​ខួរ​ក្បាល​កុមារ​​​ឲ្យ​ចង​ចាំ​​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​ពួក​គេ​​ចេះ​គិត​ពិចារណា និង​មាន​គំនិត​ផ្នែក​សង្គម​ច្រើន ព្រម​ទាំង​​ជួយ​ពួក​គេ​​ត្រៀម​ខ្លួន​​បាន​​ល្អ​មុន​ពេល​ចូល​​សាលា​រៀន​ផង​ដែរ៕​​​​​​​​

 

ចុចអាន៖  រៀប​ការ​ហើយ គួរ​ឆែក​កាបូប​ប្ដី​ឬ​អត់?

 

អត្ថបទ៖ មាន រតនា​ ​​

​​​​​​​​​​