ប៉ិច បូឡែន៖ ចាប់ផ្តើមអាជីវកម្មជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗបី

ការ​ចាប់​ផ្ដើម​អាជីវកម្ម​មួយ​​ជោគ​ជ័យ​គឺ​ត្រូវ​ពឹង​ផ្អែក​លើ​កត្តា​បី​យ៉ាង​ រួម​មាន ការ​ស្រឡាញ់​ ការ​យល់​ដឹង​លើ​អ្វី​ដែល​យើង​ចង់​ធ្វើ និង​សមត្ថភាព​គៀង​គរ​មនុស្ស​ឲ្យ​ចូល​រួម។​ នេះ​ជា​ការ​លើកឡើង​របស់​វាគ្មិ​ន លោក ប៉ិច​ បូឡែន​ ក្នុង​សិក្ខា​សាលា​ ​«ការ​ចាប់​ផ្ដើម​អាជីវកម្ម​ដ៏​ឆ្លាត​វៃ»​​ កាលពីម្សិលមិញ។​

 

ប៉ិច បូឡែន៖ ចាប់ផ្តើមអាជីវកម្មជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗបី

 

​វាគ្មិនដែលជាអគ្គ​នាយក​ក្រុម​ហ៊ុន​វេស​ឡាញ​គ្រុប ​ដែល​រួម​មាន​ក្រុមហ៊ុន​ចំនួន​៨​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​រូប​នេះ​បាន​ថ្លែង​ថា៖
 

ទី​១​ ក្ដី​ស្រលាញ់៖​​​ វា​គឺ​ជា​រឿង​សំខាន់។​ “ឧទាហរណ៍​ថា​​អ្នក​ខ្លះ​គាត់​ចេញ​រក​ស៊ី​ គឺ​ដើម្បី​លុយ​តែ​មួយ​មុខ អញ្ចឹង​​​ពេល​គាត់​ចាប់​ផ្ដើម​ដោយ​ខាត​ត្រឹម​ប្រហែល​បី​ខែ​អី​ហ្នឹង ពួក​គាត់​ក៏​បិទ​ភ្លាម​។​ នេះ​គឺ​ជា​ការ​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ក្ដី​ស្រឡាញ់​ ហើយ​គ្មាន​អ្វី​ដែល​ជំរុញ​គាត់​ឲ្យ​តស៊ូ​។​ ក្រោយ​មក​ពេល​ឃើញ​គេ​បើក​អ្វី​ថ្មី​មួយ​ទៀត​ គាត់​ក៏​ទៅ​បើក​ដែរ​​ ទៅ​បាន​មួយ​រយៈ​ខ្លី​ក៏​ឈប់​ទៀត ​គាត់​នឹង​​បរាជ័យ​ព្រោះ​គាត់​កំពុង​រត់​តាម​លុយ​”។​
​ការ​​មាន​ក្ដី​ស្រឡាញ់​លើ​អាជីវកម្ម​បាន​ន័យ​ថា ​យើង​ហ៊ាន​​លះ​បង់​ ស្រឡាញ់​ និង​ព្យាយាម​ដើម្បី​វា ​ព្រោះ​វា​ជា​ជីវិត​របស់​យើង​​ វា​ជា​បេសកកម្ម​របស់​យើង ​មិន​មែន​ថា​ខាត​តិច​តួច​ពេល​ដំបូង​ ក៏​បោះ​បង់​ក្ដី​ស្រមៃ​នោះ​ទេ​។​ ក្ដី​ស្រឡាញ់​នឹង​ធ្វើ​ឲ្យ​យើង​ចេះ​រៀប​គម្រោង​និង​សម្លឹង​មើល​បាន​វែង​ឆ្ងាយ។​

 

ទី​២​ ​យល់​ដឹង​នូវ​អ្វី​ដែល​យើង​ចង់​ធ្វើ​ឲ្យ​ច្បាស់៖ ត្រូវ​មាន​ជំនាញ​ និង​ចំណេះ​ដឹង​ឲ្យ​គ្រប់​គ្រាន់​លើ​អ្វី​ដែល​យើង​ចង់​ធ្វើ ព្រោះ​ថា​​បើ​យើង​មាន​តែ​ក្ដី​ស្រឡាញ់​មួយ​មុខ​ តែ​គ្មាន​ចំណេះ និង​បទពិសោធន៍​ ​នោះ​អាជីវកម្ម​របស់​យើង​នឹង​ទទួល​បរាជ័យ​មិន​ខាន។ ​បើ​អ្នក​គិត​ថា​អ្នក​នៅ​ខ្វះ​បទ​ពិសោធន៍​​ អ្នក​គួរ​ចូល​ធ្វើ​ការ​នៅ​កន្លែង​ដែល​អ្នក​អាច​រៀន​សូត្រ​ពី​វិស័យ​នោះ​សិន​ ឬ​ក៏​អាច​សេព​គប់​មិត្ត​ភក្ដិ​ក្នុង​វិស័យ​នោះ​​ រួច​រៀន​ពី​គេ​ បូក​រួម​ទាំង​ការ​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ឲ្យ​បាន​ច្រើន។​​​​​

 

ទី៣​ សមត្ថភាព​ក្នុង​ការ​គៀង​គរ​គេ​ឲ្យ​ចូល​ធ្វើ​ការ​ជា​ក្រុម​ជា​មួយ​យើង៖​ នេះ​ក៏​ដោយ​សារ​តែ​យើង​មិន​អាច​ធ្វើ​អ្វី​ឥត​ខ្ចោះ​តែ​ម្នាក់​ឯង​នោះ​ទេ​។​ ​ឧទាហរណ៍​ថា​ពេល​ខ្លះ​យើង​ពូកែ​ខាង​ទី​ផ្សារ​ តែ​បែរ​ជា​ខ្សោយ​ខាង​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ ដែល​ចាំ​បាច់​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ផ្សេង។​ ដូចនេះ​បើ​យើង​ដឹង​ថា​យើង​ខ្វះ​អ្វី​ហើយ​ យើង​ត្រូវ​ឆ្លាត​ក្នុង​ការ​ទាក់​ទាញ​អ្នក​ចេះ​មក​ធ្វើ​ការ​ជា​មួយ​យើង​ដើម្បី​សម្រេច​គោល​ដៅ​ធំ​។​
 

​វាគ្មិន​ដែល​មាន​បទពិសោធន៍​ជោគ​ជ័យ​ក្នុង​អាជីវកម្ម​ជាង​១០​ឆ្នាំ​​មក​នេះ​ក៏​​បាន​បញ្ជាក់​ដែរ​​ថា​ កម្ពុជា​គឺ​ជា​ដែន​ដី​មាស​នៃ​ឱកាស​​ ប៉ុន្តែ​កុំ​ចេះ​តែ​រើស​ ដោយ​គ្មាន​ការ​ផ្ដោត​លើ​អ្វី​មួយ​ពិត​ប្រាកដ​។​ បើ​យើង​ស្រឡាញ់​អ្វី​មួយ​ត្រូវ​ផ្ដោត​លើ​ផ្នែក​នោះ​ឲ្យ​ច្បាស់​ខ្លួន​ឯង​ ហើយ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ អ្វី​ដែល​យើង​ធ្វើ​នឹង​រួម​ចំណែក​បង្កើត​អ្វី​ថ្មី​សម្រាប់​ប្រទេស​យើង៕

 

អត្ថបទៈ យ៉ារិទ្ធ