ដល់​ជុំ ម៉​ន ចាន់​ដា​រ៉ា និង​ឆៃ សា​រ៉ា ប៉ះ​ថៃ​លើ​រេញ​ខា​រ៉ា​បាវ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​បរាជ័យ​ក្រោម​ដៃ​កីឡាករ​ថៃ​ព្រម​គ្នា​កាលពី​ជុំ​សន្សំ​ពិន្ទុស​ប្ដា​ហ៍​ទី​១ នៅ​ថ្ងៃ​សៅរ៍​ទី​៣ កញ្ញា​នេះ ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​រវាង​កីឡាករ​ម៉​ន ចាន់​ដា​រ៉ា និង​ឆៃ សា​រ៉ា របស់​កម្ពុជា ជាមួយ​កីឡាករ​ថៃ​ក្នុង​ជុំ​ទី​២​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់់​ក្រុមហ៊ុន​ខា​រ៉ា​បាវ​នឹង​ដល់​ទៀត​ហើយ​។ ការ​ប្រកួត​លើក​នេះ បើ​គេ​នៅ​តែ​ចាញ់​គឺ​មាន​ន័យ​ថា​ឱកាស​ឈាន​ឡើង​នៅ​មិន​ទាន់​បាត់បង់​ទេ បើ​ទោះជា​កីឡាករ​ឌុ​ម កែវ​ដា បាន​ក្លាយជា​បេក្ខភាព​របស់​កម្ពុជា​ដែល​មាន​៣​ពិន្ទុ​មុនគេ​។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធីប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា ការ​ប្រដាល់​ដែល​មានឈ្មោះ​ថា «​ប្រដាល់​អន្តរជាតិ ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​»​កាន់តែ​ទាក់ទាញ​ទ្វេ​ដង​បន្ទាប់​ពី​ការ​បើក​ប្រកួត​ក្នុង​ស​ប្ដា​ហ៍​ទី​៣​នេះ គឺ​កីឡាករ​កម្ពុជា​នឹង​ត្រូវ​គេ​ចាំ​អ៊ុត​មើល​ថា​នឹង​អាច​សម្រេច​គោលដៅ​ឬ​យ៉ាងណា ក្នុង​ពេល​កីឡាករ​ថៃ​ដណ្ដើម​បាន​ពិ​ន្ទ​នាំមុខ​កម្ពុជា​ក្នុង​ចំណោម​៤​រូប ។ លោក​ថា ព្រឹត្តិការណ៍​នេះ​ប្រជុំ​ដោយ​វត្តមាន​កីឡាករ​វ័យក្មេង និង​សុទ្ធតែ​ខ្លាំង​ជា​ពិសេស​គឺ​កីឡាករ​ថៃ​សុទ្ធតែ​មាន​សមត្ថភាព​សម្រាប់​ប្រភេទ​ទម្ងន់ ៦៣,៥​គីឡូក្រាម ។ លោក​បន្ត​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​កីឡាករ​សរុប​ចំនួន​៨​រូប​ដូច​ជា​ម្ចាស់​ខ្សែក្រវាត់ K-Cement ឆៃ សា​រ៉ា មក​ពី​ក្លិប​ក្រសួង​ការ​ពារ​ជាតិ កីឡាករ​ម៉​ន ចាន់​ដា​រ៉ា មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ព​ជើងគោក ដែល​បាន​ចាញ់​ការ​ប្រកួត​រួច​ទៅ​ហើយ កីឡាករ រឿ​ម វណ្ណៈ មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​បន្ទាយ​មាន​ជ័យ និង​កីឡាករ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ។ សម្រាប់​កីឡាករ​ថៃ​រួម​មាន​កីឡាករ Aram Boy  កីឡាករ Pha Yaklek កីឡាករ Pravit និង​កីឡាករ Yort  Sayam​។ នៅ​រសៀល​ម៉ោង​២​ដែល​នឹង​ចាប់ផ្ដើម​ប្រកួត​សន្សំ​ពិន្ទុ​ស​ប្ដា​ហ៍​ទី​៣​បើក​ឆាក​នៅ​ប៉ុន្មាន​ម៉ោង​ដ៏​ខ្លី​នេះ កីឡាករ​៤​រូប​នឹង​ឡើង​ប្រកួត​គ្នា ។ លោក​ថា ព្រឹត្តិការណ៍​ប្រដាល់​ខា​រ៉ា​បាវ​​នេះ​កីឡាករ​កម្ពុជា និង​ថៃ​ដ្បិតថា​ឈរ​ពូ​ល​ផ្សេង​គ្នា ប៉ុន្តែ​ពួក​គេ​ត្រូវ​ប្រកួត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ទើប​ប្រមូល​ពិន្ទុ​ដើម្បី​ជ្រើស​យក​កីឡាករ​ថៃ និង​កីឡាករ​កម្ពុជា​ដែល​មាន​ពិន្ទុ​ខ្ពស់​ក្នុង​ពូ​ល​រៀងខ្លួន​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​។

សមាសភាព​អ្នក​មានមុខ​ឡើង​ប្រកួត​បើក​ឆាក​ថ្ងៃនេះ​រួម​មាន ម៉​ន ចាន់​ដា​រ៉ា ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Aram Boy និង​កីឡាករ​ជា​ម្ចាស់​ក្រវាត់ K-Cement ឆៃ សា​រ៉ា ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Pha Yaklek ។ ជំនួប​រវាង​ពួក​គេ​សុទ្ធតែ​មាន​អ្នកគាំទ្រ​រៀងខ្លួន​យល់​ថា​នឹង​អាច​ដណ្ដើម​បាន​៣​ពិន្ទុ​មុន​មិន​ខុស​គ្នា ដោយសារ​តែ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​មាន​ក្រេ​ឌី​ត​មិន​ណ​យ​ដូច​គ្នា ។ ទោះបី​យ៉ាងណា មានការ​ទុកចិត្ត​ចំពោះ​កីឡាករ​កម្ពុជា​មិន​ច្រើន​ដូច​មុន​នោះ​ទេ បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក​ក្នុង​ព្រឹត្តិការណ៍​ខា​រ៉ា​បាវ ពួក​គេ​សុទ្ធតែ​ចាញ់​កីឡាករ​ថៃ ។ សម្រាប់​គូ ម៉​ន ចាន់​ដា​រ៉ា ភាគច្រើន​មាន​សង្ឃឹម​មិនសូវ​ខ្ពស់​ទេ​ថា​នឹង​ទាញ​បាន​៣​ពិន្ទុ​នៅ​ថ្ងៃ​សៅរ៍​នេះ ផ្អែក​តាម​លទ្ធភាព​របស់​កីឡាករ​ថៃ​គឺ​មិនធម្មតា​នៅ​លើ​សង្វៀន ។ អ្នកគាំទ្រ​ខ្លះ​មិន​យល់​ដូច្នោះ​នោះ​ទេ បន្ទាប់​ពី​កីឡាករ ម៉​ន ចាន់​ដា​រ៉ា ក៏​មាន​ប្រវត្តិ​បំបាក់​កីឡាករ​ថៃ​ខ្លាំង​ៗ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​រាប់​មិន​អស់​ដូច​គ្នា ។ គេ​ជឿជាក់​ថា​ការ​បរាជ័យ​រក​មិន​បាន​៣​ពិន្ទុ​នៅ​ជុំ​បើក​ឆាក អាច​ជា​ការ​កើត​ចេញពី​ការ​ភ្លាត់ស្នៀត​ច្រើន​ជាង​បច្ចេកទេស ។ ក្រុម​អ្នក​យល់​ឃើញ​បែប​នោះ គិត​ថា ម៉​ន ចាន់​ដា​រ៉ា នឹង​មិន​យកមុខ​មាត់​ទៅ​ចាក់ចោល​កណ្ដាល​រេញ​ខា​រ៉ា​បាវ​នៅ​ជុំ​ទី​២​នោះ​ឡើយ ដ្បិត​បើ​ចាញ់​មួយ​ប្រកួត​ទៀត គឺ​ទោះជា​នៅ​មាន​សង្ឃឹម ក៏​សង្ឃឹម​មិន​ច្រើន ។ កីឡាករ ម៉​ន ចាន់​ដា​រ៉ា ធ្លាប់​ប្រកួត​បាន​៦២​លើក ឈ្នះ​៥០​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ប្រកួត​បាន​រហូត​ដល់​៦៨​លើក ឈ្នះ​៥៥​លើក និង​ចាញ់​១៣​លើក​។

មួយគូ​ទៀត​គឺជា​ជំនួប​រវាង​កីឡាករ ឆៃ សា​រ៉ា និង​កីឡាករ​ថៃ​ឈ្មោះ Pha Yaklek ។ គូ​នេះ​ក៏​មាន​អ្នក​ទាយ​មិន​ខុស​គ្នា​នោះ​ដែរ បន្ទាប់​ពី​កីឡាករ​កម្ពុជា​រក​មិន​បាន​៣​ពិន្ទុ​ក្នុង​ជុំ​ដំបូង​។

ឆៃ សា​រ៉ា ដ្បិតថា​ក្មេង និង​ខ្ចី​បទ​ពិសោធន៍  តែ​គេ​ជា​ម្ចាស់​ខ្សែក្រវាត់ គឺ​មិន​គួរ​ប្រកួត​២​លើកយក​៣​ពិន្ទុ​មិន​បាន​ពី​ថៃ​នោះ​ទេ​។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៦៩​លើក ឈ្នះ​៥៨​លើក និង​ចាញ់​១១​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​៦០​លើក ឈ្នះ​៤៨​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ៕