វេជ្ជបណ្ឌិត​នៅ​កាល់​ម៉ែ​ត​ថា សន្លប់​៨​នាក់​មិនមែន​ពុល​ស្រា​បៀរ​លាយ​កាហ្វេ​ក្លែម​ខារ៉ាអូខេ​នោះ​ទេ

វេជ្ជបណ្ឌិត​នៅ​កាល់​ម៉ែ​ត​ថា សន្លប់​៨​នាក់​មិនមែន​ពុល​ស្រា​បៀរ​លាយ​កាហ្វេ​ក្លែម​ខារ៉ាអូខេ​នោះ​ទេ



រាជធានី​ភ្នំពេញ ៖ មនុស្ស​ស្រី​ប្រុស​ចំនួន​៨​នាក់​បាន​ពុល​ដួល​សន្លប់ បន្ទាប់​ពី​ផឹកស្រា​បៀរ រាំ​លេង​នៅ​ក្នុង​ក្លិប​កម្សាន្ត​ញូ​វ​ហ្សេ​លែ​ន ស្ថិត​នៅ​កែង​ស្តុ​ប​ផ្សារ​មាន់​អាំង ផ្លូវ​លេខ​៣១៥ ភូមិ​៧ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ហើយ​អ្នក​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អោយ​ដឹង​ថា ពួក​គេ​ប្រើប្រាស់​សារជាតិ​អ្វី​ម្យ៉ាង​ហួស​កម្រិត ទើប​បណ្តាល​អោយ​សន្លប់​ធ្ងន់​បែប​នេះ ។

ការ​ដួល​សន្លប់​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣០ សីហា ប៉ុន្តែ​ភ្លាម​ៗ​នោះ ម្ចាស់​ក្លិប​និង​អ្នក​មើល​ការ​ខុស​ត្រូវ​មិន​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឡើយ គឺ​ព្យាយាម​លាក់បាំង ។ ​លុះ​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៣១ សីហា ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​នៅ​ពេល​រសៀល​សមត្ថកិច្ច​បាន​ចុះ​ទៅ​សួរនាំ ។

ប្រភព​ពី​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​តម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ កញ្ញា ២០១៦ នេះ​ថា ជន​រង​គ្រោះ​ប្រុស​-​ស្រី​ចំនួន​៨​នាក់ ដែល​ពុល​រហូត​ដល់​សន្លប់ នៅ​ក្នុង​ខារ៉ាអូខេ «​ញូ​វ​ហ្សឺ​លែ​ន​» ក្បែរ​ផ្សារ​មាន់​អាំង​មាន ហើយ​ត្រូវ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត គឺ​កំពុង​បន្ត​ដាក់​ស្នប់​ខ្យល់​សិប្បនិមិត្ត ដើម្បី​ជំនួយ​ក្នុង​ការ​ដកដង្ហើម​នៅឡើយ ក្នុង​នោះ​ជន​រង​គ្រោះ​៦​នាក់ ត្រូវ​បញ្ជូន​ទៅ​អគារ​រ៉េ​អា​បេ ដើម្បី​សង្គ្រោះ​បន្ទាន់ ដែល​ពួក​គេ​មិន​ទាន់​អាច​និយាយ​បាន​នៅឡើយ ទាល់តែ​យើង​យកដៃ​ក្តិច​សាច់ ទើប​គេ​បើកភ្នែក​ឡើង ។ រីឯ​ដៃជើង មិន​អាច​លើក​បាន​ឡើយ ហើយ​ក៏​មិន​ទាន់​ដឹងខ្លួន​ស្រួល​ដែរ ។ និយាយ​ជា​រួម ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ត្រូវការ​ស្នប់​ខ្យល់​ដាក់​ជំនួយ មិន​អាច​អត់​បាន​ឡើយ​នា​ពេល​នេះ ។

លោក​វេជ្ជបណ្ឌិត​បន្ត​ឱ្យ​ដឹង​ថា «​បើសិនជា​ទាំង​៨​នាក់ ដែល​ត្រូវ​គេ​អះអាង​ថា បាន​ពុល​កាហ្វេ​លាយ​ស្រា​បៀរ​ABC នោះ វា​មិន​អាច​នោះ​ទេ ព្រោះ​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ គឺ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​បំផុត​ទៅ​ហើយ ដោយ​ម្នាក់​ៗ ជិត​ដាច់ខ្យល់​ទៅ​ហើយ ។ ដូច្នេះ​ទាមទារ​ឱ្យ​គ្រូពេទ្យ ត្រូវ​តែ​ដាក់​ស្នប់​ខ្យល់ ជា​ជំនួយ​ក្នុង​ដកដង្ហើម តែ​អាច​ថា ពួក​គេ​ប្រើប្រាស់​សារជាតិ​អ្វី​ម្យ៉ាង​ហួស​កម្រិត ទើប​បណ្តាល​ឱ្យ​សន្លប់​ធ្ងន់​បែប​នេះ ។

ទោះជា​យ៉ាងណា​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​មិន​ទាន់​អាច​សន្និដ្ឋាន​ថា ការ​ពុល​នោះ​បណ្ដាល​មក​ពី​សារជាតិ​អ្វី​អោយ​ពិត​ប្រា​ដក​នៅឡើយ​ទេ ព្រោះ​រង់ចាំ​យក​ទឹកនោម​ទៅ​ពិសោធន៍​ទើប​ដឹង ខណៈ​ស្ថានភាព​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ និង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្គ្រោះ​បន្ទាន់ ដោយ​ប្រើ​ម៉ាស៊ីន​ជំនួយ​ផ្លូវដង្ហើម​។

ជន​រង​គ្រោះ​ដែល​ពុល​ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ១-​ឈ្មោះ នេ​ត កុសល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ២-​ឈ្មោះ ណូ សំ​អុល ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ៣-​ឈ្មោះ ច​ន្ទ្រា ភេទ​ស្រី អាយុ​២២​ឆ្នាំ ៤-​ឈ្មោះ អ៊ំ​ុ ចាន់​ថន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ៥-​ឈ្មោះ ជុំ សុ​ភី ភេទ​ស្រី អាយុ​២៩​ឆ្នាំ ៦-​ឈ្មោះ គឹ​ម ស៊ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ៧-​ឈ្មោះ កាន់ សុភា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ និង​៨-​មិន​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ ។ ជន​រង​គ្រោះ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​៣០ ខែសីហា​នោះ មាន​ភ្ញៀវ​ប្រមាណ​១០​នាក់ នាំ​គ្នា​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ក្លិប​ខាងលើ​ក្នុង​បន្ទប់ មែន​ស៊ី​ធី (MAN CITY) ។ ខណៈ​ពេល​នោះ​ភ្ញៀវ បាន​ទិញ​ម្សៅ​កាហ្វេ​ម្យ៉ាង ចំនួន​២​កញ្ចប់ លាយ​ជាមួយ​ស្រា​បៀរ ហើយ​នាំ​គ្នា​ផឹក​ច្រៀង​លេង​យ៉ាង​សប្បាយ រហូត​ដល់​ស្រវឹង​សន្លប់​ជា​បន្តបន្ទាប់​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​២​នាក់ មាន​ម្នាក់​ជា​សឺ​វី​ស និង​ម្នាក់​ជា​មេការ​ស្រី ។ ភ្ញា​ម​ៗ​ក្រុម​សន្តិសុខ​ដែល​ភាគច្រើន​ជា​កងកម្លាំង មិន​បាន​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន​ឲ្យ​ដឹង​ឡើយ ហើយ​នាំ​គ្នា​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា នគរបាល​ខណ្ឌទួលគោក ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ស្រាវជ្រាវ​ជុំវិញ​ការ​ពុល​ដួល​សន្លប់​នេះ និង​បាន​អញ្ជើញ​មេការ ឈ្មោះ ឡាវ ឃី ហៅ​ធី អាយុ​៤៣​ឆ្នាំ ទៅ​សាកសួរ និង​នាំ​យក​ថូ​ស្រ​បៀរ​១ ដប​ទឹកបរិសុទ្ធ​មាន​កាហ្វេ​កន្លះ​ដប និង​កញ្ចប់​កាហ្វេ​ប្រើ​ហើយ​ចំនួន​២​កញ្ចប់​តូច មក​ទុក​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​សារជាតិ​ពុល​ទៅ​លើ​មនុស្ស​ប្រុស​-​ស្រី​ទាំង​៨​នាក់​នេះ ៕