ព្រឹទ្ធសភាគ្រប់​​​គ្រង​​​ដោយ​​​​​​បក្ស​​​​​​កាន់​​​អំណាច​​​​​​​​​ដក​​​​​​អភ័យ​​​ឯក​​​សិទ្ធិ​​​អ្នក​​​ស្រី ថាក់ ឡានី​​​​​​​​​

ព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតនៅថ្ងៃនេះដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងដែលបានខកខានមិនបានចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញទាក់ទងនឹងបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបាននិយាយថ្ងៃនេះថា សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា៤៦រូបបានបោះឆ្នោតជាឯកច្ឆន្ទដកអភ័យឯកសិទ្ធិអ្នកស្រី ថាក់ ឡានី។ លោក ប៊ុននាង បានថ្លែងប្រាប់អ្នកកាសែតក្រោយពីការប្រជុំសម្ងាត់ប្រហែលមួយម៉ោងថា “អង្គព្រឹទ្ធសភាទាំងមូលបានសម្រេចដកអភ័យឯកសិទ្ធិ ជំទាវ ថាក់ ឡានី ដោយសំឡេង៤៦លើ៤៦។ យើងបើកសិទ្ធិឲ្យតុលាការចោទប្រកាន់តាមនីតិវិធីច្បាប់របស់តុលាការ។ យើងលើកអភ័យឯកសិទ្ធិជាស្ថាពរ។ អ៊ីចឹង គាត់លែងមានសិទ្ធិជាសមាជិកព្រឹទ្ធសភាទៀតហើយ”។ លោក ហ៊ុន សែន បានប្តឹងអ្នកស្រី ឡានី កាលពីខែមុនដោយសារតែចោទលោកថាបញ្ជាឲ្យមានឃាតកម្មកាលពីខែកក្កដាលើលោក កែម ឡី អ្នកវិភាគនយោបាយ។ អ្នកស្រី ឡានី បានបដិសេធការអះអាងបែបនេះ ហើយនិយាយថា វីដេអូឃ្លីបដែលអ្នកស្រីអាចឃើញនិយាយនោះត្រូវគេកាត់ត។ រដ្ឋធម្មនុញ្ញធានានូវអភ័យឯកសិទ្ធិផ្លូវច្បាប់ចំពោះសមាជិកព្រឹទ្ធសភានិងសមាជិកសភា ដែលការពារពួកគេឲ្យរួចផុតពីការចាប់ខ្លួន លុះត្រាតែប្រព្រឹត្តបទល្មើសជាក់ស្តែងប៉ុណ្ណោះ។ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ត្រូវបានចាប់ដាក់ពន្ធនាគារក្នុងខែសីហា ឆ្នាំមុន ដោយសារតែបង្ហោះវីដេអូតាមអ៊ិនធើណែត។ គណបក្សប្រជាជនកម្ពុជាមានអាសនៈពីរភាគបីនៅក្នុងព្រឹទ្ធសភា តែខ្លួនបានសម្រេចមិនដកអភ័យឯកសិទ្ធិលោក សុខហួរ ទេ ដោយអះអាងថា ការបន្តបង្ហោះវីដេអូរបស់លោកជាបទល្មើសជាក់ស្តែង។ អ្នកជំនាញច្បាប់និយាយថា ការបកស្រាយទូលំទូលាយនៃខលើកលែងធ្វើឲ្យអភ័យឯកសិទ្ធិក្លាយជាឥតន័យ៕ © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post ព្រឹទ្ធសភាគ្រប់​​​គ្រង​​​ដោយ​​​​​​បក្ស​​​​​​កាន់​​​អំណាច​​​​​​​​​ដក​​​​​​អភ័យ​​​ឯក​​​សិទ្ធិ​​​អ្នក​​​ស្រី ថាក់ ឡានី​​​​​​​​​ appeared first on The Cambodia Daily.