តើ​មនុស្ស​ប្រភេទ​ណា ងាយ​កើត​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់​?

តើ​មនុស្ស​ប្រភេទ​ណា ងាយ​កើត​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់​?

ជាធម្មតា ទឹក​ប្រមាត់ និង​ប្រូតេអ៊ីន ជា​អ្នក​ជួយ​ការពារ​មិនឲ្យ មាន​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​កើតឡើង​បាន​។ ប៉ុន្តែ វា​មាន​នូវ​វិបត្តិ​មួយ ក្នុង​សមាសធាតុ​របស់​ទឹក​ប្រមាត់ ទើប​បង្ក​ឲ្យទៅជា​គ្រួសក្នុង​ថង់ទឹកប្រមាត់​កើត​។ គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ មាន​បី​ប្រភេទ​គឺ គ្រួស​ដោយសារកូ​ឡេ​ស្តេ​រ៉ុល គ្រួស​ដោយសារ​ពណ៌​ទឹក​ប្រមាត់ និង​គ្រួស​នៃ​សមាសធាតុ​ទាំងពីរ​នេះ​លាយ​ចូលគ្នា​។

គ្រួស​ដោយសារកូ​ឡេ​ស្តេ​រ៉ុល កើតឡើង​នៅ​ពេល​ប្រមាត់​ផ្ទុ​កកូ​ឡេ​ស្តេ​រ៉ុល ឬ Bilirubin ច្រើនពេក ជាពិសេស នៅពេល​មិន​មាន​ទឹកប្រមាត់​គ្រប់គ្រាន់ ឬ​ថង់ទឹកប្រមាត់ មិន​អាច​ច្របាច់​ទឹកប្រមាត់​ចេញ​អស់​។ ចំពោះ​គ្រួស​ដោយសារ​ពណ៌​ទឹកប្រមាត់​វិញ ច្រើន​តែ​កើត​លើ​អ្នកជំងឺ​ក្រិន​ថ្លើម មាន​ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកប្រមាត់ ឬ​ជំងឺ​ឈាម​តំណរ​ពូជ​ដូចជា ជំងឺ​កង្វះ​គ្រាប់​ឈាម​ដោយសារ​បែក​គ្រាប់​ឈាម​ជាដើម​។
​ខណៈពេល​ដែល​មិន​ទាន់​ដឹង អំពី​មូលហេតុ​ក្នុង​សមាសធាតុ​ទឹកប្រមាត់ កើតឡើង​យ៉ាង​ដូចម្តេច​នោះ ក៏​មាន​មនុស្ស​មួយចំនួន ទំនង​ជា​ងាយ​កើត​ជំងឺ គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ ជាង​មនុស្ស​ធម្មតា​ដែរ​ដូចជា ៖

ភេទ​
​ស្ត្រី​ទំនងជា​ងាយ​កើត ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ ជាង​បុរស​រហូត​ដល់​ពីរដង​ឯណោះ​។ នេះ​ដោយសារ​តែ​ពួកគេ មាន​ចំនួន​អ័រម៉ូន​អឺ​ស្ត្រូ​សែន​ក្នុង​ខ្លួន​ច្រើន ក្រោយពី​មាន​ផ្ទៃពោះ ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន និង​ការប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត ដែល​ជាហេតុ​នាំ​ឲ្យ​កើនឡើង កូ​ឡេ​ស្តេ​រ៉ុលក្នុង​ថង់ទឹកប្រមាត់​។

​ហ្សែ​ន​
​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ គឺ​កើតឡើង​ជា​លក្ខណៈ​គ្រួសារ​។ បើសិន​ជា​ឪពុក​ម្តាយ បងប្អូន ឬ​សាច់ញាតិ មាន​ជំងឺ​គ្រួស​ក្នុង​ថង់​ប្រមាត់​ហើយ អ្នក​ក៏​ទំនង​ជា​កើត​ជំងឺ​នេះ​ផងដែរ​។

​អ្នក​ធាត់ ឬ​ធាត់​ជ្រុល​
​ការ​ធាត់​ជ្រុល គឺជា​កត្តា​ប្រឈម​នឹង ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ដ៏​សំខាន់​មួយ​។ នេះ​ដោយសារ​តែ​អ្នក​ធាត់ ញ៉ាំ​អាហារ​សំបូរ​ខ្លាញ់ មាន​ជំងឺ​ទឹកនោ​ផ្អែម របៀប​រស់នៅ​បែប​ស៊ី​ដេកៗ និង​មាន​ជំងឺ​ផ្សេងៗ​ទៀត​ច្រើន​។

អាយុ​
​អ្នកជំងឺ​អាយុ​ចាប់ពី ៥០ ឆ្នាំ​ឡើង​ទៅ ពិតជា​ងាយ​កើត​ជំងឺ​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ ជាង​អ្នកជំងឺ​វ័យក្មេង​។

របប​អាហារ​សំបូរ​ជាតិ​ខ្លាញ់​
​របប​អាហារ​មាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ តែ​ជាតិ​សរសៃ​ទាប នឹង​ធ្វើឲ្យ​ប្រឈម​ខ្លាំង នឹង​ការ​កើត​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់​។​

​ជំងឺ​ទឹកនោម​ផ្អែម​
​អ្នកជំងឺ​ទឹកនោមផ្អែម គឺ​មាន​អាស៊ីត​ខ្លាញ់​ខ្ពស់​ជាងគេ ហើយ​ក៏​ប្រឈម​នឹង​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​កាន់តែ​ខ្ពស់​ដែរ​។

ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
​អ្នកជំងឺ​ដែល​ប្រើ​ថ្នាំ​ប្រភេទ​នេះ គឺ​ប្រឈម​ខ្ពស់​នឹង​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ណាស់ ព្រោះ​វា​នឹង​បង្កើន​ការបញ្ចេញ កូ​ឡេ​ស្តេ​រ៉ុល​ទៅក្នុង​ប្រមាត់ និង​បង្កើត​ជា​គ្រួស​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។