គ.ជ.ប ថា​ការ​រៀបចំ​ចុះ​ឈ្មោះ​បោះឆ្នោត​ដំណើរ​ការ​ល្អ​ទោះ​ជា​មាន​បញ្ហា​ខ្លះ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) គណបក្ស​នយោបាយ​រៀបចំ​ខ្លួន​រួចរាល់​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កញ្ញា។ សង្គម​ស៊ីវិល​ថា ការ​រៀបចំ​មាន​សភាព​ល្អ តែ​នៅ​ជួប​បញ្ហា​ខ្លះ។

​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ​ត្រូវ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ជា​លើកដំបូង​សម្រាប់​កម្ពុជា ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា អោយ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ថា ខាង​គណៈកម្មាធិការ​បាន​សម្រេច​រួច​ហើយ​នូវ​ការ​រៀបចំ​សំខាន់ៗ ដើម្បី​ធានា​អោយ​បាន​នូវ​ការ​ចុះ​ឈ្មោះ​ជូន​ប្រជាពលរដ្ឋ​យ៉ាង​រលូន៖ «ការ​រៀបចំ​គឺ​ហើយ​ជិត ១០០​ភាគរយ​ហើយ។ មាន​ការ​ផ្ញើ​សម្ភារៈ​បច្ចេកទេស​ទៅ​កាន់​មន្ត្រី​ចុះ​ឈ្មោះ មាន​ការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី មាន​ការ​ត្រៀម​លក្ខណៈ​ការពារ​ពី​សមត្ថកិច្ច​ផ្នែក​សន្តិសុខ និង​មាន​ការ​ផ្ញើ​សាកល្បង​នូវ​ទិន្នន័យ​ទៅ​កាន់​ម៉ាស៊ីន​មេ ឬ​ស៊ឺវើ (server)»

ការ​ចុះ​ឈ្មោះ​ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​១ ខែ​កញ្ញា នេះ ក៏​ត្រូវ​ធ្វើ​ឡើង​ក្រោម​ការអង្កេត​ពី​ភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ដែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា ខាង​គណបក្ស​បាន​រៀបចំ​មនុស្ស ៣​ពាន់​នាក់​សម្រាប់​ការ​អង្កេត​ទូទាំង​ប្រទេស។ ចំណែក​គណបក្ស​កាន់​អំណាច​វិញ អ្នកនាំពាក្យ លោក សុខ ឥសាន ថា បាន​រៀបចំ​អ្នក​សង្កេតការណ៍ ២​នាក់​សម្រាប់​ការិយាល័យ​ចុះ​ឈ្មោះ​នីមួយៗ។

ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា អោយ​ដឹង​ថា អង្គភាព​របស់​លោក​បាន​ត្រៀម​អ្នក​សង្កេតការណ៍ ១​ពាន់​នាក់​សម្រាប់​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ ហើយ​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​នេះ បាន​មក​ពី​អ្នក​ស្ម័គ្រចិត្ត។

លោក​បន្ត​ទៀត​ថា ការ​រៀបចំ​ខ្លួន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត តាម​ការ​សង្កេត​មើល​របស់​ខុមហ្វ្រែល មាន​ភាព​ល្អ​ប្រសើរ​ច្រើន ក៏ប៉ុន្តែ លេខា​ខេត្ត​មួយ​ចំនួន​របស់ គ.ជ.ប បង្កើត​ភាព​ពិបាក​ដល់​ការ​ចេញ​កាត​អោយ​អ្នក​សង្កេតការណ៍​នៅ​តំបន់​ដាច់ស្រយាល ដោយ​តម្រូវ​អោយ​អ្នក​សង្កេតការណ៍​ទាំង​នោះ​ឡើង​មក​យក​នៅ​ទី​រួម​ខេត្ត៖ «យើង​សង្ឃឹម​ថា គ.ជ.ប នឹង​យល់​ពី​ការ​លំបាក ព្រោះ​អ្នក​សង្កេតការណ៍​យើង​ភាគ​ច្រើន​មិន​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​ឡើង​ពី​ភូមិ​ឆ្ងាយៗ មក​ខេត្ត​ទេ។ យើង​ចង់​អោយ គ.ជ.ប ចេញ​គោលការណ៍​មួយ​ប្រាប់​លេខា​ខេត្ត​អោយ​សម្រួល​ចេញ​កាត វាយ​ត្រា ស៊ីញ៉េ រួច​ផ្ញើ​ទៅ​អោយ​អ្នក​សង្កេតការណ៍​ស៊ីញ៉េ​ទៅ​ដើម្បី​ដាក់​បង្ហាញ​មន្ត្រី​ក្រុម​ចុះ​ឈ្មោះ​បោះ​ឆ្នោត»

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​​ចាប់​ផ្ដើម​ពី​ដើម​ខែ​កញ្ញា ដល់​ចុង​ខែ​វិច្ឆិកា សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ក្នុង​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រៀម​បុគ្គលិក​ច្រើន​ជាង ៧​ពាន់​នាក់​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត រី​ឯ​ក្រសួង​មហាផ្ទៃ បាន​ត្រៀម​កងកម្លាំង​ជាង ៥​ពាន់​នាក់​សម្រាប់​ការពារ​សន្តិសុខ​នៅ​តាម​ការិយាល័យ​ចុះឈ្មោះ​ទូទាំង​ប្រទេស។

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ គណបក្ស​ដែល​មាន​អាសនៈ​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់រូប​ដែល​គ្រប់​អាយុ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា។ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ដល់​អាយុ​បោះឆ្នោត​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ចូលរួម​សង្កេតការណ៍​យ៉ាង​សកម្ម​ក្នុង​ការ​ចុះឈ្មោះ​បោះឆ្នោត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដើម្បី​ទទួល​បាន​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​មួយ​ល្អ និង​ត្រឹមត្រូវ​ដែល​អាច​ទទួល​យក​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។