“មតិ​រិះគន់​លោក ហ៊ុន សែន ក្នុង​ហ្វេសប៊ុក​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​វៀតណាម”

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម បញ្ជាក់​ថា ការ​បញ្ចេញ​មតិ​ប្រមាថ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​ហ្វេសប៊ុក (Facebook) ពី​សំណាក់​មនុស្ស​មួយ​ក្រុម​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រជាជន​វៀតណាម​នោះ គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​វៀតណាម ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​វៀតណាម លោក ឡេ ហាយ ប៊ិញ (Le Hai Binh) លើក​ឡើង​ថា វៀតណាម​មិន​ឯកភាព​ចំពោះ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ដើម្បី​ប្រមាថ​មើលងាយ​បុគ្គល ឬ​សម្ដែង​អាកប្បកិរិយា​ញុះញង់ ជ្រុល​និយម បំបែក​បំបាក់​មនោសញ្ចេតនា​ល្អ​ប្រពៃ​រវាង​ប្រទេស​ទាំង​២ ឡើយ។ រដ្ឋាភិបាល​វៀតណាម ផ្ដល់​សារសំខាន់​ចំពោះ​ទំនាក់ទំនង​ជិត​ខាង​ល្អ។

ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​​ថ្កោលទោស​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម ដែល​បាន​ចូល​ទៅ​បញ្ចេញ​យោបល់​ក្នុង​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ ក្រសួង​ការ​បរទេស ចាត់​ទុក​សំណេរ​ទាំងនោះ​ថា ជា​ការ​ជេរ​ប្រមាថ។ ក្រសួង​ការ​បរទេស​កម្ពុជា អំពាវនាវ​ដល់​អាជ្ញាធរ​វៀតណាម ឲ្យ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​សកម្មភាព​នេះ និង​នាំ​ខ្លួន​ជន​ទាំង​នោះ​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​ការពារ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រក្សា​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​រវាង​កម្ពុជា និង​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។