តៃកុង​ឈឺក្បាល​វិលមុខ បើក​បុក​រថយន្ត ចត​ស្ងៀម បណ្តាល​ឲ្យ​ក្រឡាប់​របួស​៣​នាក់​

ភ្នំពេញ​:
អ្នកបើករថយន្ត​មាន​អា​ការមិន​ស្រួលខ្លួន​ឈឺក្បាល​វិលមុខ ហើយ​បាន​បើករថយន្ត ទៅ បុក​រថយន្ត ១​គ្រឿង​ទៀត​​ដែល​កំពុង​ចត​ស្ងៀម នៅ​និង​ចិញ្ចើមផ្លូវ ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់ រងរបួស​ធ្ងន់ (​ថៅកែ​ប្រុស​ស្រី និង​អ្នកបើកបរ​)៣​នាក់​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងក្រោយ​វត្ត​កោះ ផ្លូវ​លេខ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

​មុនពេល​កើតហេតុ គឺ​ឃើញ​រថយន្ត​ម៉ាក​មែក​សឺ​ដេ​ស ស៊េរី​ទំនើប​(​មិនទាន់មាន​ស្លាក​លេខ​) តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ ដោយមាន​តៃ​កុន​ឡាន និង​ថៅកែ​ប្រុស​ស្រី​២​នាក់ កំពុងតែ​បើកបរ​តាម​បណ្តោយ​ផ្លូវ​៦៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​ខាង ក្រោយ​វត្ត​កោះ​ស្រាប់តែ​តៃ កុង​ឡាន​មាន​អាកា​រៈ ឈឺក្បាល​វិលមុខ​ហើយក៏​ជ្រុល​ចង្កូត ទៅបុក រថយន្ត​តា​កូ​ម៉ា​មួយគ្រឿង​ដែល​កំពុង​ចត​ស្ងៀម​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​បង្ក ក្រឡាប់​ផ្ងារ​កង់ ហើយ​ប្រជាពលរដ្ឋ​នៅក្បែរនោះ នាំគ្នា​ជួយ​អន្តរាគមន៍​ដោយ​ទាញ​តៃកុង​ឡាន​ចេញ​និង​បំប៉ាស់​ឡាន​ឲ្យ​​ដូចដើម​វិញ​។​

​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​មែក​សឺ​ដែ​ស ត្រូវបាន​ប្រជាពលរដ្ឋ​អូស​ចេញពី​រថយន្ត ព្រមជាមួយ​ថៅកែ​ប្រុស ស្រី​២​នាក់​ផងដែរ ហើយ​បាន​ហៅ​រថយន្ត​សាមុយ​មក​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕m​