ឥណ្ឌា​ចង់​ទិញ​មី​ស៊ី​ល​បណ្តែត​ធុន KALIBR ពី​រុ​ស្ស៊ី

ដោយ​យោង​តាម​ប្រភព​ការទូត​មួយ​កាសែត  IZVESTIA របស់​រុ​ស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​១ កញ្ញា​ថា ប្រទេស​ឥណ្ឌា​ចង់​ទិញ​ពី​រុ​ស្ស៊ី​នូវ​មី​ស៊ី​ល​បណ្តែត​ធុន  KALIBR ប្រដាប់​ដោយ​ប្រព័ន្ធ​តម្រង់​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្រោយ​ពិនិត្យ​ឃើញ​ពេល​ប្រើ​ក្នុង​ប្រតិបត្តិការ​រុ​ស្ស៊ី​នៅ​ស៊ី​រី ។

យោង​តាម​កាសែត​នោះ​ថា ឥណ្ឌា​មាន​រួច​ហើយ​នូវ​មី​ស៊ី​ល​ប្រភេទ​នោះ​តែ​ជា​មី​ស៊ី​ល​សមុទ្រ​-​សមុទ្រ​។ សម្រាប់​ការ​នាំ​ចេញ មី​ស៊ី​ល​KALIBR ត្រូវ​កម្រិត​ចម្ងាយ​នៃ​ការ​បាញ់​ចេញ​ដល់​ទៅ​៣០០​គ​.​ម ដើម្បី​ចៀសវាង​ការ​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​ហាមឃាត់​ការ​នាំ​ចេញ​មី​ស៊ី​ល​រយៈ​ឆ្ងាយ  ។

សំណើ​ទិញ​ត្រូវ​បាន​ភាគី​ឥណ្ឌា​រៀបចំ​តែ​អាច​ប្រគល់​ជា​ផ្លូវការ ពេល​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន នៅ​ឥណ្ឌា​នា​ដំណាច់​ខែតុលា​ខាង​មុខ​នេះ ។ មី​ស៊ី​ល​ដែល​ឥណ្ឌា​ត្រូវ​ទិញ​នឹង​ជា​មី​ស៊ី​ល​បណ្តែត​ដែល​រុ​ស្ស៊ី​ធ្លាប់​បាញ់​ទៅ​កាន់​ស៊ី​រី​គ្រាន់តែ​បាញ់​បាន​ចម្ងាយ​ខ្លី​ជាង​ដើម្បី​ស្រប​តាម​កិច្ចព្រមព្រៀង​អន្តរជាតិ ។

រុ​ស្ស៊ី​និង​ឥណ្ឌា​ជា​ដៃគូ​សំខាន់​បំផុត​ក្នុង​វិស័យ​នៃ​កិច្ច​សហប្រតិបត្តិការ​យោធា​និង​បច្ចេកទេស ដោយ​ជាង​៧០% នៃ​អាវុធ​និង​សម្ភារ​យោធា​ឥណ្ឌា​មាន​ប្រភព​មក​ពី​រុ​ស្ស៊ី ។ ក្នុង​មួយ​ឆ្នាំ​ៗ រុ​ស្ស៊ី​ផ្តល់​អាវុធ​ដល់​ឥណ្ឌា​មាន​ទឹកប្រាក់​ដល់​ទៅ​ជាង​៤,៥​ពាន់​លាន​ដុល្លារ ៕