កងកម្លាំង​សន្តិសុខ​ហ្គា​បុ​ង​វាយលុក​លើ​ទីស្នាក់ការ​ពួក​ប្រឆាំង​ស្លាប់​2​នាក់

មេដឹកនាំ​ប្រឆាំង​ហ្គា​បុ​ង លោក JEAN PING ដែល​ចាញ់ឆ្នោត​ប្រធានាធិបតី​អះអាង​ប្រាប់ AFP ថា មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់​និង​ជា​ច្រើន​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​១ កញ្ញា ក្នុង​ការ​វាយលុក​របស់​កងកម្លាំង​សន្តិសុខ​ប្រឆាំង​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​លោក​នៅ​ទីក្រុង​លី​ប្រឺ​វី​ល ។

ដោយ​លើក​ឡើង​ពី​តុល្យការ​ដំបូង​នៃ​ការ​វាយប្រហារ​នោះ​ដែល​កើត​មាន​ប៉ុន្មាន​ម៉ោង​ក្រោយ​អំពើ​ហិង្សា​ដុត​សភា​របស់​ពួក​បាតុករ​ប្រឆាំង ក្រោយ​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ដែល​ប្រធានាធិបតី​ចប់​អាណត្តិ​លោក ALI BONGO ONDIMBA  ជាប់​ឆ្នោត​ទៀត លោក PING និយាយ​ថា តាម​ប្រភព​ច្បាស់​ការណ៍​មាន​មនុស្ស​២​នាក់​ស្លាប់​និង​ច្រើន​នាក់​រង​របួស ។

លោក PING បាន​ចោទប្រកាន់​កងកម្លាំង​សន្តិសុខ​ថា​រារាំង​ដល់​ភ្នាក់ងារ​ជួយ​សង្គ្រោះ​ក្នុង​ការ​ជួយ​ពួក​អ្នក​រង​របួស ខណៈ​ការ​វាយលុក​នា​ពេល​យប់​បាន​បន្ត​រហូត​ដល់​ព្រឹក ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​គូសបញ្ជាក់​នា​ពេល​មុន​នេះ​ថា កង​ឆ្មាំ​សាធារណរដ្ឋ​លុក​ចូល​អគារ​ទីស្នាក់ការ​របស់​លោក​PING ដើម្បី​តាម​រក​ពួក​ឧក្រិដ្ឋជន​ដែល​ដុត​នា​វេលា​រសៀល​ទីស្នាក់ការ​សភាជាតិ​ក្រុង​លី​ប្រឺ​វី​ស ។ អ្នកនាំពាក្យរ​ដ្ឋា ភិ​បាល​ថ្លែង​ថា ពួក​ជនប្រដាប់អាវុធ​ដែល​ដុត​សភា​បាន​ចូល​មក​ក្នុង​ទីស្នាក់ការ​របស់​លោក  JEAN PING ក្នុង​ពេល​ជាមួយ​គ្នា​នឹង​ពួក​ប្លន់​និង​ពួក​អ្នក​វាយ​បំផ្លាញ​ជា​ច្រើន​រយ​នាក់  ។

លោក PING បាន​បដិសេធ​ការ​ចោទ ប្រកាន់​ទាំងនោះ​ដោយ​អះអាង​ថា ពុំ​មាន​អាវុធ​ក្នុង​ទីស្នាក់ការ​លោក​ឡើយ រួច​ស្នើ​សុំ​ជំនួយ​អន្តរជាតិ ៕