យន្តហោះ​ទេសចរណ៍​2​គ្រឿង​បុក​គ្នា​នៅ​អា​ឡា​ស្កា

យន្តហោះ​ទេសចរណ៍​២​គ្រឿង​បាន​បុក​គ្នា​កាលពី​ថ្ងៃ​ទី​៣១ សីហា នៅ​ភាគ​ខាងលិច​អា​ឡា​ស្កា​ដែល​វាសនា​របស់​មនុស្ស​៥​នាក់​ជិះ​ក្នុង​យន្តហោះ​ទាំងនោះ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ។

កង​ឆ្មាំ​ជាតិ​អា​ឡា​ស្កា​បញ្ជាក់​ថា ការ​បុក​គ្នា​នោះ​កើត​មាន​មុន​ម៉ោង​១១​ព្រឹក​បន្តិច នៅ​កន្លែង​មួយ​ចម្ងាយ​១០០​គ​.​ម ខាងជើង​ទីក្រុង  BETHEL ។ ឧទ្ធម្ភាគចក្រ​ធុន UH-60 BLACK HAWK មួយ​គ្រឿង​របស់​កង​ឆ្មាំ​ជាតិ​ជាមួយ​បុគ្គលិក​ពេទ្យ​បាន​ហោះ​ចេញពី​ទីក្រុង​នោះ​តាម​រក​យន្តហោះ​ទាំង​២ ។ យន្តហោះ​ដែល​បុក​គ្នា​ទាំង​២ មួយ​គ្រឿង​ធុន CESSNA 208 CARAVAN របស់​ក្រុមហ៊ុន  HAGELAND AVIATION ដែល​ដឹក​មនុស្ស​៣​នាក់ ហើយ​មួយ​គ្រឿង​ទៀត​ធុន  PIPER PA-18 SUPER CUB របស់​ក្រុមហ៊ុន  RENFRO’S ALASKA ADVENTURE ដែល​ដឹក​មនុស្ស​២​នាក់ ។ នេះ​ជា​ការ​បញ្ជាក់​របស់​វរសេនីយ៍ទោ  CANDIS OLMSTEAD អ្នកនាំពាក្យ​របស់​កង​ឆ្មាំ​ជាតិ​អា​ឡា​ស្កា ។

ប៉ូលិស​អា​ឡា​ស្កា​បាន​បញ្ជូន​យន្តហោះ​ធុន CESSNA CARAVAN មួយ​គ្រឿង​ទៅ​កាន់​មូលដ្ឋាន RUSSIAN MISSION ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១០​គ​.​ម ពី​កន្លែង​យន្តហោះ​បុក​គ្នា ។

លោក CLINT JOHNSON ប្រមុខ​ការិយាល័យ​សន្តិសុខ​ដឹក​ជញ្ជូន​អា​ឡា​ស្កា​ថ្លែង​ថា ការ​រុករក​យ៉ាង​សកម្ម​កំពុង​ធ្វើ​ហើយ​យើង​កំពុង​រង់ចាំ​លទ្ធផល ៕