លោកស្រី DILMA ROUSSEFF នារី​ខ្លាំង​ប្រេ​ស៊ី​ល​ខ្ទាត​ចេញពី​តំណែង​អ្នកប្រឆាំង​ឡើង​ជំនួស

ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោកស្រី DILMA ROUSSEFF ត្រូវ​ព្រឹទ្ធសភា​ដកហូត​តំណែង​កាលពី​ថ្ងៃ​ទី​៣១ សីហា ក្រោយ​ដឹកនាំ​ប្រទេស​រយៈពេល​៥​ឆ្នាំ​មក ។

នា​ថ្ងៃ​ទី​៣១ សីហា ព្រឹទ្ធសភា​ប្រេ​ស៊ី​ល​បាន​បោះ​ឆ្នោត​ដកហូត​តំណែង​លោកស្រី DILMA ROUSSEFF ដោយ​៦១​សំឡេង​ទល់​នឹង​២០​សំឡេង​ប្រឆាំង ។ បែប​នេះ​មាន​ន័យ​ថា លោកស្រី ROUSSEFF ត្រូវ​ចាកចេញ​ភ្លាម​ៗ និង​ជា​ស្ថាពរ​ពី​តំណែង ហើយ​លោក MICHEL TEMER ដែល​ជា​ប្រធានាធិបតី​ស្តីទី ក្រោយ​ការ​ផ្អាក​តំណែង​លោកស្រី ROUSSEFF កាលពី​ខែឧសភា ក្លាយជា​ប្រធានាធិបតី​រហូត​ដល់​ដាច់​អាណត្តិ​ក្នុង​ឆ្នាំ​២០១៨ ។

លោកស្រី ROUSSEFF ត្រូវ​បាន​វិនិច្ឆ័យ​ថា មាន​កំហុស​ដោយ​លាក់បាំង​ឱនភាព​ថវិការដ្ឋ​នាំ​ឱ្យ​មាន​ភាព​មិន​ប្រក្រតី​ដល់​ថវិកា ពិសេស​ធ្វើ​ឱ្យ​មានការ​យឺតយ៉ាវ​ក្នុង​ការ​សងបំណុល​ដល់​បណ្តា​ធនាគារ​រដ្ឋ និង​ខ្ចីប្រាក់​បន្ថែម​ដោយ​គ្មាន​ការ​យល់ព្រម​របស់​សភា ។

ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ដកហូត​តំណែង លោកស្រី ROUSSEFF ក្នុង​ភាព​ចម្រូងចម្រាស់ លោក MICHEL TEMER ក៏​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ប្រធានាធិបតី​ថ្មី​ភ្លាម​ដែរ​។ ជា​អតីត​អនុ​ប្រធានាធិបតី​របស់​លោកស្រី ROUSSEFF ហើយ​ជា​អ្នក​រុញ​ឱ្យ​លោកស្រី​ធ្លាក់​ពី​តំណែង​បុរស​ខ្លាំង​របស់​គណបក្ស PMDB (​ស្តាំ​និយម​កណ្តាល​) បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ក្នុង​ព្រឹទ្ធសភា ហើយនឹង​ដឹកនាំ​ប្រេ​ស៊ី​ល​រហូត​ដល់​ការ​បោះ​ឆ្នោត​សភា និង​ប្រធានាធិបតី​នា​ដំណាច់ឆ្នាំ​២០១៨ ។ ដោយ​ធ្លាក់​ប្រជាប្រិយភាព​ដូច​គូប្រជែង​លោកស្រី ROUSSEFF ដែរ លោក MICHEL TEMER អាយុ​៧៥​ឆ្នាំ បាន​សន្យា​ធ្វើ​ឱ្យ​ប្រេ​ស៊ី​ល​ដើរ​លើ​ផ្លូវត្រូវ​វិញ នា​ឱកាស​នៃ​កិច្ចប្រជុំ​លើក​ដំបូង​របស់​គណៈរដ្ឋមន្ត្រី​លោក ។

លោកស្រី ROUSSEFF មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដកហូត​តំណែង​លោកស្រី ។ លោកស្រី​ថា ព្រឹទ្ធសភា​បាន​ធ្វើការ​សម្រេចចិត្ត​មួយ​ដែល​ធ្លាក់​ចូល​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​អយុត្តិធម៌​ខ្លាំង​បំផុត ។ ព្រឹទ្ធសភា​បាន​ប្រព្រឹត្ត​ការ​ធ្វើ​រដ្ឋប្រហារ​សភា​មួយ ហើយ​លោកស្រី​អះអាង​ជា​ថ្មី​ពី​ការ​គ្មាន​ទោស​កំហុស ។

ទោះបី​យ៉ាងណា លោកស្រី ROUSSEFF នូវ​រក្សា​បាន​សិទ្ធិ​ពលរដ្ឋ ក្នុង​ការ​បោះ​ឆ្នោត​មួយទៀត​របស់​ព្រឹទ្ធសភា ដែល​ចាំបាច់​ទទួល​សំឡេង​ភាគច្រើន​២​ភាគ​៣ ដើម្បី​ដកហូត​សិទ្ធិ​ពលរដ្ឋ​រយៈពេល​៨​ឆ្នាំ​ពី​លោកស្រី ។ ព្រឹទ្ធ​សមាជិក​៤២​រូប​បោះ​ឆ្នោត​គាំទ្រ តែ​៣៦​រូប​បោះ​ឆ្នោត​ប្រឆាំង និង​៣​រូប​បោះ​អនុប្បវាទ ។ ដូច្នេះ​លោកស្រី​អាច​ឈរឈ្មោះ​ជា​បេ​ក្ខ​នារី​សម្រាប់​ព្រឹទ្ធសភា និង​សភា តែ​ពុំ​អាច​ឈរឈ្មោះ​ជា​បេ​ក្ខ​នារី​ប្រធានាធិបតី​ឆ្នាំ​២០១៨​ឡើយ ព្រោះ​លោកស្រី​កាន់​តំណែង​នេះ​២​អាណត្តិ​រួច​ហើយ ។

លោកស្រី ROUSSEFF អាយុ​៦៨​ឆ្នាំ ជា​អតីត​អ្នកតស៊ូ​ក្រោម​របប​ផ្តាច់​ការ​យោធា ហើយ​លោកស្រី​ក្លាយជា​នារី​ដំបូង​គេ​ជា​ប្រធានាធិបតី​ក្នុង​ប្រទេស​មួយ ដែល​នារី​នៅ​មាន​ចំនួន​តិច​នៅឡើយ កាន់​តំណែង​ជា​អ្នក​ទទួលខុសត្រូវ ។ ជា​សកម្មជន​សិ្ន​ទ្ធ​មជ្ឈដ្ឋាន​កុំ​មុ​យ​នី​ស្ត​អំឡុង​របប​ផ្តាច់​ការ​យោធា (១៩៦៤-១៩៨៥) លោកស្រី​ត្រូវ​ជាប់គុក​ក្នុង​ឆ្នាំ​១៩៧០ ហើយ​រង​ទារុណកម្ម​រយៈពេល​២២​ថ្ងៃ របស់​ពួក​យោធា​ពេល​លោកស្រី​មាន​អាយុ​ទើប​២៣​ឆ្នាំ ។ លោកស្រី​អាច​នៅ​រស់រាន​ពី​ទារុណកម្ម ហើយ​ចូល​ប្រឡូក​ក្នុង​នយោបាយ ៕