មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ឆេះ​ស្ថានីយ​សាំង​សូ​គី​ម៉ិច

ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​កន្លែង​ស្តុក​ប្រេង​ស្ថានីយ​សាំង​សូ​គី​ម៉ិច​មួយ​កន្លែង​បណ្ដាល​ឲ្យ​ខូចខាត​សម្ភារ និង​ទ្រព្យសម្បត្តិ​គិត​ជា​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ ។ ហេតុ​ការណ៍​អគ្គិភ័យ​នេះ​កើតឡើង​កាល​វេលា​ម៉ោង​១០ និង​២០​នាទី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ក្រាំង​ព​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​ម៉ិច​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​មានឈ្មោះ អឹង ឈុ​ន​ទ្រី ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​។

លោក​ឧត្តមសេនីយ៍ត្រី ជូ សា​រុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​ឆេះ​នេះ​ជំហាន​ដំបូង​គឺ​បណ្តាល​មក​ពី​ជាងដែក​ផ្សា​ដំបូល​ស័ង្កសី ហើយ​ខ្ទាត​ផ្កាភ្លើង​មក​ប៉ះ​នឹង​កន្លែង​ស្តុក​ប្រេង ទើប​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង ។ ភ្លើង​បាន​ឆេះ​រាលដាល​ដល់​ផ្ទះល្វែង​នៅ​ជាប់​នឹង​ស្ថា​នី​សាំង​នេះ​បណ្តាល​ឲ្យ​ឆេះ​សំភារៈ​ក្នុងផ្ទះ​អស់​មួយ​ចំនួន​ធំ ។

លោក​មេបញ្ជាការ​បន្ត​ថា ក្នុង​នោះ​សមត្ថកិច្ច​បាន​កម្លាំង​ទាំង​៣​ប្រភេទ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​១៤​គ្រឿង មក​ពី​ក្រសួងមហាផ្ទៃ ស្នងការ​ខេត្តកណ្តាល ស្នងការ​ខេត្តកំពង់ស្ពឺ កងពល ង​៧០ និង​រថយន្ត​ឯកជន ក្នុង​នោះ​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​៩៩​នាក់ រថយន្ត​សង្គ្រោះ​១​គ្រឿង ម៉ូតូ​៧​គ្រឿង រថយន្ត​ដឹក​ជញ្ជូន​២​គ្រឿង រថយន្ត​ស៊ី​រ៉ែ​ន​៤​គ្រឿង​ផង​ដែរ ។ អគ្គិភ័យ​នេះ​បន្ត​ឆេះ​រហូត​ដល់​ម៉ោង​១២ និង​៤៥​នាទី ទើប​ក្រុមការងារ​គ្រប់គ្រង​ស្ថាន​ការ​បាន​ហើយ​ភ្លើង​ក៏​បាន​រលត់​ទាំងស្រុង​ផង​ដែរ ។

លោក​មេបញ្ជាការ​បន្ត​ទៀត​ថា ក្នុង​ករណី​នេះ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ចំនែក​ការ​ខូចខាត់​មិន​ទាន់​កំណត់​បាន​នៅឡើយ​ទេ គឺ​កំពុង​តែ​ត្រួតពិនិត្យ​បន្ត ។

ជាក់ស្តែង​អ្នក​យក​ព័ត៌មាន​យើង​ឃើញ​មាន​ឆេះ​គ្រឿងចក្រ ម៉ូតូ និង​សម្ភារ​ជា​ច្រើន​ទៀត ថ្វី​ត្បិត​តែ​សមត្ថកិច្ច​កំពុង​តែ​ស្រង់​ស្ថិតិ​ចំនួន​នៃ​ការ​ខាតបង់ តែបើ​ពិនិត្យ​មើល​ជាក់ស្តែង​ទំហំ​នៃ​ការ​ខូចខាត​នេះ​មាន​ចំនួន​ខ្ទង់​រាប់​ម៉ឺន​ដុល្លា​ឯណោះ ៕