ភិន សុដាលីស បើអតីតស្វាមី ចង់ឃើញមុខកូន គឺមើលបានត្រឹមតែ រូបថត តែប៉ុណ្ណោះ

ភ្នំពេញៈ តារាសម្តែង ដែលបានវិវត្តន៍ខ្លួន ក្លាយជានាយកប្រតិកម្ម ប្រចាំផលិតកម្មមហាហង្ស អ្នកនាង ភិន សុដាលីស បានបង្ហើបប្រាប់ឲ្យដឹងថា នៅសល់ពេលត្រឹមតែជាង ១ខែទៀត ប៉ុណ្ណោះ នាងនឹងត្រូវសម្រាលកូនហើយ ដោយពេលវេលារង់ចាំមើលមុខ កូនស្រី និងបីកូននេះ គឺនាងទន្ទឹងរង់ចាំ ជាយូរមកហើយ ។

ជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅក្នុងថ្ងៃបើកសម្ពោធរឿង «៣០ថ្ងៃ» អ្នកនាង ភិន សុដាលីស បានប្រាប់ឲ្យដឹងថា នៅក្នុងអំឡុងពេលដែល នាងពពោះកូនស្រី ជាដំបូងនេះ នាងខិតខំក្នុងការថែរក្សា អនុស្សាវរីយ៍ល្អៗ សម្រាប់នាង និងកូន ទៅថ្ងៃអនាគត ដោយកាលពីពេលថ្មីៗនេះ នាងទើបតែទៅថតរូប អំឡុងពេលពពោះ ដើម្បីបន្សុលទុករឿងល្អ សម្រាប់នាងនិងកូន ខណៈដែលនាងកំពុងតែត្រៀមខ្លួន សម្រាលកូន នៅដើមខែតុលាខាងមុខនេះ ។

នៅក្នុងកិច្ចសម្ភាសន៍នោះ មានសំណួរមួយ បានចោទសួរនាងថា នៅពេលដែលនាងសម្រាលកូន នៅក្នុងពេលខាងមុខនេះ តើអាចអនុញ្ញាត ឲ្យអតីតស្វាមី បានជួបមើលមុខកូន ដែរឫយ៉ាងណា? ជាការឆ្លើយតបតារាស្រីរូបនេះ បានប្រាប់យ៉ាងខ្លីថា «មើលត្រឹមតែរូបថតទៅបានហើយ» ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា ខ្វះតែប៉ុន្មានខែទៀតប៉ុណ្ណោះ តារាសម្តែងស្រី ភិន សុដាលីស នឹងជិតបានឃើញមុខកូនដំបូងជាទីស្រលាញ់របស់នាងហើយ។ មុនពេលសម្រាលកូននេះដែរ រូបនាងក៏បានឆ្លៀតថតរូបពពោះ ទុកជាអនុស្សាវរីយ៍រវាងនាង និងកូនផងដែរ។ 

រូបថត៤សន្លឹក ជាមួយនឹងស្នាមញញឹមប្រិមប្រិយ របស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងពោលពាក្យថា ដាលីសនៅតែសាច់ឈាមស្រស់ថ្លាដដែល ទោះបីជិតគ្រប់ខែឆ្លងទន្លេក៏ដោយ។ មិនតែប៉ុណ្ណោះ រូបថតទាំងនោះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមានអ្នកចុចLike ទៅដល់រាប់ម៉ឺនឯណោះ។

គួររំលឹកផងដែរថា តារាស្រី ភិន សុដាលីស ធ្លាប់បានប្រកាសថា ដាក់ឈ្មោះកូន ជាភាសាអង់គ្លេសថា "Katherina" ដែលស្រដៀងនឹងឈ្មោះក្រៅរបស់នាង "Katy"។ ប៉ុន្តែឈ្មោះកូនរបស់នាងនេះដែរ ប្រហែលជានឹងត្រូវបន្ថែមទៀត នេះបើតាមការអះអាងរបស់នាង កាលពីធ្វើសន្និសីទសារព័ត៌មានកាលពីលើកមុន៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload