ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ​និង​សង្គម​ស៊ីវិល​គាំទ្រ​ក្រសួង​អប់រំ​ពង្រឹង​គុណភាព​អប់រំ

ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ដឹកនាំ​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ ស្នើ​ឲ្យ​អាណាព្យាបាល​សិស្ស ត្រូវ​ចូលរួម​ធ្វើ​កំណែ​ទម្រង់​គុណភាព​អប់រំ​ជាមួយ​រដ្ឋាភិបាល តាម​រយៈ​បញ្ជូន​កុមារ​តូចៗ​ឲ្យ​ចូល​សាលា​ឲ្យ​បាន​ទាន់​ពេល ហើយ​តាមដាន​ការ​សិក្សា​របស់​ពួក​គេ​ឲ្យ​បាន​ជា​ប្រចាំ។

អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ផៃ ប៊ុនវណ្ណៈ ស្នើ​អាណាព្យាបាល​សិស្ស​ត្រូវ​បញ្ចុះបញ្ចូល និង​តាមដាន​កូន​ចៅ​អំពី​ការ​សិក្សា​របស់​ពួក​គេ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​ពង្រឹង​ការ​អប់រំ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​ឲ្យ​មាន​គ្រឹះ​រឹងមាំ​ចាប់​ពី​ថ្នាក់​មត្តេយ្យ​សិក្សា។ ជាង​នេះ​ទៀត ក៏​ត្រូវ​ជ្រើសរើស​យក​គ្រឹះស្ថាន​សិក្សា ឬ​សាលា​រៀន​ដែល​មាន​កម្មវិធី​សិក្សា និង​គ្រូបង្រៀន​មាន​ទេពកោសល្យ​ត្រឹមត្រូវ ហើយ​មាន​គុណភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ ឬ​រដ្ឋាភិបាល​បាន​ដាក់​ចេញ។

លោក ផៃ ប៊ុនវណ្ណៈ លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​ឱកាស​ចូលរួម​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​ប័ណ្ណ​សរសើរ​ដល់​កុមារ​តូចៗ​នៅ​សាលា​អាយដៀ​ស៊ស ប្រចាំ​ឆ្នាំ​សិក្សា​២០១៥-២០១៦ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា៖ «សាលា​បង្រៀន​អាយដៀ​ស៊ស នេះ បាន​បណ្តុះបណ្តាល​កុមារ​តូចៗ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​បាន​ល្អ ផ្តល់​ឲ្យ​កុមារ​មាន​ចំណេះ​ដឹង​បាន​ច្បាស់លាស់ និង​បង្រៀន​ឲ្យ​កុមារ​មាន​ភាព​ក្លាហាន និង​មាន​ការ​ចុះ​អនុវត្ត​ផ្ទាល់​នូវ​មុខវិជ្ជា​បង្រៀន​នីមួយៗ»

អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ផៃ ប៊ុនវណ្ណៈ ប្រកាស​គាំទ្រ​ក្រសួង​អប់រំ ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ទៅ​លើ​វិស័យ​អប់រំ និង​ការ​រឹត​បន្តឹង​ការ​ប្រឡង​បញ្ចប់​ការ​សិក្សា​នៅ​តាម​កម្រិត​នីមួយៗ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​ទទួល​ស្គាល់​ថា មូលដ្ឋាន​គ្រឹះ​នៃ​ការ​អប់រំ​ឲ្យ​មាន​គុណភាព គឺ​ត្រូវ​ចាប់​ផ្ដើម​ពី​ថ្នាក់​មូលដ្ឋាន ហើយ​គ្រូបង្រៀន ឬ​គ្រឹះស្ថាន​សិក្សា​ក៏​ត្រូវ​ឲ្យ​មាន​គុណភាព​ស្រប​តាម​ស្តង់ដារ​ក្រសួង​អប់រំ បាន​ដាក់​ចេញ។

បញ្ហា​នេះ​ដែរ នាយក​សាលា​ស្តង់ដារ​ជាតិ​អន្តរជាតិ​អាយដៀ​ស៊ស ខេត្ត​ព្រះសីហនុ លោក វ៉ាន់ សុខហេង ដែល​មាន​បង្រៀន​ចំណេះ​ដឹង​ទូទៅ​ចំនួន ៣​ភាសា គឺ​ភាសា​ខ្មែរ អង់គ្លេស និង​ភាសា​ចិន ដល់​កុមារ​តូចៗ​ចាប់​ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​អនុវិទ្យាល័យ។ លោក​មាន​ប្រសាសន៍​ថា មូលដ្ឋាន​គ្រឹះ​នៃ​ការ​អប់រំ​ឲ្យ​មាន​គុណភាព ត្រូវ​ចាប់​ផ្តើម​ពី​ថ្នាក់​មូលដ្ឋាន​ឲ្យ​បាន​រឹងមាំ​ជា​មុន ទើប​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​កំណែ​ទម្រង់​គុណភាព​អប់រំ​របស់​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព។

ទន្ទឹម​គ្នា​នេះ កម្មវិធី​សិក្សា និង​គរុកោសល្យ​បង្រៀន​របស់​គ្រូ​នៅ​តាម​គ្រឹះស្ថាន​សិក្សា ឬ​តាម​សាលា​ទាំងនោះ ក៏​តម្រូវ​ឲ្យ​ទាំង​ថ្នាក់​ដឹកនាំ​សាលា និង​គ្រូបង្រៀន​លើ​មុខវិជ្ជា​នីមួយៗ ត្រូវ​តែ​មាន​ចំណេះ​ដឹង​ពិត​ប្រាកដ ទើប​អាច​ជួយ​អប់រំ​ដល់​កុមារ​មាន​ចំណេះ​ដឹង​បាន​ទូលំទូលាយ។

ថ្លែង​នៅ​ចំពោះ​មុខ​អាណាព្យាបាល​នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​ប័ណ្ណ​សរសើរ​ដល់​កុមារ​តូចៗ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៣១ ខែ​សីហា លោក វ៉ាន់ សុខហេង នាយក​សាលា​អាយដៀ​ស៊ស បញ្ជាក់​ថា មាន​កត្តា​ជាច្រើន​ដែល​ជំរុញ​ឲ្យ​ការ​អប់រំ​របស់​កុមារ ឬ​យុវជន​មាន​គុណភាព មាន​ដូចជា កត្តា​សាលា​រៀន រួម​ទាំង​នាយក​គ្រប់គ្រង​សាលា គ្រូបង្រៀន​មាន​គរុកោសល្យ​សាលា​មាន​សម្ភារៈ​សិក្សា​គ្រប់គ្រាន់ និង​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ទើប​អាច​ជំរុញ​ឲ្យ​ការ​សិក្សា​របស់​កុមារ ឬ​សិស្សានុសិស្ស​មាន​គុណភាព៖ «ត្រូវ​ពឹងពាក់​ពី​អ្នក​ពាក់ព័ន្ធ​ជាច្រើន គួបផ្សំ​សម្ភារៈ​សិក្សា​ឲ្យ​បាន​គ្រប់​ចំនួន និង​មាន​កម្មវិធី​សិក្សា​បាន​ទូលំទូលាយ។ សាលា​អាយដៀ​ស៊ស មាន​កម្មវិធី​សិក្សា​ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព ភាព​ទាន់​សម័យ និង​មាន​កម្មវិធី​សិក្សា​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ»

ដូច​គ្នា​អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ផៃ ប៊ុនវណ្ណៈ និង​នាយក​សាលា​អាយដៀ​ស៊ស លោក វ៉ាន់ សុខហេង ដែរ លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ក៏​គាំទ្រ​ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ​របស់​រដ្ឋាភិបាល​ទៅ​លើ​គុណភាព​អប់រំ ដើម្បី​ឈាន​ដល់​បង្កើន​ធនធាន​មនុស្ស​នៅ​កម្ពុជា នា​ថ្ងៃ​ខាង​មុខ៖ «ក្រៅ​អំពី​ក្រសួង​អប់រំ បាន​ពង្រឹង​គុណភាព​អប់រំ​នៅ​ថ្នាក់​វិទ្យាល័យ ក៏​គួរ​ត្រូវ​ពង្រឹង​គុណភាព​អប់រំ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​ទៅ ទើប​កុមារ ឬ​យុវជន​មាន​គ្រឹះ​អប់រំ​រឹងមាំ។ ការ​ពង្រឹង​គុណភាព​អប់រំ​ចាប់​តាំង​ពី​ថ្នាក់​បឋម​សិក្សា​រហូត​ដល់​ថ្នាក់​វិទ្យាល័យ ទើប​ការ​សិក្សា​របស់​សិស្ស​មាន​គ្រឹះ​រឹងមាំ និង​ឈាន​ដល់​បង្កើន​ធនធាន​មនុស្ស ឬ​ធនធាន​យុវជន​មាន​គុណភាព​នា​ថ្ងៃ​ខាង​មុខ»

ទោះ​បី​ជា​បែប​ណា​ក្តី លោក វ៉ាន់ សុខហេង នាយក​សាលា​អាយដៀ​ស៊ស បាន​រំឭក​ដល់​អាណាព្យាបាល​កុមារ ឬ​សិស្សានុសិស្ស​ថា ឪពុក​ម្ដាយ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​លើក​ស្ទួយ​គុណភាព​អប់រំ​នៅ​កម្ពុជា តាម​រយៈ ត្រូវ​បញ្ជូន​កូនៗ​មក​សាលា​រៀន​ឲ្យ​បាន​ទាន់​ពេល​វេលា ជំរុញ​ឲ្យ​កូនៗ​ធ្វើ​កិច្ចការ​សាលា ឬ​កិច្ចការ​ផ្ទះ និង​តាមដាន​ការ​សិក្សា​របស់​កូនៗ​ជា​ប្រចាំ ចាប់​ពី​ថ្នាក់​មូលដ្ឋាន ឬ​ថ្នាក់​បឋម​សិក្សា​រហូត​ដល់​ថ្នាក់​ឧត្តម​សិក្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។