ទីតាំង​បន​ល្បែង​ប្លុក​ផ្ទះសំណាក់​ផ្កាយ​៣ សមត្ថកិច្ច​ប៉ោយ​ប៉ែ​ត​មិន​ទាន់​បង្ក្រាប

ខេត្តបន្ទាយមានជ័យ ៖ ទីតាំង​បន​ល្បែងភ្នាល់​បាល់​តាម​អន​ឡាញ​ដុះ​ស្លែ​ចំនួន​០២ កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​សមត្ថកិច្ច​ប៉ូលិស ខេត្តបន្ទាយមានជ័យ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​បង្ក្រាប​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ សីហា ២០១៦ ។

ទីតាំង​ភ្នាល់​បាល់​តាម​អន​ឡាញ​ចំនួន​០២​កន្លែង ដែល​គេ​បើក​លេង​យ៉ាង​ដុះ​ស្លែ នៅ​ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​បង្ក្រាប​នោះ មា​នទី​តាំងទី​១ នៅ​បន្ទប់​ជួល​ក្លឹ​ប​កំសាន្ត ហាត់ប្រាណ​ហែល​ទឹក​របស់​លោក ឆាយ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១ និង​ទីតាំង​ទី​២ មាន​យីហោ ENJOY789 INTERNET 24h 30THB/ HOUR នៅ​ផ្លូវ​ដើម​ពុទ្រា ជាប់​ហាង​លក់​នំ​បុ័ង កែង​ផ្លូវ​ចូល​ទៅ​អង់​តែ​ន​016 ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

តាម​ប្រភព​ពី​អ្នក​ញៀន​ល្បែង​នៅ​តំបន់​ជាយ​ដែន​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បង្ហើប​ឲ្យ​ដឹង​ថា ទីតាំង​បន​ល្បែ​ខាងលើ​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប មាន​ម្ចាស់​ជា PM ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្នុង​ការ​បើក​ល្បែង​នេះ ប៉ុន្តែ​លោក PM រូប​នោះ មិន​បាន​មក ប្រចាំការ​ដោយ​ខ្លួនឯង​ផ្ទាល់​នោះ​ទេ គឺ​គេ​បាន​ឲ្យ​សាច់ញាតិ​របស់​គេ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​បន​ល្បែង​ទាំងនេះ ។

ការ​ចុះ​បង្ក្រាប​ទីតាំង​បន​ល្បែង​ខាងលើ សមត្ថកិច្ច​បាន​រឹបអូស​យក​វត្ថុ​តាង​មាន​កុំ​ព្យួ​ទ័​រ​ចំនួន​២២​គ្រឿង និង សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត រួម​ទាំង​ឃាត់ខ្លួន​មនុស្ស ប្រុស ស្រី ចំនួន​6​នាក់ យក​ទៅ​សួរនាំ​នៅ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ។

គួរ​កត់​សម្គាល់ថា ទីតាំង​បន​ល្បែងភ្នាល់​បាល់​តាម​អន​ឡាញ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​គេ​បើក​លេង​ជា​ច្រើន​កន្លែង​ទៀត ជាក់ស្តែង​ដូច​ជា​នៅ​ប្លុក​ផ្ទះសំណាក់​ផ្កាយ​៣ ជាប់​ផ្លូវ​ចូល​ស្តង់​ត្រី ស្ថិត​ក្នុង​ទីប្រជុំជន​ប៉ោយ​ប៉ែ​ត ដែល​គេ​ដឹង​ថា ជា​របស់​លោក PM ម្នាក់​មានបុណ្យ​ស័​ក្កិ​គ្រាន់បើ​នៅ​អាណាចក្រ​ប៉ោយ​ប៉ែ​ត​នេះ​ជា​អ្នក​បើក និង​មាន​កន្លែង​ផ្សេង​ៗ​ជា​ច្រើន​កន្លែង​ទៀត នៅ​ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត គេ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​ប៉ូលិស​ជំនាញ ក្រុង ខេត្ត ចុះ​បង្ក្រាប​នៅឡើយ​ទេ ។

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​សង្ឃឹមថា ទីតាំង​នៅ​ប្លុក​ផ្ទះសំណាក់​ផ្កាយ​៣ និង ទីតាំង​ជា​ច្រើន​កន្លែង​ទៀត សមត្ថកិច្ច​នឹង​ចុះ​បង្ក្រាប​នា​ពេល​ខាង​មុខ ដើម្បី​កាត់​បន្ថយ ឬ លុប​បំបាត់​អំពើ​ចោរកម្ម លួច ឆក់ ប្លន់ កាប់សម្លាប់ យក​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ស្លូតត្រង់​ជា​មិន​ខាន​៕