ថ្ងៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​ដំបូង​នៅ​ខេត្ត​បាត់ដំបង​មាន​ភាព​រអាក់រអួល

យុទ្ធនាការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ-​សង្កាត់ នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា​ ដែល​ជា​ថ្ងៃ​ចាប់​ផ្ដើម​ដំបូង​នៅ​បាត់ដំបង​ មាន​ការ​យឺតយ៉ាវ​​ជា​ច្រើន​ការិយាល័យ។ មន្ត្រី​អង្គការ​ខុមហ្រ្វែល (COMFREL) ប្រចាំ​ខេត្ត​បាត់ដំបង បញ្ជាក់​ថា បញ្ហា​រាំង​ស្ទះ​ភាគ​ច្រើន​បណ្ដាល​មក​ពី​មាន​បញ្ហា​​បច្ចេកទេស​ទៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​រអាក់រអួល​នៅ​ពេល​ដែល​​​ប្រជាពលរដ្ឋ​សម្រុក​​ទៅ​​ចុះ​ឈ្មោះ​ច្រើន​​ពេល​ព្រឹក។

នៅ​តាម​ការិយាល័យ​ចុះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា មិន​ថា​ឡើយ​​ក្រុង​បាត់ដំបង ឬ​​​នៅ​តាម​បណ្ដា​ស្រុក​ទូទាំង​ខេត្ត​បាត់ដំបង ប្រជាពលរដ្ឋ​ភាគ​ច្រើន​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​នៅ​តាម​ឃុំ​សង្កាត់​របស់​ខ្លួន​រៀងៗ​ខ្លួន​យ៉ាង​ច្រើន​កុះករ។

ពលរដ្ឋ​មួយ​ចំនួន​ប្រាប់​អាស៊ីសេរី ខណៈ​កំពុង​រង់ចាំ​លេខ​រៀង​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​​សាលា​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ព្រឹក​ថ្ងៃ​ទី​១ ខែ​កញ្ញា ថា ពួកគាត់​ទន្ទឹង​រង់ចាំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ជា​យូរ​ថ្ងៃ​មក​ហើយ។ ពួកគាត់​ភាគ​ច្រើន​ហាក់​មាន​ចិត្ត​អន្ទះសា​ចង់​ចុះ​ឈ្មោះ​ឆ្នោត​​ជាង​ពេល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​​កន្លង​ទៅ។ ពួកគាត់​បញ្ជាក់​ទៀត​ថា​ បើ​ទោះ​មាន​ជា​កូន​ចៅ​ធ្វើ​ការងារ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​យ៉ាង​ណា​ក៏ដោយ​ គឺ​ពួកគេ​នឹង​វិល​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ស្រុក​កំណើត​វិញ​ទាំង​អស់៖ «»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ មន្ត្រី​អង្គការ​ខុមហ្វ្រែល ប្រចាំ​ខេត្ត​បាត់ដំបង កញ្ញា យួម សុខេន មាន​ប្រសាសន៍​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ដំបូង​នេះ​ នៅ​ពេល​មាន​ភាព​យឺតយ៉ាវ​ខ្លះ​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​ទៅ​លើ​​បញ្ហា​បច្ចេកទេស​​​ម៉ាស៊ីន​កុំព្យូទ័រ​មាន​ការ​រអាក់រអួល​ មិន​អាច​ដំណើរ​ការ​បាន​ដូច​នៅ​ស្រុក​មោងឬស្សី ស្រុក​សង្កែ និង​ក្រុង​បាត់ដំបង ជាដើម។ កញ្ញា​បញ្ជាក់​ថា ប៉ុន្តែ​បន្ទាប់​ពី​យក​ទៅ​ជួសជុល​នៅ​ការិយាល័យ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ហើយ​ គឺ​ដំណើរ​ការ​ជា​ធម្មតា​​ឡើង​វិញ​នៅ​ពេល​រសៀល៖ «»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​ឆ្នោត​ខេត្ត​បាត់ដំបង​ លោក វន ពន ពុំ​បាន​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្ងៃ​ដំបូង​នេះ​ទៅ​ជា​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​លោក​ឆ្លើយ​យ៉ាង​ខ្លី​ថា ជាប់​រវល់​ប្រជុំ​គណៈ​ឯកភាព​ខេត្ត។

ទោះ​ជា​យ៉ាង​ណា​ កញ្ញា យួម សុខេន​ កត់សំគាល់​ថា ការ​ចុះ​ឈ្មោះ​ថ្ងៃ​ដំបូង​នេះ ប្រជាពលរដ្ឋ​ភាគ​ច្រើន​មាន​ការ​​យល់​ដឹង​ និង​ត្រៀម​ឯកសារ​ភ្ជាប់​មក​ជា​មួយ​សម្រាប់​ចុះ​ឈ្មោះ​​បាន​ល្អ​ គឺ​មាន​ចំនួន​តិចតួច​ដែល​យក​ឯកសារ​មក​មិន​គ្រប់គ្រាន់។ របាយការណ៍​លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា នៅ​ខេត្ត​នេះ​មាន​ចំនួន ១០២​ឃុំ-​សង្កាត់ និង​មាន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​ចាប់​​​ពី ១៨​ឆ្នាំ​ឡើង​ទៅ​ ចំនួន​ជាង ​៧,៨​សែន​នាក់ (៧៨០,០០០)។ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចាប់​ផ្ដើម​ពី ៧​ព្រឹក ដល់​ម៉ោង ១១​កន្លះ​ និង​នៅ​ពេល​រសៀល​ចាប់​ផ្ដើម​ពី​ម៉ោង ២​រសៀល​ដល់​ម៉ោង ៥​កន្លះ ហើយ​ការ​ចុះ​ឈ្មោះ​នេះ​ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​តែប៉ុណ្ណោះ។