​កូរ៉េខាងជើងប្រហារជីវិតឧបនាយករដ្ឋមន្រ្តី

ក្រុងសេអ៊ូលៈ បន្ទាប់ពីមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការប្រហារជីវិត ដែលទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈមួយ នៅកូរ៉េខាងជើង កូរ៉េខាងត្បូង បាននិយាយពីថ្ងៃពុធថា រដ្ឋឯកោនោះ បានប្រហារជីវិតឧបនាយករដ្ឋមន្ត្រីមួយរូប ពី បទបង្ហាញការមិនគោរព ចំពោះមេដឹកនាំ គីម ជុងអ៊ុន និងបានបញ្ជូនមន្ត្រីពីររូបទៀត ទៅទទួលការអប់រំជាថ្មី។

នៅឯសន្និសីទកាសែតខ្លីប្រចាំថ្ងៃមួយ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមរបស់ ក្រុងសេអ៊ូល លោក Jeong Joon-Hee បានប្រាប់ក្រុមអ្នកកាសែតថា៖ «ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអប់រំ លោកគីម យ៉ុងជីន (Kim Yong-Jin) ត្រូវបានប្រហារជីវិត»។

លោក Jeong បានបញ្ជាក់ថា លោកគីម យ៉ុងជីន ត្រូវបានផ្តន្ទាទោសពីបទអង្គុយអាក្រក់ នៅពេលលោកអង្គុយក្រោមវេទិកា ក្នុងអំឡុងពេលសម័យប្រជុំសភាកូរ៉េខាងជើង ហើយបន្ទាប់មកត្រូវបានសួរចម្លើយ ដែលបានបង្ហាញពីបទឧក្រិដ្ឋរបស់លោកជាច្រើនទៀត។

មន្ត្រីក្រសួងម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លោកគីម ត្រូវបានសម្លាប់ដោយក្រុមបាញ់កាំភ្លើង ក្នុងខែកក្កដា ក្នុងនាមជា «ជនប្រឆាំងបក្ស និងប្រឆាំងបដិវត្តន៍»។

ក្រសួងនេះ បាននិយាយថា មន្ត្រីជាន់ខ្ពស់ពីររូបទៀត ត្រូវតែធ្វើការរៀនសូត្រជាថ្មីម្តងទៀត។ ម្នាក់ ក្នុងចំណោមពួកគេ គឺលោក គីម យ៉ុងចុល ជាមន្ត្រីជាន់ខ្ពស់មួយរូបទទួលបន្ទុកកិច្ចការអន្តរកូរ៉េ។

លោកគីម យ៉ុងចុល ត្រូវមានទោសទណ្ឌពីបទមានអាកប្បកិរិយាជិះជាន់របស់លោក ប៉ុន្តែពុំបានផ្តល់សេចក្តីពិស្តារទេ។

សេចក្តីពន្យល់ពីកូរ៉េខាងត្បូងនេះ កើតមានបន្ទាប់ពីមានរបាយការណ៍មួយពីថ្ងៃអង្គារថា កូរ៉េខាងជើង បានប្រហារជីវិតមន្ត្រីជាន់ខ្ពស់ពីររូប ពីបទមិនស្តាប់បង្គាប់ មេដឹកនាំគីម ជុងអ៊ុន។

កាសែតលក់ដាច់បំផុតរបស់កូរ៉េខាងត្បូង JoongAng Ilbo ពីថ្ងៃអង្គារ បាននិយាយថា មន្ត្រីជាន់ខ្ពស់ពីររូប ត្រូវបានប្រហារជីវិត ដោយកាំភ្លើងយន្តប្រឆាំងយន្តហោះពីដើមខែសីហា ជាការបញ្ជាឲ្យប្រហារជីវិត របស់លោកគីម ដែលត្រូវបានធ្វើពីខាងក្រៅយោធា ឬបក្សរបស់លោក។

យោងតាមរបាយការណ៍នោះ លោក រី យ៉ុងជីន មន្ត្រីជាន់ខ្ពស់មួយរូបក្នុងក្រសួងអប់រំ ត្រូវបានចាប់ខ្លួនពីបទដេកលក់ ក្នុងអំឡុងពេលកិច្ចប្រជុំមួយ ជាមួយលោកគីម។ លោក រី ត្រូវបានចាប់ខ្លួននៅនឹងកន្លែង «សួរចម្លើយយ៉ាងល្អិតល្អន់» និងបានប្រហារជីវិតពីបទចោទប្រកាន់ជាច្រើន ក្នុងនោះមានទាំងពុករលួយផងដែរ។

កាសែតនោះ បាននិយាយថា មន្ត្រីម្នាក់ទៀត គឺអតីតរដ្ឋមន្ត្រី កសិកម្ម លោក Hwang Min ត្រូវបានប្រហារជុំវិញ សំណើគោលនយោបាយមួយ ដែលត្រូវបានគេមើលឃើញថា បញ្ហាប្រឈមផ្ទាល់មួយ ចំពោះការដឹកនាំរបស់លោកគីម។

ប្រភពមិនបញ្ចេញឈ្មោះនោះ បាននិយាយថា បុរសទាំងពីរត្រូវបានប្រហារជីវិតជាសាធារណៈតាម «បញ្ជាពិសេស»ពី លោកគីម នៅបណ្ឌិតសភាយោធាក្នុងក្រុងព្យុងយ៉ាង។ ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០១១ ក្រោយពីមរណភាពរបស់ឪពុក លោកគីម បាន បញ្ជាឲ្យប្រហារជីវិតមន្ត្រីរាប់សិប នាក់ ក្នុងនោះមានទាំង ឪពុកមា លោកផងដែរ។

លោកគីម ត្រូវបានគេនិយាយថា បានបញ្ជាឲ្យប្រហារជីវិត ឪពុកមា និងអតីតអនុប្រធានាធិបតី លោកចាង សុងថេក កាលពីបីឆ្នាំមុន។ មួយឆ្នាំក្រោយមក គាត់បានបញ្ជាឲ្យប្រហារជីវិតមន្ត្រី ៥០ នាក់ទៀតពីបទចោទប្រកាន់ផ្សេងៗពីគ្នាដូចជាពុករលួយ ឬទស្សនារឿងភាគកូរ៉េខាងត្បូងជាដើម។

ក្នុងខែមករា ២០១៥ គេបានរាយការណ៍ថា បានឲ្យគេប្រហារជីវិត ឧត្តមសេនីយ៍ Pyon In Son ប្រមុខប្រតិត្តិក្នុងកងទ័ពពីបទមិនឯកភាពជាមួយលោក ហើយក្នុងខែឧសភាឆ្នាំនោះ លោកបានបញ្ជាឲ្យសម្លាប់រដ្ឋមន្ត្រីការពារជាតិ លោក Hyon Yong Chol ពីបទដេកលក់ក្នុងពេលជួបជុំមួយ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts