ជុំវិញ​រឿងរ៉ាវ​ស្ត្រី​អនាថា ដែល​សម្រាលកូន​តាម​ផ្លូវ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​សម្រាលកូន​តាម​ផ្លូវ កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុច​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​នៅ​តាម បណ្តោយ​ផ្លូវ​វ៉េ​ង​ស្រេង ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ និង​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា និយាយ​ថា​នាង​ជា​ស្រី​អនាថា​គ្មាន​សាច់ញាតិ​នោះ តាម​ពិត​នាង​មាន​ឪពុក​ម្ដាយ និង​សាច់ញាតិ​ត្រឹមត្រូវ មិនមែន​ជា​ជនអនាថា​នោះ​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​ដែល​កោះសន្តិភាព​ទើប​ទទួល​បាន ស្ត្រី​រូប​នោះ​មិនមែន​ជា​ស្រី​ក្រមុំ​នោះ​ទេ នាង​គឺជា​ស្ត្រី​មេម៉ាយ​កូន​មួយ​ដោយ​លែងលះ​ប្ដី ព្រោះតែ​ប្ដី​របស់​នាង ជា​មនុស្ស​មិន​គិតការ​រកស៊ី ចេះ​តែ​ដើរ​ផឹកស៊ី​អួទីនួ​។ មិនតែប៉ុណ្ណោះ​នាង​គឺជា​ពល​ការិនី ធ្វើការ​នៅ​ប្រ​ទេ​ម៉ា​ឡេ​ស៊ី ដែល​មុន​ដំបូង​នាង​មាន​សតិ​ស្មារតី ពេញលេញ​ទេ​។ ប៉ុន្តែ​ក្រោយ​ពេល​នាង​ទៅ​បម្រើ​ការងារ​នៅ ប្រទេស​ម៉ា​ឡេ​ស៊ី លុះ​ត្រឡប់​មក​វិញ​ក៏​ក្លាយទៅជា​មនុស្ស​ម្នាក់​ផ្សេង​ពី​មុន មាន​សតិ​ស្មារតី​មិនសូវ​គ្រប់​ឡើយ និង​បាន​ចាកចេញ​បាត់​ពី​ផ្ទះ រយៈពេល​១​ឆ្នាំ ហើយ​បន្ទាប់​មក​មាន​ផ្ទៃពោះ ដោយ​មិនដឹង​ថា​នរណា​ម្នាក់​ចាប់រំលោភ​រហូត​នាង​មាន​ផ្ទៃពោះ​នោះ​ទេ រហូត​សម្រាល​បានកូន​ស្រី​ម្នាក់​នា​ពេល​នេះ​។

បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន កោះសន្តិភាព និង​បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុងស្រុក​រួច​មក បាន​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ របស់​នាង​បានដឹង​ពី​ដំណឹង​កូនស្រី ដែល​បាន​បាត់​ខ្លួន​១​ឆ្នាំ​មកនេះ ហើយ​នៅ​វេលា​ព្រឹក ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៦ ពួ​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​រក​កូនស្រី ដល់​មន្ទីរពេទ្យ​ជប៉ុន ដោយ​មាន​លោកស្រី ណូ សុ​វ​ណ្ណី អភិបាលរង​ខេត្តតាកែវ និង​លោក​តឹក រ៉េ​ត សម្រេច​រដ្ឋលេខាធិការ​ទីស្ដីការ គណៈរដ្ឋមន្ត្រី និង​ជា​គណៈ​ពង្រឹង​ចុះ​ជួយ​ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ខេត្តតាកែវ អញ្ជើញ​ទៅ​ជាមួយ និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១​លាន​២​សែន​រៀល និង​៥០​ដុល្លារ ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ស្ត្រី​ជា​ម្ដាយ​នាង​ម្នាក់​នោះ​បាន​និយាយ​ថា​គាត់​ឈ្មោះ អ៊ុយ ស៊ន អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ ចំណែក​ប្ដី​គាត់​ដែល​ជា​ឪពុក​នាង​ឈ្មោះ នុ​ន ជូន អាយុ​៥៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​បន្ទាយ​ធ្លាយ ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត ខេត្តតាកែវ ចំណែក​កូនស្រី​គាត់​ម្នាក់​នោះ​ឈ្មោះ ជា មឿ​ន អាយុ​៣៣​ឆ្នាំ មិនមែន​ឈ្មោះ សុខ គង្គា នោះ​ទេ​ហើយ​នាង​ក៏​មិនមែន​ស្រី​ក្រមុំ​នោះ​ដែរ​។ នាង​គឺជា​ស្រី​មេម៉ាយ​មានកូន​ស្រី​ម្នាក់​អាយុ​៣​ឆ្នាំ ប៉ុន្តែ​ដោយសារ​ជីវភាព​ក្រីក្រ គ្មាន​លទ្ធភាព​ចិញ្ចឹម បាន​ប្រគល់​ទៅ​ឲ្យ​នគរបាល​ម្នាក់​យក​ទៅ​ចិញ្ចឹម ក្រោយ​ពេល​ដែល​នាង​លែងលះ​ប្ដី ហើយ​ការ​លែង​គ្នា​ជាមួយ​ប្ដី​នោះ ក៏​ព្រោះតែ​ប្ដី​នាង​ជា​មនុស្ស​ម្នាក់ ដែល​មិន​គិតការ​រកស៊ី គិតតែ​ផឹកស៊ី​ស្រវឹង​អួទីនួ រករឿង​នាង​រាល់ថ្ងៃ​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ក្លាយជា​ស្រី​មេម៉ាយ នាង​បាន​ទៅ​ធ្វើ​ជា​ពល​ការិនី នៅ​ឯ​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​សង្ឃឹមថា និង​អាច​រក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​នៅ​ក្នុង​គ្រួ​សារបាន ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ក្រោយ​ពេល​ទៅ​ធ្វើការ​នៅ​ទីនោះ បាន​រយៈពេល​ប្រហែល​៦​ទៅ​៧​ខែ​ប៉ុណ្ណោះ ក៏​បាន​ត្រឡប់​មក​ផ្ទះ​វិញ​។ ប៉ុន្តែ​នាង​បាន​ប្រែក្លាយ​ពី​មនុស្ស​ម្នាក់​ដែល​ដឹង​ខុស​ត្រូវ ទៅ​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​ដោយ​មិនដឹង​ថា​នាង ជួប​បញ្ហា​អ្វី​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នោះ​ទេ មិនតែប៉ុណ្ណោះ​ចាប់តាំងពី​ពេល​នោះ​មក នាង​ចេះ​តែ​ដើរ​អណ្ដែត ត្រសែត​គ្មាន​គោលដៅ​ឡើយ​។

ប៉ុន្តែ​គាត់ និង​ក្រុម​គ្រួសារ​តែងតែបាន​តាម​មើល និង​នាំ​ទៅ​ផ្ទះ​វិញ​ជា​បន្តបន្ទាប់​លុះដល់​អំឡុង ខែសីហា ឆ្នាំ​២០១៥ ខណៈ​ដែល​ក្រុម​គ្រួសារ ជាប់រវល់​ការងារ​ភ្លេចខ្លួន ស្រាប់តែ​បាត់​នាង​ពី​ផ្ទះ ហើយ​តាម​រក​មិនឃើញ​ឡើយ ចេះ​តែ​រង់ចាំ​ស្ដាប់​ដំណឹង ពី​មជ្ឈដ្ឋាន​នានា​រហូត​មក​។ ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​ព្រឹក​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ នេះ​ទើប​ទទួល​បាន​ដំណឹង តាម​កាសែត​ថា​មាន​ស្ត្រី ម្នាក់​សម្រាលកូន​តាម​ផ្លូវ ប៉ុន្តែ​ពេល​នោះ គាត់​មើលឃើញ​ក្នុង​កាសែត​ឈ្មោះ សុខ គង្គា ខុស​ពី​ឈ្មោះ​កូនស្រី​គាត់ ប៉ុន្តែ​មានស្រុក​កំណើត​នៅ​ក្នុងភូមិ ឃុំ ស្រុក និង​ខេត្ត ដែល​គាត់​រស់នៅ ហើយ​មើលរូប​បាន​កំណត់​ថា​ជា​កូនស្រី​គាត់​។

ទើប​គាត់​ធ្វើ​ដំណើរ​ពី​ខេត្តតាកែវ ទៅ​មន្ទីរពេទ្យ​ជប៉ុន ហើយ​ពេល​ទៅ​ដល់​បាន​ស្គាល់​ថា ជា​កូនស្រី​គាត់​ពិតប្រាកដ ប៉ុន្តែ​គាត់​មិន​បានដឹង​ថា កូន​មាន​ផ្ទៃពោះ ជាមួយ​នរណា ឬ​ត្រូវ​នរណា​ចាប់រំលោភ​នាង​នោះ​ទេ ព្រោះ​កូនស្រី​ដ៏​គួរ​ឲ្យ​អាណិត​របស់​គាត់ មាន​សតិ​មិនល្អ និង​មិនដឹង​ថា​នាង​សម្រាក​នៅ​កន្លែង​ណាខ្លះ និង​វេទនា​យ៉ាងណា​នោះ​ឡើយ​៕