បើក​ត្រាក់ទ័រ​ភ្ជួរ​ចម្ការ កិន​ចំ​មីនតោន​ផ្ទុះ​ស្លាប់

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា បុរស​ម្នាក់​បាន​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ ហើយ​បាន​កិន​ចំ​គ្រាប់​មីនតោន​ដែល​កប់​ក្នុង​ដី​ផ្ទុះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៦​នេះ នៅ​ត្រង់​ចំណុច​ភូមិ​ប៊ួ​រុន ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល​។ សមត្ថកិច្ច​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ជិន កំសាន្ត ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​បាន​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​របស់​ខ្លួន​ដែល​ធ្លាប់​ភ្ជួរ​ដាំ​ដំណាំ​រាល់​ឆ្នាំ តែ​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ឡើយ​។ លុះ​ចាប់ផ្ដើម​ចុះ​ភ្ជួរ​ឆ្នាំ​នេះ ស្រាប់តែ​ប៉ះ​ចំ​គ្រាប់​មីនតោន​ផ្ទុះ​ស្លាប់​តែ​ម្ដង​។ សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ដែរ​ថា គ្រាប់​មីនតោន​ដែល​ផ្ទុះ​នោះ​ជា​គ្រាប់​ដែល​កប់​ក្នុង​ដី ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ហើយ​តំបន់​នោះ​ជា​អតីត​សមរភូមិ​ក្ដៅ ទើប​នៅ​មាន​គ្រាប់​មីន​កប់​ក្នុង​ដី​បែប​នេះ​៕