ទោះ ដូ​ណា​ល់ ត្រាំ សង់​«​ជញ្ជាំង​»​ក៏ដោយ ម៉ិ​ក​ស៊ិ​ក​នឹងមិន​បង់លុយ​ថ្លៃ​សង់​ឡើយ​ និពន្ធដោយ : ថ្មីៗ       September-01-2016, 8:19 pm         858

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទោះ ដូ​ណា​ល់ ត្រាំ សង់​«​ជញ្ជាំង​»​ក៏ដោយ ម៉ិ​ក​ស៊ិ​ក​នឹងមិន​បង់លុយ​ថ្លៃ​សង់​ឡើយ​បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ ដូណាល់ត្រាំ ជាមួយប្រធានាធិបតី​ម៉ិកស៊ិកលោក Pena Nieto ក្នុងសន្និសីទសារព័ត៌មានរួមគ្នានា​ថ្ងៃពុធ​លោក ដូ​ណា​ល់​ត្រាំ បានបញ្ជាក់​ច្បាស់​ក្នុង​សន្និសីទ​ជាមួយ​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក  Enrique Peña Nieto ថ្ងៃ​ពុធ​ទី ៣១​សីហា ថា សហរដ្ឋអាមេរិក​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​សាងសង់​ជញ្ជាំង​ដើម្បី​ទប់ស្កាត់​ជនអន្តោប្រវេសន៍​ខុសច្បាប់​។ ប៉ុន្តែ​មេដឹកនាំ​ម៉ិ​ក​ស៊ិ​កបាន​តប​វិញ​ថា បើ​អាមេរិក​សង់ ក៏​សង់​ទៅ​ចុះ តែ​កុំ​សង្ឃឹម​ម៉ិ​កសិក​បង់លុយ​ថ្លៃ​សាងសង់​ឲ្យ​សោះ​។ ទោះបីជា​ជំនួប​លើកដំបូង ហាក់​មិនសូវ​ស្និទ្ធស្នាល និង​ឆ្គាំឆ្គង​បន្តិច​ក៏ដោយចុះ  តែ​វា​បង្ហាញថា ម៉ិ​ក​ស៊ិ​ក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បន្ត​ធ្វើការ​ជាមួយ​អាមេរិក បើសិន ដូ​ណា​ល់​ត្រាំ ជាប់ឆ្នោត​។​

​កាលពី​ឆ្នាំមុន ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត លោក​បាន​ផ្តោត​សំខាន់​លើ​បញ្ហា​ជនអន្តោប្រវេសន៍​មកពី​ម៉ិ​ក​ស៊ិ​ក​។ លោក​បាន​ទិតៀន​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​កឥត​សំចៃមាត់ និង​ចោទថា​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​កបាន​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន និង រំលោភ​សេពសន្ថវៈ​មកកាន់​សហរដ្ឋអាមេរិក​ផង​។ ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​លោក បាន​សន្យា​ជាមួយ​បណ្តា​អ្នកគាំទ្រ​លោក​ថា បើសិន​លោក​ជាប់ឆ្នោត លោក​នឹង​សង់​ជញ្ជាំង​ព័ទ្ធ​សហរដ្ឋ​អាម​រិ​ក​ដើម្បី​រារាំង​ក្រុម​ជនអន្តោប្រវេសន៍ (​ដោយ​បង្ខំ​ឲ្យ​ម៉ិ​ក​ស៊ិ​ក​បង់លុយ​) និង​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ម៉ិ​ក​ស៊ិ​ក​ទៅ​ប្រទេស​វិញ​ផងដែរ​។​

​ដោយ​ទ្រាំ​មិនបាន​នឹង​ការ​បរិហារ​របស់​បេក្ខជន​ប្រធានាធិបតី​ម្នាក់នេះ ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក  Enrique Peña Nieto បាន​ឆ្លើយតប​វិញ ដោយ​ប្រដូច​លោក ដូ​ណា​ល់ ត្រាំ ទៅនឹង​មេដឹកនាំ​ផ្តាច់កា​រណា​ស៊ី​អាល្លឺម៉ង់ Adolf Hitler និង​មេដឹកនាំ​ហ្វា​ស៊ី​ស​អ៊ីតាលី Benito Mussolini ថែម​ទៀតផង​។​

​យ៉ាងណាក៏ដោយ ក្រោយ ដូ​ណា​ល់ ត្រាំ ក្លាយជា​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​សាធារណរដ្ឋ ជា​ផ្លូវការ​ហើយ​នោះ មេដឹកនាំ​ម៉ិ​ក​ស៊ិ​កបាន​បន្ទន់​ជំហរ ប្តូរ​ពាក្យសម្តី  ហើយក៏​អញ្ជើញ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ទាំងពីរ​នាក់​ទៅ​ទស្សនកិច្ច​នៅ​ម៉ិ​ក​ស៊ិ​កទៀត​។

​ក្រោយ​ឃើញ​លិខិតអញ្ជើញ បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ប្រវេប្រវា​រៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ម៉ិ​ក​ស៊ិ​ក ដើម្បី​ទៅ​ជួប​ប្រ​ធានា​ធីប​តី Enrique Peña Nieto​។ លោក ដូ​ណា​ល់​ត្រាំ ហាក់បីដូចជា​សប្បាយរីករាយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ ហើយ​លោក​បាន​ត្រៀមខ្លួន​ស្រេច​ដើម្បី​ជជែក​ពី​បញ្ហា​ជនអន្តោប្រវេសន៍​និង​គោលនយោបាយ​អាមេរិក​ជាមួយ​មេដឹកនាំ​ម៉ិ​ក​ស៊ិ​ក​។  ទៅ​ម៉ិ​ក​ស៊ិ​កូ​មិនមែនជា​ទស្សនកិច្ច​បរ​ទេស​លើកទីមួយ​ក្នុងនាម​ជា​បេក្ខជន​ប្រធានាធិបតី​ឡើយ ព្រោះ​កាលពី​ខែមិថុនា​កន្លងមក​លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​ទៅ​ស្កុ​តឡែ​ន និង​អៀឡង់​ផងដែរ​។​

១. លោក ដូ​ណា​ល់ ត្រាំ​៖  អាមេរិក​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការសង់​ជញ្ជាំង​
​ពេលទៅដល់​ម៉ិ​ក​ស៊ិ​ក លោក ដូ​ណា​ល់ ត្រាំ និង​លោក​Enrique Peña Nieto បានរៀបចំ​កិច្ចប្រជុំ​បិទទ្វារ​មួយ មុន​ចូលរួម​សន្និសីទ​សារព័ត៌មាន​។ ប៉ុន្តែ​មិនមាន​ព័ត៌មាន​លម្អិត​ឡើយ ពាក់ព័ន្ធ​ប្រធានបទ​នៃ​កិច្ចប្រជុំ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា លោក ដូ​ណា​ល់ ត្រាំ បាន​ឈរ​ទន្ទឹម​ជាមួយ​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក ហើយ​សន្និសីទ​សារព័ត៌មាន​លើកដំបូង​នេះ​ហាក់​មាន​ភាពឆ្គាំឆ្គង និង​ចង្អៀតចង្អល់​បន្តិច​ដែរ​។ នេះ​ក៏​ព្រោះថា អ្នក​ទាំងពីរ​ធ្លាប់តែ​ទិតៀន​គ្នា និង​ឆ្លើយឆ្លង និង​ញុះញង់​គ្នា​ដោយ​ពាក្យសម្តី តែ​មិន​ធ្លាប់​ឈរ​ទន្ទឹមគ្នា​ដូច​សម​ភាគី​បែប​នេះឡើយ​។ តែ​យ៉ាងហោចណាស់ វា​ជាការ​ចាប់ផ្តើម​មួយ ហើយ​វា​ក៏​ផ្តល់​ប្រយោជន៍​សម្រាប់​ការធ្វើការ​ជាមួយគ្នា​ពេលអនាគត​ដែរ បើសិនជា ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​។​

​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន សេដ្ឋី ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ច្បាស់​ថា សហរដ្ឋអាមេរិក​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​សាងសង់​ជញ្ជាំង​ដែលមាន​ចម្ងាយ​ប្រហែល ៣២០០ គីឡូម៉ែត្រ​ជាប់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ លោក​ថ្លែងថា​៖​​« យើង​ទទួលស្គាល់​និង​គោរព​សិទ្ធ​នៃ​ប្រទេស​ទាំងពីរ​ក្នុងការ​សាងសង់​របាំង ឬ​ជញ្ជាំង​នៅតាម​ព្រំដែន​»​។

​តែ​យ៉ាងណាមិញ បេក្ខជន​រូបនេះ​បានបញ្ជាក់​ច្បាស់​ថា មកទល់ពេលនេះ​លោក​មិនទាន់បាន​ជជែក​រឿង​«​ថា​តើ​អ្នកណា​នឹងត្រូវ​បង់លុយ​ថ្លៃ​សាងសង់​ជញ្ជាំង​»​នេះឡើយ​។ នេះ​មានន័យថា រឿងនេះ​នឹងត្រូវ​សម្រេច ពេល​ក្រោយ ពោលគឺ​ពេល​លោក​ឈ្នះឆ្នោត​។​

២. Pena Nieto៖« ខ្ញុំ​ប្រា​ប់លោក ដូ​ណា​ល់ ត្រាំ ថា ម៉ិ​ក​ស៊ិ​ក​នឹងមិន​បង់លុយ​ថ្លៃ​ជញ្ជាំង​ឡើយ​»
​ចំណែក​ប្រធានាធិបតី ម៉ិ​ក​ស៊ិ​ក​ហាក់​ប្រឹង​រក្សា​ជំហរ​ដោយ​ប្រើប្រាស់​ភាសា​ការទូត​ច្រើន​ក្នុង​សន្និសីទ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ​។ លោក​បាន​ប្រាប់ លោក ដូ​ណា​ល់ ត្រាំ ថា វា​ជា​រឿង​សំខាន់បំផុត​ដែល​ប្រទេស​ទាំងពីរ​ត្រូវ​ផ្លាស់ប្តូរ​បន្ទាត់​ព្រំដែន​រួមគ្នា​ពី​រឿងចម្រូងចម្រាស​ទៅជា​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​វិញ​។​

​ប៉ុន្តែ​លោក បាន​ឆ្លៀតឱកាស​បង្ហើប​ផងដែរ​ថា ពាក្យពេចន៍​របស់លោក ដូ​ណា​ល់ ត្រាំ ពាក់ព័ន្ធ​បញ្ហា​ជនអន្តោប្រវេសន៍ បានធ្វើ​ឲ្យ​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​មិន​ស្រួល​ចិត្ត​ឡើយ​។ លោក​អធិប្បាយ​ថា​៖«​ប្រជាជន​ម៉ិ​ក​ស៊ិ​កមាន​អារម្មណ៍​ឈឺចាប់​ចំពោះ​ពាក្យសម្តី​របស់លោក ដូ​ណា​ល់ ត្រាំ​។  ប៉ុន្តែ​ខ្ញុំ​ជឿជាក់ថា ប្រយោជន៍​ធំ​របស់​យើង​គឺ​កសាង​សម្ព័ន្ធភាព​ដែល​អាចធ្វើ​ឲ្យ​សង្គម​យើង​មាន​ភាពសុខសាន្ត​និង​រីកចម្រើន​»​។​

​ដោយឡែក ទាក់ទង​បញ្ហា​សង់​ជញ្ជាំង ក្រោយ​បញ្ចប់​ជំនួប​ទ្វេភាគី លោក​និយាយ​ដោយ​ឥតមាន​លាក់បាំង​ថា ម៉ិ​ក​ស៊ិ​ក​នឹងមិន​បងលុយ​ចំពោះ​សំណើរ​សាងសង់​ជញ្ជាំង​របស់លោក ដូ​ណា​ល់ ត្រាំ​ឡើយ​។ លោក​បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter ថា​៖« ពេល​ចាប់ផ្តើម​កិច្ចសន្ទនា​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ខ្ញុំ​បាន​និយាយ​ច្បាស់​ហើយ​ថា ម៉ិ​ក​ស៊ិ​ក​នឹងមិន​ចំណាយលុយ​សម្រាប់​ការសាងសង់​ជញ្ជាំង​ឡើយ​»៕