ប្រជាជននៅខេត្តឧត្តរមានជ័យ កំពុងរងការគម្រាមកំហែងពីទឹកជំនន់

6 Videos


បីទៅបួនថ្ងៃមកហើយ ដែលមានភ្លៀងធ្លាក់យ៉ាងគម្ហុកនៅក្នុងភូមិសាស្ត្ររបស់ខេត្តឧត្តរមានជ័យ បណ្តាលឲ្យមានការលិចលង់ផ្ទះសំបែងប្រជាជន និងបំផ្លាញហេដ្ឋារចនាសម្ពន្ធ័មួយចំនួន ពិសេសផ្លូវ ថ្នល់ជាច្រើនត្រូវបានលិចលង់បណ្តាលឲ្យខូចខាតយ៉ាងដំណំ ។

ពេលនេះជំនន់ទឹកភ្លៀង បានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនភូមិ ដែលការជន់លិចនេះ គឺបានកើតមានឡើង ចាប់តាំងពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រឡាយ ស្ពានសាលារៀន អាគាររដ្ឋបាលភូមិ ឃុំខ្លះ និង លំនៅដ្ឋានពលរដ្ឋរាប់សិបខ្នងត្រូវជំនន់ទឹកភ្លៀងហូរកាត់លិចទីធ្លា និង គម្រាមកំហែង នាំឱ្យប្រឈមគ្រោះថ្នាក់ ។ ទីតាំងលិចលង់ទាំងនោះស្ថិតនៅតាមបណ្តាភូមិមួយចំនួនក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យតែម្តង ។

ប្រជាជននៅខេត្តឧត្តរមានជ័យ កំពុងរងការគម្រាមកំហែងពីទឹកជំនន់

លោក ជួន រតនាវង្ស មន្ត្រីក្រុមប្រឹក្សាឃុំអន្លង់វែងបានឱ្យដឹងថា គ្រោះជំនន់ទឹកភ្លៀងរដូវវស្សាដែលហូរធ្លាក់ពីលើជួរភ្នំដងរ៉ែកព្រំដែនកម្ពុជា-ថៃ និង ភ្លៀងក្នុងភូមិសាស្ត្រនេះផងដែរនោះ បង្កឲ្យលិចលង់នៅក្នុងភូមិរំចេក ភូមិរំចេកលិច និងភូមិដទៃទៀត នៅក្នុងឃុំ ស្រុកអន្លង់វែង ។ ពេលនេះប្រជាពលរដ្ឋខ្លះ ត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋានទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០១៦ មកម្លេះ ។ ប្រជាពលរដ្ឋនៅទីនោះបានជញ្ជូនសម្ភារ:ប្រើប្រាស់ចេញ ហើយរង់ចាំទឹកស្រក ទើបវិលត្រឡប់ទៅវិញ ។

ប្រជាជននៅខេត្តឧត្តរមានជ័យ កំពុងរងការគម្រាមកំហែងពីទឹកជំនន់

លោក ហោ ជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង បានឲ្យដឹងដែរថា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់នេះ មន្ត្រីអាជ្ញាធរ និង កងកម្លាំង ពិសេសអ្នកភូមិដូចគ្នាក៏បានចុះជួយជន្លៀស ជួយសង្គ្រោះ ឬ ដឹកប្រជាពលរដ្ឋ ពិសេសកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា ចេញមុន ។ ហេតុការណ៍គ្រោះទឹកជំនន់នេះ មិនមានពត៌មានថា មានអ្នករងរបួស ឬ គ្រោះថ្នាក់រហូតដល់បាត់បងជីវិតនោះដែរ ។ ទឹកជំនន់ទឹកភ្លៀងនេះបានបង្កផលប៉ះពាល និង ដាច់ផ្លូវប្រវែង ៧៥០ ម៉ែត្រ ស្ពានដែកបាឡេប្រវែង ២០ ម៉ែត ត្រូវបានជំនន់ទឹកភ្លៀងកាត់ផ្តាច់ លំនៅដ្ឋានពលរដ្ឋ ២៥ ខ្នង និង ដំណាំកសិកម្មជាង ៥០ ហិចតារ ត្រូវបានទឹកលិច ។

ប្រជាជននៅខេត្តឧត្តរមានជ័យ កំពុងរងការគម្រាមកំហែងពីទឹកជំនន់

ក្រៅពីនេះដោយមានភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់ បានធ្វើឱ្យទឹកក្នុងអាងទំនប់តាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហក់ឡើងដល់កំរិតកម្ពស់ប្រុងប្រយ័ត្ន ២,៩០ ម៉ែត្រ ដែលជាកំរិតប្រកាសអាសន្នផងដែរ ៕

សុថាត់