ក្រោយ​អូស្ត្រាលី រំលោភ​ការទុកចិត្ត ទី​ម័​រ​ខាងកើត រត់​រក​តុលាការអន្តរជាតិ​ឲ្យ​ជួយ និពន្ធដោយ : ថ្មីៗ       September-01-2016, 10:39 pm         480

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រោយ​អូស្ត្រាលី រំលោភ​ការទុកចិត្ត ទី​ម័​រ​ខាងកើត រត់​រក​តុលាការអន្តរជាតិ​ឲ្យ​ជួយ​គឺ​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មកហើយ​ក្រោយ​ទទួលបាន​ឯករាជ្យ​ពេញលេញ រដ្ឋ​កោះ​ដ៏​តូច​ដែល​សំបូរ​ប្រេង​ទី​ម័​រ​ខាងកើត មិនទាន់មាន​ព្រំដែន​អចិន្ត្រៃយ៍​មួយ​ពិតប្រាកដ​ជាមួយនឹងរ​ដ្ឋ​ជិតខាង ជាពិសេស អូស្ត្រាលី​នៅឡើយ​នោះទេ​។ ភាពមិន​ដាច់ស្រេច​នេះ បាន​បង្ក​ឲ្យ​មាន​ចម្រូងចម្រាស​ជាច្រើន​ក្នុងការ​បែងចែក​តំបន់​ត្រូវ​អភិវឌ្ឍន៍ និង ផលប្រយោជន៍​លើ​តំបន់​ត្រួតស៊ីគ្នា​ដែល​សំបូរ​ទៅដោយ​ប្រេង​នោះ​។
ចុងក្រោយ​នេះ ទី​ម័​រ​ខាងកើត បានប្រកាស​សុំ​ជំនួយ​ពី​អង្គការសហប្រជាជាតិ​ដើម្បី​ជា​អាជ្ញាកណ្តាល​សម្របសម្រួល ដ្បិត​កិច្ចព្រមព្រៀងទ្វេភាគី​កន្លងមក​ទី​ម័​រ​ខាងកើត​បានចាត់ទុក​ថា​ជា​កេង​ប្រ​វ​ញ្ច័​។  តែ​ក្តីសង្ឃឹម​នៃ​ដំណោះស្រាយ នៅមាន​តិច ដ្បិត​អូស្ត្រាលី​បាន​បដិសេធ​មិន​ទទួលស្គាល់​ចំណាត់ការ និង​យុត្តាធិការ​តុលាការ​លើ​ការដោះស្រាយ​បញ្ហា​អធិបតេយ្យ​នោះទេ​។

​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត បាននិងកំពុង​ពឹងផ្អែក​ខ្លាំង​លើ​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អចិន្ត្រៃយ៍​ក្រុងឡាអេ​ដើម្បី​បង្កើត​យន្តការ​សន្ធានកម្ម ឬ​ការចរចា​តាមច្បាប់​អន្តរជាតិ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ និង​កំណត់ព្រំដែន​អចិន្ត្រៃយ៍​ពិត​ប្រាក​មួយ​របស់ខ្លួន​នៅក្នុង​តំបន់​សមុទ្រ​ទី​ម័​រ (Timor Sea)​ជាមួយនឹង​អូស្ត្រាលី​ដែលជា​តំបន់​សំបូរ​ដោយ​ប្រេង​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។ រដ្ឋាភិបាល​ដែល​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ពី​ប្រេង​រូបនោះ ក៏បាន​ជូនដំណឹង​ទៅកាន់ អូស្ត្រាលី​ដែលជា​ភាគី​ជម្លោះ​អំពី​ដំណើរ​នៃ​ការធ្វើ​សន្ធានកម្ម​នោះ ត្រូវបាន​ប្រព្រឹត្តឡើង​ក្រោម​អំណាច​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​(UNCLOS)​។ តែ​អូស្ត្រាលី ច្រានចោល​ដោយ​បញ្ជាក់ថា តុលាការ​គ្មាន​យុត្តាធិការ​ដោះស្រាយ​ឡើយ​។​

​ហេតុអ្វី​ទី​ម័​រ​ខាងកើត​មិន​ប្រើប្រាស់​កិច្ចព្រមព្រៀងទ្វេភាគី​ដែលមាន​ស្រាប់​ជាមួយនឹង​អូស្ត្រាលី​?
​តាមពិតទៅ ទី​ម័​រ​ខាងកើត និង​អូស្ត្រាលី ធា្ល​ប់​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​លើ​បញ្ហា​ព្រំដែន​មួយចំនួន​ផងដែរ តែ​កិច្ចព្រមព្រៀង​ទាំងនោះ មិនបាន​កំណត់​ពី​ព្រំដែន​អចិន្ត្រៃយ៍​នោះទេ ។ ក្នុង​ឆ្នាំ​២០០២ ទី​ម័​រ​ខាងកើត បាន​ចុះហត្ថលេខា​ជាមួយនឹង​អូស្ត្រាលី​លើ​សន្ធិសញ្ញា​សមុទ្រ​ទី​ម័​រ ដែល​ក្នុង​កិច្ចព្រមព្រៀង​នោះ ភាគី​ទាំងពីរ ក៏បាន​កំណត់​ពី​តំបន់​មួយចំនួន​ដែលជា​តំបន់​អភិវឌ្ឍន៍​រួម​ដើម្បី​រុករក​ប្រេង​។ ក្រោយមកទៀត​ភាគី​ទាំងពីរ បាន​ចុះ​កិច្ចព្រមព្រៀង​លើស​ន្ធិ​ស​ញ្ញ​មួយទៀត​ស្តី​ការរៀបចំ​ដែនសមុទ្រ​ទី​ម័​រ​ឆ្នាំ​២០០៦(CMATS) ដែល​ក្នុងនោះ​មាន​ចំណុច​មួយ​បានបញ្ជាក់​ថា​ភាគី​ទាំងពីរ​កំណត់​រយៈពេល​៥០​ឆ្នាំ​ដើម្បី​ចរចា​លើ​បញ្ហា​ព្រំដែន​សមុទ្រ​អចិន្ត្រៃយ៍​។

​យ៉ាងណាក៏ដោយ នៅ​ឆ្នាំ​២០១២ លោក Xanana Gusmao ដែល​នៅពេលនោះ​ជា​នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត បាន​រកឃើញថា អូស្ត្រាលី បានធ្វើ​ចារកម្ម​លើ​ខ្លួន ពោលគឺ​ភ្នាក់ងារ​ចារកម្ម​អូស្ត្រាលី បាន​បង្កប់​ឧបករណ៍​ស្រូប​សំឡេង​នៅ​បន្ទប់​គណៈរដ្ឋមន្ត្រី​រប​ស់​ទី​ម័​រ​ខាងកើត​ក្នុងពេល​ភាគី​ទាំង​ពីរបាន​ដំណើរការ​នៃ​ការចរចា​គ្នា​។ ដោយសារ​បញ្ហា​នេះ ទី​ម័​រ​ខាងកើត បានបញ្ចប់​សុពលភាព​នៃ​កិច្ចព្រមព្រៀង​នោះ ដោយ​ចោទប្រកាន់​អូស្ត្រាលី​ថា មិនបាន​បង្ហា​ញី​ភាពស្មោះត្រង់​។

​ក្នុង​ឆ្នាំ​២០១៣ ទី​ម័​រ​ខាងកើត បានចាប់ផ្តើម​ដាក់​បណ្តឹង​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នោះ​។ ក្នុង​បណ្តឹង​នោះ បាន​អះអាងថា សន្ធិសញ្ញា ដែល​បាន​បែងចែក​តំបន់​អភិវឌ្ឍន៍​រវាង​អូស្ត្រាលី និង​ទី​ម័​រ​ខាងកើត លែងមាន​សុពលភាព​ទៀតហើយ ដ្បិត​ការចរចា​រវាង​ភាគី​ទាំងពីរ​ក្នុង​ឆ្នាំ​២០០៦​មិនបាន​បង្ហាញ​ពី​ភាពស្មោះត្រង់​នោះទេ​។

​ក្រោយមក​នៅ​ឆ្នាំ​២០១៤ ទី​ម័​រ​ខាងកើត បាន​យល់ព្រម​ទទួល​សំណើ​របស់​អូស្ត្រាលី​ដើម្បី​ផ្អាក​ដំណើរការ​នោះ​សិន និង​បន្ត​ការចរចា​បន្ថែម​ឡើងវិញ​។ ជុំវិញ​ការព្រមព្រៀង​នេះ លោក Xanana Gusmao អតីត​មេដឹកនាំ​កំពូល​ទី​ម័​រ​ខាងកើត និង​ជា​ភាគី​ចរចា​កិច្ចព្រមព្រៀង​សមុទ្រ​ទី​ម័​រ បាន​ពន្យល់ថា ការពន្យារពេល​វិធានការ​ផ្នែក​ច្បាប់ ក្នុង​ឆ្នាំ​២០១៤ ក៏​ព្រោះតែ​ទី​ម័​រ​ខាងកើត គិតថា វា​នឹង​អាច​ខិត​ទៅរក​ការចរចា​លើ​ព្រំដែន​សមុទ្រ​។ លោក Gusmao បាន​បន្ថែមថា គិត​ចាប់ពីពេលនោះ​មក ការចរចា​ប្រៀបប្រដូច​ប្រដូច​ទៅនឹង «​ហៅ​ទី​ម័​រ​ខាងកើត​ស្តាប់ តែ​មិនអាច​និយាយ​អ្វី​បាន​ទាំងអស់​»​។​

​ចុងក្រោយ​នេះ បន្ទាប់ពី​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ដែលមាន​ការចូលរួម​ពី​ប្រជាជន​ទី​ម័​រ​ខាងកើត​រាប់ពាន់នាក់​ដោយ​បាន​ចោទ​រដ្ឋាភិបាល​អូស្ត្រាលី​ខ្លាំងៗ​ថា​បាន​រំលោភបំពាន​អធិបតេយ្យ​ពួកគេ​ដោយ​ខុសច្បាប់​នោះ រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត ក៏បាន​ផ្តើម​នីតិវិធី​ជាថ្មី​ទៅកាន់​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អចិន្ត្រៃយ៍​ក្រុងឡាអេ​នេះ​ប្រទេស​ហូ​ឡង់​(PCA = Permanent Court Arbitration)​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​តុលាការអន្តរជាតិ​ក្រុងឡាអេ​នោះ ទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦ បានដាក់​សំណើ​ទៅកាន់​តុលាការ​ដើម្បី​បង្កើត​«​គណៈកម្មការ​សន្ធានកម្ម​»​ស្តី​ព្រំដែន​ដ​សមុទ្រ​ទី​ម័​រ​ខាងកើត និង​អូស្ត្រាលី​ជា​ផ្លូវការ​។

​នៅ​ថ្ងៃទី​២៩ ខែសីហា​កន្លងទៅ លោក Gusmao ដែលជា​ប្រធាន​ចរចា​ក្នុង​សំណុំ​រឿងនេះ​ផងដែរ​នោះ បាន​ថ្លែងប្រាប់​តុលាការ​ថា កិច្ចព្រមព្រៀង​ដែល​ទី​ម័​រ​ខាងកើត​បាន​ចុះហត្ថលេខា​ជាមួយនឹង​អូស្ត្រាលី​នៅ​ឆ្នាំ​២០០៦ ដោយសារ​ស្ថានភាព​បង្ខំ ក៏ដូចជា​មិនបាន​ដឹងថា អូស្ត្រាលី រំលោភ​លើ​ខ្លួន​ឡើយ​។ ក្នុងនោះ​ពេលនោះ​ដែរ លោក​ប្រមុខ​ចរចា​រូបនោះ បាន​សម្តែង​ការសោកស្តាយ​ចំពោះ​អូស្ត្រាលី​ដែល​បាន​បដិសេធ​ចំពោះ​ការចរចា​តាមច្បាប់​អន្តរជាតិ​កន្លងមក ហើយក៏​ស្នើ​ឲ្យ​អូស្ត្រាលី ចូលរួម​ដោះស្រាយ​ក្នុងនាម​ជា​ភាគី​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​ផងដែរ​។ អ្វី​គួរកត់សម្គាល់​នោះ ទី​ម័​រ​ខាងកើត បានស្នើ​ឲ្យ​តុលាការ​ប្រើប្រាស់​យន្តការ​«​សម​ចម្ងាយ ដែល​ភាសា​អង់គ្លេស​ហៅថា quidistance ឬ median line »​។ ឆ្លៀត​ពេលនោះ លោក ក៏បាន​បញ្ជាក់​មូលហេតុ​ដែល​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត​តែងតែ​ដង្ហោយ​រក​ជំនួយ​សហគមន៍​អន្តរជាតិ «​ក៏​ព្រោះតែ​ខ្លួន​គ្មាន​ប្រាក់ ហើយ​មានតែ​សម្រេចចិត្ត​សុំ​គេ​ប៉ុណ្ណោះ​នោះឯង​»​។

​អូស្ត្រាលី បដិសេធ​មិន​ទទួលស្គាល់​តុលាការ ហើយ​ប្រកាន់យក​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​ទី​ម័​រ​ខាងកើត​ថា​បំពាន​ខ្លួន​នោះ​
​យ៉ាងណាក៏ដោយ អូស្ត្រាលី បាន​បដិសេធ​ដាច់ខាត​មិន​ដោះស្រាយ​តាម​យន្តការ​របស់​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អចិន្ត្រៃយ៍​ដែល​ទី​ម័​រ​បាន​បង្កើត​«​គណៈកម្មការ​សន្ធានកម្ម​នោះឡើយ ដោយ​អូស្ត្រាលី បញ្ជាក់ថា តុលាការ​មិនមែន​យុត្តាធិការ​។ ហើយ​នោះ​ក៏​ព្រោះតែ នៅ​២០០២ មុន​ពីរ​ខែ​នៃ​ការប្រកាស​ឯករាជ្យ​រប​ស់​ទី​ម័​រ​ខាងកើត អូស្ត្រាលី បានដាក់​«​ខ​លក្ខខណ្ឌ​»​ដោយ​សម្ងាត់​លើ​អនុសញ្ញា​UNCLOS  ដោយ​មិន​ទទួល​ការដោះស្រាយ​តាម​និ​តី​វិធី​នៃ​អនុសញ្ញា​នោះ​។ នោះ ក៏​បញ្ចូល​ទាំង​នីតិ​វ​ធី​ម​ជ្ឈ​ត្ត​កម្ម ឬ​សន្ធានកម្ម​ដែល​ទី​ម័​រ​ខាងកើត​កំពុងតែ​ធ្វើ​ផងដែរ​។

​ជុំវិញ​បញ្ហា​នេះ​ថ្មីៗ​នេះ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី Bishop និង​អគ្គព្រះរាជអាជ្ញា George Brandis បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​ដោយ​បញ្ជាក់ថា ពួកគេ​មិន​ជឿជាក់ថា គណៈកម្មការ​សន្ធានកម្ម​នោះ អាច​ដោះស្រាយ​បញ្ហា​បានឡើយ ដ្បិត​អូស្ត្រាលី នៅតែ​ប្រើប្រាស់​កិច្ចព្រមព្រៀង​ឆ្នាំ​២០០៦ ដែល​ពួកគេ​ថា កំពុងតែ​ចូល​ជា​ធរមាន​ផងដែរ​នោះ​។ 

​សេចក្តីថ្លែងការណ៍​រួម​នោះ ក៏បាន​និយាយ​ដែរ​ថា យោងតាម​កិច្ចព្រមព្រៀង​កន្លងមក​ដែលមាន​លក្ខណៈ​ស្របតាម​ច្បាប់​អន្តរជាតិ និង​ចាប់បង្ខំ​ផ្នែក​ច្បាប់​ផងដែរ​នោះ អូស្ត្រាលី នឹង​ជំទាស់​គណៈកម្មការ ដែល​មិនមាន​យុត្តាធិការ​ដើម្បី​បើក​សវន​ការជំនុំជម្រះ​បញ្ហា​ព្រំដែន​សមុទ្រ​នោះឡើយ​៕