ចោរ​ពីរ​នាក់​ប្រើល្បិច​ឲ្យ​ឌុប​ចុះ​ឌុប​ឡើង ដល់​កន្លែង​ស្ងាត់​វាយ​ទ្រម​ប្លន់​យក​ម៉ូតូ​

ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានក្រុមចោរ ព្រួតគ្នាវាយបែកមុខមាត់ហូរឈាមពេញខ្លួន ប្លន់យកម៉ូតូហុងដាឌ្រីមជិះគេចខ្លួនបាត់ កាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦ នៅចំណុចខាងកើតវត្តឫស្សីសាញ់ ក្នុងដីឡូត៍មួយកន្លែងខណៈស្ងាត់ផងនោះ ភូមិប្រការ សង្កាត់ព្រៃស ខណ្ខដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះកៅ រឿន អាយុ៣៩ឆ្នាំមុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលស្ថិតនៅផ្សារព្រៃទាសង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលក្រុមចោរប្លន់នោះម៉ាកហុងដាសេ១២៥ពណ៌ខ្មៅសេរី២០១០ ពាក់ស្លាកលេខភ្នំពេញ1AU-7279 ។

ជនរងគ្រោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុជនសង្ស័យពីនាក់បានដើរមកហៅគាត់ឲ្យឌុបដោយថាឲ្យជូនទៅផ្ទះមិត្តភក្តិរបស់គេពួកគេនៅកាណាឌីយ៉ា ខណៈទៅដល់កាណាឌីយ៉ារួចហើយជនសង្ស័យក៏ប្រើល្បិចឲ្យឌុបទៅបូរីពិភពថ្មីនៅខណ្ឌដង្កោថែមទៀតដោយជិះតាមផ្លូវទួលពង្ររហូតដល់ខាងកើតវត្តឫស្សីសាញ់ ដែលជាកន្លែងស្ងាត់ ពួកគេក៏ប្រាប់គាត់ឲ្យឈប់ហើយក៏ធ្វើសកម្មភាពព្រួតវាយជនរងគ្រោះបណ្ដាលឲ្យបែកមុខហូរឈាមជោកខ្លួនសន្លប់មួយភាំទៅ។ ជនសង្ស័យទាំងពីរនាក់បានយកម៉ូតូជិះគេចខ្លួនបាត់សម្រេលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងបានត្រឹមតែដឹកជនរងគ្រោះយកទៅប្រគល់ឲ្យសាច់ញាត្តិនៅផ្លូវព្រៃសដើម្បីដឹកបន្តយកទៅមន្ទីរពេទ្យព្យាបាល៕

KA-01-09-2016-18