នាយក​រដ្ឋ​មន្ត្រី​បារាំង៖ ខ្ញុំ​មាន​គោលការណ៍​មួយ គឺ​ភាព​ស្មោះ​ស្ម័គ្រ

នៅចំពោះការលាលែងថ្មីថ្មោង របស់រដ្ឋមន្ត្រីសេដ្ឋកិច្ច លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ពីរដ្ឋាភិបាលនោះ នយករដ្ឋមន្ត្រីបារាំង លោក ម៉ានុយអែល វ៉ាល់ (Manuel Valls) បានសម្ដែងប្រតិកម្មជាលើកទីមួយ ដោយបានចាត់ទុកការលាលែងនេះ មានន័យស្មើនឹងការ«រត់ចោលជួរ»។
នាយក​រដ្ឋ​មន្ត្រី​បារាំង៖ ខ្ញុំ​មាន​គោលការណ៍​មួយ គឺ​ភាព​ស្មោះ​ស្ម័គ្រ

ពីឆ្វេងទៅស្ដាំ៖ លោក ម៉ានុយអែល វ៉ាល្ស៍ នាយករដ្ឋមន្ត្រី និងលោក អេម៉ានុយអែល ម៉ាក្រុង (អតីត)រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង។ (រូបថត Sipa)

ព្យុះព្យោមាបានបោកបក់ជាថ្មី សម្រាប់រដ្ឋាភិបាល«ឆ្វេងនិយម» របស់ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ដែលមានលោក ម៉ានុយអែល វ៉ាល្ស៍ (Manuel Valls) ជានាយករដ្ឋមន្ត្រី បណ្ដាល​ឡើងពីការលាលែង ពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃអង្គារកន្លងមកនេះ។

សង្គ្រាមពាក្យសម្ដី ដែលកើតពីការលាលែងនេះ ក៏ផ្ទុះឡើងជាបន្តបន្ទាប់។ អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក អេម៉ានុយអែល ម៉ាក្រុង បានចាត់ទុកការលាលែងរបស់លោក ដើម្បីមានសេរីភាព ក្នុងការ​បង្កើត​គម្រោង​ថ្មី​មួយ​របស់​លោក។ គម្រោងនោះ ត្រូវបានគេមើលឃើញថា លោក ម៉ាក្រុង ដែលមានអាយុ៣៨ឆ្នាំ ចង់​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​បារាំង នៅពេលខាងមុខ។ មិនត្រឹមតែប៉ុណ្ណឹង លោក ម៉ាក្រុង ថែមទាំងប្រកាសឲ្យ​គេ​ឯង​ដឹងថា លោកមិនមែនជា«អ្នកសង្គមនិយម (Editor's Note: ចង់និយាយថា លោកមិនមែនជាមនុស្ស នៅ​ក្នុង​គណបក្ស​សង្គម​និយម ហៅកាត់ថា "PS")» នោះទេ។

ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្ត្រី ម៉ានុយអែល វ៉ាល្ស៍ វិញ បានចាត់ទុកការលាលែង របស់លោក ម៉ាក្រុង ថាជា​ការ​«រត់ចោលជួរ» ខណៈ«ការប្រយុទ្ធ» ដែលមាននៅក្នុងកម្មវិធីនយោបាយ របស់​រដ្ឋាភិបាល​បារាំង​កំពុង​បន្តធ្វើ​នៅ​ឡើយ និងមានផ្លែផ្កាបណ្ដើរៗនោះ។ លោក វ៉ាល្ស៍ បានថ្លែងបញ្ជាក់ពី​«គោលការណ៍»​ដ៏សំខាន់​បំផុត​មួយ សម្រាប់ជីវិតអ្នកនយោបាយ នោះគឺ«ភាពស្មោះស្ម័គ្រ»។

ថ្លែងនៅចំពោះម៉ាស៊ីនថត របស់ប្រព័ន្ធផ្សព្វផ្សាយបារាំង លោក ម៉ានុយអែល វ៉ាល្ស៍ បានលើកឡើងថា៖ «ម្នាក់ៗ​មានផ្លូវដើរ និងវាសនារៀងៗខ្លួន។ ប៉ុន្តែគេចាំបាច់ត្រូវមានដូចគ្នា ពីគោលការណ៍។ (...) សម្រាប់ខ្លួនខ្ញុំ ៗមាន​គោលការណ៍មួយ៖ គឺភាពស្មោះស្ម័គ្រ។ ពិតហើយថា ភាពស្មោះស្ម័គ្រនោះ និយាយបាញ់ឆ្ពោះ ទៅ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ ប៉ុន្តែក៏ជាភាពស្មោះស្ម័គ្រ ចំពោះប្រជាជនបារាំងនោះដែរ។ នៅក្នុង​អំឡុង​ពេល​នេះ គេ​មិន​អាច​ចាក​ចេញ​ដូច្នេះ ហើយគេក៏មិនអាចរត់ចោល ការប្រយុទ្ធអញ្ចឹងដែរ។»

លោកនាយករដ្ឋមន្ត្រី បានពោលបញ្ឆិតបញ្ឆៀង ទៅកាន់អតីតរដ្ឋមន្ត្រីរបស់លោក ដែលទើបនឹងលាលែង​ពី​តំណែង​ថា៖ «គេមិនចេះតែនឹកឃើញ ពីរឿងឈរឈ្មោះ ជាប្រធានាធិបតីនោះទេ។ (...) វាមិនអាចទៅរួច​ឡើយ នូវការផ្សងព្រេង ដែលមានលក្ខណៈជាឯកជន តែវាចាំបាច់ ត្រូវជាកម្មវិធីនៃការតស៊ូដ៏ធំមួយ ដែលមាន​លក្ខណៈ​ជាក្រុម។»

លោក ម៉ានុយអែល វ៉ាល្ស៍ បានបន្តទៀតថា៖ «ខ្ញុំទទួលបេសកកម្មមួយ ខ្ញុំត្រូវបន្តធ្វើវា រហូតដល់ចប់ចុងចង់​ដើម។ ជាមនុស្សម្នាក់ដែលស្មោះស្ម័គ្រ មិនមែនបណ្ដោយឲ្យខ្លួន ក្លាយជាមនុស្ស "ផ្កាប់មុខ"នោះទេ ប៉ុន្តែ​ដើម្បី​ចូលរួម​ជជែក ផ្ដល់យោបល់ ពីអ្វីដែលយើងគិត។ (...) ចំពោះខ្លួនខ្ញុំ ៗស្គាល់ខ្លួនឯងច្បាស់ ថា ខ្ញុំមកពីណា៖ ខ្ញុំ​ជា​អ្នក​សង្គម​និយម។»៕