កិច្ចព្រមព្រៀងយោធាអាមេរិក-ឥណ្ឌាក្នុងបរិបទនៃភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង

កាលពីថ្ងៃចន្ទកន្លងទៅនេះ នៅក្នុងពេលដែលលោកចន ឃែរី ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌា នៅឯទីក្រុងវ៉ាស៊ីងតោន រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិក និងឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធាទ្វេភាគី។ ជាកិច្ចព្រមព្រៀងដែលផ្តោតតែទៅលើផ្នែកភស្តុភា ក៏ប៉ុន្តែ វាជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅការបង្កើតសម្ព័ន្ធភាពយោធា និងជាពិសេស វាជាកិច្ចព្រមព្រៀងដែលត្រូវបានចុះ នៅក្នុងបរិបទតានតឹងជាមួយចិន នៅក្នុងជម្លោះដែនសមុទ្រក្នុងតំបន់។

កិច្ចព្រមព្រៀង ដែលរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក និងឥណ្ឌា បានចុះ នៅក្នុងទីក្រុងវ៉ាស៊ីងតោន កាលពីថ្ងៃចន្ទ នឹងបើកផ្លូវឲ្យភាគីទាំងពីរប្រើប្រាស់មូលដ្ឋានទ័ពគ្នាទៅវិញទៅមក ទាំងមូលដ្ឋានទ័ពជើងទឹក ជើងអាកាស និងជើងគោក ដើម្បីធ្វើការជួសជុលបរិក្ខាយោធា និងការផ្គត់ផ្គង់ផ្នែកភស្តុភា។

បើនិយាយជាលក្ខណៈទូទៅ កិច្ចព្រមព្រៀងបែបនេះ គឺជាកិច្ចព្រមព្រៀងដ៏សាមញ្ញមួយ ដែលអាមេរិកតែងតែចុះជាមួយបណ្តាប្រទេសជាច្រើន នៅទូទាំងពិភពលោក។ ក៏ប៉ុន្តែ សម្រាប់ករណីឥណ្ឌា វាគឺជាកិច្ចព្រមព្រៀងដែលមានលក្ខណៈពិសេសគួរឲ្យគេធ្វើការកត់សម្គាល់។

គេមិនត្រូវភ្លេចទេថា រវាង អាមេរិក និងឥណ្ឌា ទំនាក់ទំនងតែងតែមានភាពស្មុគស្មាញ តាំងពីក្នុងសម័យសង្រ្គាមត្រជាក់ ដោយនៅពេលនោះ ឥណ្ឌា ថ្វីដ្បិតតែមានឈ្មោះជាប្រទេសមិនចូលបក្សសម្ព័ន្ធ ក៏ប៉ុន្តែ មានទំនោរទៅរកសហភាពសូវៀត ចំណែកឯសហរដ្ឋអាមេរិកវិញ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប៉ាគីស្ថាន ដែលជាគូសត្រូវដ៏ធំបំផុតរបស់ឥណ្ឌា។ នៅឆ្នាំ១៩៩៨ នៅពេលដែលឥណ្ឌាផលិត និងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ គឺសហរដ្ឋអាមេរិក ដែលបានចេញមុខចេញមាត់ នៅក្នុងការដាក់ទណ្ឌកម្មអន្តរជាតិលើឥណ្ឌា។

ចាប់តាំងពីឆ្នាំ២០០០ នៅក្រោយពេលដែលសង្រ្គាមត្រជាក់បានបញ្ចប់ អាមេរិកនិងឥណ្ឌាបានចាប់ផ្តើមព្យាយាមពង្រឹងទំនាក់ទំនងគ្នា ក៏ប៉ុន្តែ កិច្ចខិតខំព្យាយាមនេះនៅតែត្រូវជួបនឹងភាពស្មុគស្មាញដោយសារតែទំនាក់ទំនងត្រីកោណជាមួយប៉ាគីស្ថាន ជាពិសេស នៅក្រោយភេរវកម្ម ១១កញ្ញា២០០១ ដែលជំរុញឲ្យអាមេរិកត្រូវរឹតបន្តឹងសម្ព័ន្ធភាពជាមួយប៉ាគីស្ថាន ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវជនអាល់កៃដា និងក្រុមឧទ្ទាមតាលីបង់។ ក្នុងមួយឆ្នាំៗ ជំនួយរាប់ពាន់លានដុល្លារ ដែលភាគច្រើនជាជំនួយខាងផ្នែកយោធា ត្រូវបានអាមេរិកផ្តល់ទៅឲ្យប៉ាគីស្ថាន។

សម្ព័ន្ធភាពដ៏ជិតស្និទ្ធ រវាងអាមេរិក និងប៉ាគីស្ថាននេះហើយ ដែលធ្វើឲ្យឥណ្ឌានៅតែមិនទុកចិត្តលើអាមេរិក ហើយអល់អែកក្នុងការពង្រឹងទំនាក់ទំនងខាងផ្នែកយោធាជាមួយគ្នា។ បន្ថែមពីលើនេះទៅទៀត អ្នកនយោបាយ ក៏ដូចជាសាធារណមតិឥណ្ឌា តែងតែប្រកាន់យកនូវទំនៀមទម្លាប់មួយ គឺមិនចង់ភ្ជាប់ខ្លួនទៅនឹងសម្ព័ន្ធភាពយោធាស៊ីជម្រៅជាមួយនឹងសហរដ្ឋអាមេរិក ក៏ដូចជា ប្រទេសមហាអំណាចណាមួយផ្សេងទៀត ដើម្បីចៀសវាងកុំឲ្យត្រូវផុងខ្លួនទៅក្នុងជម្លោះប្រដាប់អាវុធដែលមិនជាប់ទាក់ទងនឹងផលប្រយោជន៍ជាតិរបស់ឥណ្ឌា។

ដូច្នេះ គេអាចរាប់ថា កិច្ចព្រមព្រៀងយោធាកាលពីថ្ងៃចន្ទ គឺជាការផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនង ទ្វេភាគី រវាងអាមេរិក និងឥណ្ឌា ហើយគេអាចមើលឃើញនូវកត្តាដ៏សំខាន់មួយដែលជំរុញឲ្យមានការវិវឌ្ឍនៅក្នុងទំនាក់ទំនងនេះ គឺចិន។

សម្រាប់សហរដ្ឋអាមេរិក ទំនាក់ទំនងយោធាជាមួយឥណ្ឌា គឺជាគន្លឹះដ៏សំខាន់មួយ នៅក្នុងនយោបាយការបរទេសដែលផ្តោតអាទិភាពលើតំបន់អាស៊ី (ដែលគេតែងតែហៅតាមភាសាអង់គ្លេស « Asia Pivot »)។ នយោបាយដែលដាក់ចេញដោយលោកអូបាម៉ា ត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងការអនុវត្តជាក់ស្តែង តាមរយៈការប្រជែងឥទ្ធិពលជាមួយនឹងចិន។

ចិន និងឥណ្ឌា ក៏ជាគូប្រជែងនឹងគ្នាដ៏ធំមួយដែរ នៅក្នុងតំបន់អាស៊ី។ គេមិនត្រូវភ្លេចទេថា ប្រទេសជិតខាងទាំងពីរនេះធ្លាប់ធ្វើសង្រ្គាមនឹងគ្នា កាលពីឆ្នាំ១៩៦២ ដោយសារតែជម្លោះព្រំដែន ហើយមកទល់នឹងពេលបច្ចុប្បន្ននេះ បញ្ហាព្រំដែននេះនៅតែជាចំណុចដ៏ក្តៅមួយ នៅក្នុងទំនាក់ទំនង រវាងចិន និងឥណ្ឌា។ បន្ថែមពីលើនេះទៅទៀត ចិន និងឥណ្ឌា បានប្រជែងគ្នាជាច្រើនឆ្នាំមកហើយ នៅក្នុងការគ្រប់គ្រងមហាសមុទ្រឥណ្ឌា ហើយការពង្រឹងកម្លាំងទ័ពជើងទឹក ព្រមទាំងជំហរតឹងរ៉ឹងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង កំពុងតែធ្វើឲ្យឥណ្ឌាមានការបារម្ភកាន់តែខ្លាំងថា ចិនអាចនឹងពង្រីកសកម្មភាពទ័ពជើងទឹករបស់ខ្លួនពីសមុទ្រចិនខាងត្បូង ចូលទៅដល់មហាសមុទ្រឥណ្ឌា។

ការចុះកិច្ចព្រមព្រៀងយោធាជាមួយអាមេរិកបង្ហាញឲ្យឃើញថា រដ្ឋាភិបាលរបស់លោកណារិនដ្រា ម៉ូឌី សុខចិត្តប្រឈមមុខនឹងការរិះគន់ និងភាពចម្រូងចម្រាសនយោបាយក្នុងស្រុកនៅក្នុងរយៈពេលខ្លី តែដើម្បីផលប្រយោជន៍នៅក្នុងរយៈពេលវែង ដែលឥណ្ឌាអាចទាញយកពីទំនាក់ទំនងយោធាជាមួយអាមេរិក នៅក្នុងការទប់ទល់ជាមួយនឹងអំណាចចិន៕

ប្រភព៖ RFI


Related Posts