ជប៉ុន ផ្ទុះកំហឹងលើអាជ្ញាកណ្តាល ខណៈកូរ៉េ ផ្តួល ចិន

ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានផ្ទុះកំហឹងទៅនឹងការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ក្រោយពីការរងបរាជ័យដ៏មិននឹកស្មានដល់ក្រោមស្នាដៃក្រុមបាល់ទាត់ជម្រើសជាតិអេមីរ៉ាតអារ៉ាប់រួម ក្នុងយុទ្ធនាការជម្រុះ World Cup របស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានយកឈ្នះលើក្រុមជម្រើសជាតិចិន ៣-២។

Keisuke-Honda

ក្រុមម្ចាស់ជើងឯកទ្វីបអាស៊ី អូស្ត្រាលី បានចាប់ផ្តើមយ៉ាងល្អដើម្បីផ្តួលក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក្នុងលទ្ធផល ២-០ ខណៈដែលការប្រកួតជុំទី៣នៃយុទ្ធនាការជម្រុះ World Cup ឆ្នាំ២០១៨ បានចាប់ផ្តើមដំណើរការ ហើយក្រុមចំនួន១២នឹងត្រូវធ្វើការប្រជែងយកកៅអីឈានជុំផ្តាច់ព្រ័ត្រជាស្វ័យប្រវត្តិចំនួន៤។

ជប៉ុន គឺជាក្រុមមានក្តីសង្ឃឹមច្រើនក្នុងការផ្តួលក្រុមជម្រើសជាតិអេមីរ៉ាតអារ៉ាប់រួមក្នុងទីក្រុង Saitama ហើយពួកគេបានធ្វើការនាំមុខតាមរយៈគ្រាប់បាល់តែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Keisuke Honda របស់ AC Milan នៅនាទី ទី១១។

ប៉ុន្តែ គ្រាប់បាល់បញ្ចូលទីយ៉ាងល្អពីការស៊ុតបាល់ពិន័យ Free-kick និងគ្រាប់បាល់ប៉េណាល់ទីមួយគ្រាប់ទៀតរបស់គេក្នុងតង់ទី២បានជួយឲ្យក្រុមអេមីរ៉ាតអារ៉ាប់រួម ទទួលជ័យជម្នះ ២-១ ខណៈដែលក្រុមភ្ញៀវមួយនេះ ក៏បានជួបសំណាងល្អផងដែរ នៅពេលដែលគ្រាប់បាល់តាមដ្មើរបស់ជប៉ុនជិតបញ្ចប់ការប្រកួតមិនត្រូវបានអនុញ្ញាតឲ្យចូលទី។

ជប៉ុន គួរតែបានបញ្ចប់ការប្រកួតនេះក្នុងលទ្ធផលស្មើ ២-២ ប៉ុន្តែ មន្ត្រីអាជ្ញាកណ្តាលមិនបានមើលឃើញថា ការស៊ុតបាល់របស់កីឡាករ Takuma Asano ដែលត្រូវបានទះចេញដោយអ្នកចាំទី Khalid Eisa បានរត់ហួសខ្សែបន្ទាត់ទីទៅហើយ ក្រោយពីការបង្ហាញរូបភាពម្តងទៀតតាមទូរទស្សន៍។ នៅពេលដែលត្រូវបានចោទសួរអំពីគ្រាប់បាល់ខ្មោចរបស់ Asano លោក Vahid Halilhodzic គ្រូបង្វឹករបស់ជប៉ុន បាននិយាយខ្លាំងៗថា៖ «អាជ្ញាកណ្តាលគឺមិនអាចទទួលយកបានឡើយ។ នេះគឺជាលទ្ធផលដ៏អាក្រក់មួយ»៕

ប្រភពព័ត៌មាន៖ Channel News Asia

The post ជប៉ុន ផ្ទុះកំហឹងលើអាជ្ញាកណ្តាល ខណៈកូរ៉េ ផ្តួល ចិន appeared first on CamboSport.