អង្គការ Global Witness បដិសេធថា លោក កែម ឡី មិនពាក់ព័ន្ធ​នឹងរបាយការណ៍ចុងក្រោយរបស់ខ្លួនទេ

អង្គការ Global Witness ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស បានលើកឡើងថា ខ្លួនមិនបានទាក់ទងលោកបណ្ឌិត កែម ឡី សម្រាប់របាយការណ៍ស៊ើបអង្កេតថ្មីមួយរបស់ខ្លួន ដែលមានចំណងជើងថា Hostile Takeover ឬបណ្តាញនៃក្រុមហ៊ុនដ៏មហិមារបស់គ្រួសារកាន់អំណាចនៅកម្ពុជានោះទេ។

វ៉ាស៊ីនតោន — អង្គការ Global Witness ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស បានលើកឡើងថា ខ្លួនមិនបានទាក់ទងលោកបណ្ឌិត កែម ឡី សម្រាប់របាយការណ៍ស៊ើបអង្កេតថ្មីមួយរបស់ខ្លួន ដែលមានចំណងជើងថា Hostile Takeover ឬបណ្តាញនៃក្រុមហ៊ុនដ៏មហិមារបស់គ្រួសារកាន់អំណាចនៅកម្ពុជានោះទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់អង្គការនេះ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ។

លោក Patrick Alley សហស្ថាបនិកនៃអង្គការ Global Witness បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា៖ «ផ្ទុយពីរបាយការណ៍ព័ត៌មានមួយចំនួន គឺលោក កែម ឡី មិនជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់អង្គការ Global Witness ទេ»។

ប៉ុន្តែ លោក Patrick Alley លើកឡើងថា លោក កែម ឡី ត្រូវបានទាក់ទងត្រឹមតែដើម្បីធ្វើការអត្ថាធិប្បាយទៅលើការរកឃើញនៅក្នុងរបាយការណ៍របស់អង្គការGlobal Witness ហើយ លោក កែម ឡី ក៏បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី និងវិទ្យុ VOA ដោយរៀបរាប់ពីអត្ថប្រយោជន៍នៃរបកគំហើយពីរបាយការណ៍នេះដល់ប្រជាពលរដ្ឋកម្ពុជា។

លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់ស្លាប់ទាំងកណ្តាលថ្ងៃនៅក្នុងហាងមួយចំកណ្តាលក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា គឺតែបីថ្ងៃប៉ុណ្ណោះ ក្រោយពីអង្គការ Global Witness បានចេញផ្សាយរបាយការណ៍ Hostile Takeoverឬបណ្តាញនៃក្រុមហ៊ុនដ៏មហិមារបស់គ្រួសារកាន់អំណាចនៅកម្ពុជានេះ ដែលបង្ហាញថា ក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្តោបក្តាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដ៏សន្ធឹកសន្ធាប់នៅក្នុងវិស័យឯកជន ដោយគ្រប់គ្រងក្រុមហ៊ុនយ៉ាងច្រើន។

លោក Patrick Alley នៃអង្គការGlobal Witness បានថ្លែងថា៖ «មរណភាពរបស់លោក កែម ឡី គឺជាសារដ៏សោកសង្រេងមួយ ដែលរំលឹកយើងអំពីភាពផុយស្រួយនៃសេរីភាពជាច្រើនដែលយើងខំតស៊ូរក។ លោកបានធ្វើការងារយ៉ាងក្លាហាន និងដោយខ្លាចនឿយហត់ ដើម្បីការពារសិទ្ធិរបស់ពលរដ្ឋខ្មែរ ក្នុងការសម្ដែងមតិរបស់ពួកគេ ដោយសេរី និងធ្វើឲ្យរដ្ឋាភិបាលរបស់ពួកគេទទួលខុសត្រូវ»៕

ប្រភព៖ VOA


Related Posts