លោក ហ៊ុន សែន ថ្លែងថា លោកនៅពីក្រោយការកែទម្រង់ប្រព័ន្ធបោះឆ្នោតថ្មី

លោកហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភាគីចរចាមកពីគណបក្សសង្គ្រោះជាតិបានស្នើសុំឲ្យមានតែការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតែប៉ុណ្ណោះ តែភាគីចរចាគណបក្សប្រជាជនកម្ពុជាដែលលោកជាមេដឹកនាំ បានស្នើសុំឲ្យមានការកែទម្រង់ទូលំទូលាយប្រព័ន្ធនៃការបោះឆ្នោត។

ភ្នំពេញ — លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នារសៀលថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា ដំណើរការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ ដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញានេះ គឺបានមកពីការស្នើសុំរបស់លោក នៅគ្រាគណបក្សកាន់អំណាច និងគណបក្សប្រឆាំងចរចាគ្នា ដើម្បីបំបែកការជាប់គាំងនយោបាយជិត១ឆ្នាំ ក្រោយការបោះឆ្នោតឆ្នាំ២០១៣។

ការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ដែលស្ថិតក្នុងអំណាចជាងបីទសវត្សរ៍មកនេះកើតមានឡើង បន្ទាប់ពីលោក និងភរិយារបស់លោកគឺលោកស្រីប៊ុន រ៉ានី បានទៅចុះឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

លោកហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភាគីចរចាមកពីគណបក្សសង្គ្រោះជាតិបានស្នើសុំឲ្យមានតែការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតែប៉ុណ្ណោះ តែភាគីចរចាគណបក្សប្រជាជនកម្ពុជាដែលលោកជាមេដឹកនាំ បានស្នើសុំឲ្យមានការកែទម្រង់ទូលំទូលាយប្រព័ន្ធនៃការបោះឆ្នោត។

លោកថ្លែងបន្តថា ការចុះបញ្ជីតាមប្រព័ន្ធកំព្យូទ័រនេះនឹងរកឃើញនូវភ័ស្តុតាង សម្រាប់ប្រឆាំងនឹងការចោទប្រកាន់ពីគណបក្សនយោបាយមួយចំនួន ដែលចោទថា មនុស្សប្រមាណ១លាន២សែននាក់បាត់ឈ្មោះពីបញ្ជីបោះឆ្នោត។ លោកថា ចំនួននេះជាចំនួនដ៏ច្រើន។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្តទៀតថា ការស្រាវជ្រាវរកភ័ស្តុតាងដើម្បីប្រឆាំងនឹងការចោទប្រកាន់អំពីការលុបជ្រះទឹកខ្មៅសម្រាប់អ្នកដែលបានបោះឆ្នោតរួចក្នុងពេលបោះឆ្នោតក៏កំពុងដំណើរការផងដែរ។ លោកសង្កត់ធ្ងន់ថា បញ្ហាបាត់ឈ្មោះអ្នកបោះឆ្នោត និងការលុបជ្រះទឹកខ្មៅនេះនឹងត្រូវទូទាត់នាពេលខាងមុខ។ លោកថ្លែងយ៉ាងដូច្នេះ៖

«យើងនឹងទូទាត់បញ្ជីមួយនៅពេលខាងមុខ ដើម្បីពិនិត្យឲ្យដឹងថា តើការបោះឆ្នោតកន្លងទៅមានបាត់មនុស្សដូចដែលគេបានលើកឡើងទេ? យើងក៏កំពុងតែស្វែងរកថា ទឹកខ្មៅនោះត្រូវបានប្រើប្រាស់ខុស ឬក៏លុបជ្រះដូចអ្វីដែលគេថា ឬទេ? ព្រោះនេះគ្រាន់តែជាការបង្កមហន្តរាយសម្រាប់ប្រទេសតែប៉ុណ្ណោះ»។

ទិន្នន័យរបស់គ.ជ.ប.ក្នុងឆ្នាំ២០១៦បង្ហាញថា ពលរដ្ឋកម្ពុជាជាង៩លាននាក់មានអាយុអាចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ចំនួន១៦៣៣ឃុំសង្កាត់នៅទូទាំងប្រទេស។ រីឯអ្នកបោះឆ្នោតលើកទី១ មានចំនួនជាង១លាននាក់។ មកទល់ពេលនេះ ក្រសួងមហាផ្ទៃបានចេញអត្តសញ្ញាណថ្មីដល់ពលរដ្ឋកម្ពុជាបានចំនួនជាង៨,៦លាននាក់ហើយ៕

ប្រភព៖ VOA


Related Posts