ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ រួច​ផ្តាំ​សមត្ថកិច្ច​ឲ្យ​យាម​ផ្ទះ​គាត់​ផង​ព្រោះ​មាន​ឯកសារ​ច្រើន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​ត្រូវ​ខ្មាញ់​កំ​ភ្លើង​បាញ់ប្រហារ​ជា​ច្រើន​​គ្រាប់​បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សាលា​អន្តរជាតិ ឃី​ដ​លែ​ន តាម​បណ្តោយ​ផ្លូវ​លេខ​១៩៦៦ ស្ថិត​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ លី ហុង​សេង ហៅ តា​ចេក អាយុ​ជាង​៥០​ឆ្នាំ ជា​មន្ត្រី​យោធា ឋានន្តរស័ក្តិ វរសេនីយ៍ឯក ស្នាក់​នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ផ្ទះ​នៅ​តែ​ម្នាក់ឯង​ទេ បាន​រង​របួស​ចំនួន​៥​គ្រាប់ បៀម​២​គ្រាប់ ។ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ សា​រ៉េ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​សន្តិសុខ​ហាង​ពីរ៉ាមីត និង​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​ភូមិ​ព្រែក​តា​យ៉ូ​ន ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង ត្រូវ​១​គ្រាប់​ចំ​ស្មា​ខាងស្តាំ ។

ប្រភព​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ និង​ក្រុម​អ្នក​រត់​ម៉ូតូឌុប​ដែល​ស្គាល់​ជន​រង​គ្រោះ ព្រោះ​ជន​រង​គ្រោះ​ឈ្មោះ​តា​ចេក ដែល​ជា​ម៉ូយ​ចេញចូល​ហាង​ពីរ៉ាមីត​ញឹកញាប់ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ចេញពី​ហាង​ពីរ៉ាមីត ហើយ​គាត់​បាន​ទូរស័ព្ទ​ហៅ​តាក់ស៊ី​ដែល​ជា​ម៉ូយ​ប្រចាំ​របស់​គាត់ តែ​តាក់ស៊ី​នោះ​ជាប់រវល់​មិន​បាន​មក​គាត់​ក៏​ជិះ​ម៉ូតូឌុប​ដែល​ជា​សន្តិសុខ​យាម​នៅ​ហាង​ខាងលើ ព្រោះ​នៅ​ម៉ោង​ខាងលើ​ហាង​បាន​បិទ ហើយ​សន្តិសុខ​ក៏​ឆ្លៀតពេល​រត់​ឌុ​ប ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​គាត់​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​ដល់​ចំណុច​ផ្លូវ​លេខ​១៩៦៦ មុខ​សាលា ឃី​ដ​លែ​ន ស្រាប់តែ​មាន​ជនសង្ស័យ​ជា​ខ្មាញ់​ភ្លើង​បាញ់ប្រហារ​មន្ត្រី​យោធា​នោះ​ជា​ច្រើន​គ្រាប់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ និង​របួស​ដល់​អ្នក​រត់​ម៉ូតូឌុប​ទៀត​ផង ។ ប្រភព​មិនដឹង​ថា ជនសង្ស័យ​ជិះ​អ្វី និង​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ ព្រោះ​ជន​រង​គ្រោះ​មិន​អាច​និយាយ​បាន​ច្រើន បាន​ត្រឹមតែ​ប្រាប់​ឈ្មោះ និង​ទីលំនៅ​ខ្លួនឯង រីឯ​អ្នក​រត់​ម៉ូតូឌុប​សន្លប់​កំពុង​សង្គ្រោះ​បន្ទាន់ ។

នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​បាន​រក​ឃើញ​សំបក​គ្រាប់​៤​គ្រាប់ និង​បំណែក​ក្បាល​គ្រាប់​ជា​ច្រើន ហើយ​ជន​រង​គ្រោះ​ឈ្មោះ លី ហុង​សេង ហៅ តា​ចេក រង​របួស​៥​គ្រាប់ ត្រូវ​កញ្ចឹងក​ធ្លាយ​ទៅ​ស្មា អ្នក​រត់​ម៉ូតូឌុប​១​គ្រាប់ បៀម​គ្រាប់​ជាប់​ភ្លៅ​១​គ្រាប់ ម្រាមដៃ​១​គ្រាប់ បែក​សាច់​ទ្រូង​១​គ្រាប់ និង​ខ្នង​១​គ្រាប់ ។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​បាន​ជិះ​ម៉ូតូ​ទៅ​ពេទ្យ​ដោយ​ខ្លួនឯង​មិន​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​ជាមួយ​ទេ ធ្វើ​ឲ្យ​ផ្អើល​ដល់​ក្រុម​រត់​ម៉ូតូឌុប​នៅ​ម្តុំ​ហាង អ​ល​ស្តារ មក​មើលឃើញ​បាន​ឌុ​ប​តា​ចេក​ទៅ​ពេទ្យ តែ​តា​ចេក បាន​ឲ្យ​ឌុ​ប​ទៅ​ផ្ទះ​គាត់​វិញ ម៉ូតូឌុប​ក៏​ឌុ​ប​ទៅ​គោលដៅ​២៤​ម៉ោង​របស់​នគរបាល​ខណ្ឌ​សែន​សុខ​ឲ្យ​ជួយ​អន្តរាគមន៍ ។

តាម​សម្តី​បុរស​ម្នាក់​ឈ្មោះ ស៊ឹ​ម អូន អាយុ​៤២​ឆ្នាំ ជា​នគរបាល ស្នាក់​នៅ​ខណ្ឌទួលគោក ដែល​ជា​អ្នក​ស្គាល់ តា​ចេក បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​នៅ​ផឹកស៊ី​នៅ​ហាង អ​ល​ស្តារ នៅ​តាម​ផ្លូវ​កើតហេតុ (​ផ្លូវ​លេខ​១៩៦៦) ចម្ងាយ​យ​ពី​កន្លែង​កើតហេតុ​ប្រមាណ​ជា​៥០០​ម៉ែត្រ ស្រាប់តែ​មាន​សន្តិសុខ​ហាង​មក​ប្រាប់​គាត់​ថា មាន​គេ​រក​គាត់​ឲ្យ​ទៅ​មើល​នៅ​ខាង​មុខ ព្រោះ​មាន​ករណី​គេ​បាញ់​មនុស្ស បន្ទាប់​មក​គាត់​បាន​ជិះ​រថយន្ត​របស់​គាត់​ទៅ​មើល តែ​ពេល​ទៅ​ដល់​មិនឃើញ​អ្វី​នោះ​ទេ ។ លុះ​ក្រោយមក​មួយសន្ទុះ​គាត់​ក៏​ត្រឡប់​មក​ដល់​ហាង​ពីរ៉ាមីត ខណៈនោះ​ក៏​មានឈ្មោះ ឡា ជា​ម៉ូយ​តាក់ស៊ី​របស់​ជន​រង​គ្រោះ​ទូរស័ព្ទ​មក​ប្រាប់​ថា តា​ចេក ត្រូវ​គេ​បាញ់ ឥឡូវ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហើយ​តា​ចេក​បាន​ផ្តាំ​ថា ឲ្យ​សមត្ថកិច្ច​នៅ​យាម​មើល​អ្នក​ផ្ទះ​របស់​គាត់​ផង ព្រោះ​ផ្ទះ​របស់​គាត់​មាន​ឯកសារ​ច្រើន ។ ស្រប​ពេល​ដែល​ឈ្មោះ ស៊ឹ​ម អូន មក​ដល់​ហាង​ពីរ៉ាមីត សមត្ថកិច្ច​បាន​មក​ដល់​ព្រោងព្រាត និង​បាន​សួរនាំ ហើយដោយ​ឈ្មោះ ស៊ឹ​ម អូន ប្រាប់​ថា​ស្គាល់ តា​ចេក សមត្ថកិច្ច​ក៏​នាំ​ទៅ​សាកសួរ ។

ក្រោយ​ពេល​សាកសួរ​បំភ្លឺ​ពី​ឈ្មោះ ស៊ឹ​ម អូន ឃើញ​មាន​កាំភ្លើង​រ៉ូ​ឡូ​មួយ​ដើម​នៅ​ក្នុង​រថយន្ត ទើប​លោក​អធិការ​ខណ្ឌ​សែន​សុខ និង​លោក​មេ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី សុំ​ពិនិត្យ​មើល​កាំភ្លើង​របស់ ស៊ឹ​ម អូន ឃើញ​អស់​មាន​គ្រាប់​នៅ​ក្នុង​បង់ គួរ​ឲ្យ​សង្ស័យ​បាន​នាំ​ទៅ​សាកសួរ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បន្ត​ទៀត ប៉ុន្តែ​មិនឃើញ​មាន​អ្វី​ជា​តម្រុយ និង​មិន​មាន​ទាក់ទិន​ហេតុការណ៍​នេះ​ក៏​បាន​ឲ្យ​ឈ្មោះ ស៊ឹ​ម អូន ត្រឡប់​ទៅ​វិញ ។ ចំណែក​ជន​រង​គ្រោះ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕