​ចុះនរណាយកដាក់​ក្នុងហោប៉ៅខ្ញុំចឹង…!

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​បែក​ចាន ធ្វើការ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​0៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ កញ្ញា ២០១៦ ស្ថិត​នៅ​តាម​ផ្លូវលំ ក្នុងភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត កណ្តាល ខណៈ​ជន​នោះ​កំពុង​តែ​ចេញ​ធ្វើ​សកម្មភាព​លក់​គ្រឿងញៀន​ជាក់ស្ដែង ដោយ​កម្លាំង​រក​ឃើញ​ចំនួន​៣​កញ្ចប់​ក្នុង​ហោប៉ៅ​ខោ ។

ប៉ុន្តែ នៅ​ពេល​ចាប់ខ្លួន ជន​នោះ​បាន​យំ​ស្រែក​ដោយ​និយាយ​ដាក់​នគរបាល​ថា ខ្លួន​មិន​បានដឹង​ទេ និង​មិន​បាន​ជួញដូរ​ទេ គឺ​ខ្លួន​ជា​អ្នក​រត់​ម៉ូតូឌុប រក​លុយ​ទៅ​ចិញ្ចឹម​ឪពុក​ម្ដាយ​ចាស់​ៗ និង​ក្រីក្រ​ប៉ុណ្ណោះ ។ ហើយ​គ្រឿងញៀន​ទាំងនោះ មិនមែន​របស់​ខ្លួន​ទេ ហើយ​មុន​នឹង ខ្លួន​បាន​ដឹក​ម៉ូយ​ម្នាក់​ដែល​សង្ស័យ​ថា ម៉ូយ​នោះ​លួច​ញាត់​ចូល​ក្នុង​ហោប៉ៅ​ខោ ដោយ​មិន​បានដឹង​ខ្លួន ។

ទោះបីជា​យ៉ាងណា នេះ​គឺជា​ពាក្យដោះសារ​របស់​ជនសង្ស័យ​តែ​ប៉ុណ្ណោះ ព្រោះ​មុន​នឹង​ចាប់​កម្លាំង​បាន​កំណត់​មុខសញ្ញា​ច្បាស់ លាស់​អស់ហើយ ជន​នោះ​មិន​អាច​លាក់បាំង​បាន​ឡើយ ទីបំផុត​នៅ​តែ​សារភាព​តាម​ត្រង់​ដដែល ។

ជនសង្ស័យ​កំពូល​ល្បិច​ឈ្មោះ​ហែ​ន សុ​ផាត អាយុ​៣៥​ឆ្នាំ ជា​រត់​ម៉ូតូឌុប និង​ជួញដូរ​គ្រឿងញៀន មាន​ទីលំនៅ​ក្នុងភូមិ​ភ្លើង​ឆេះ​រទេះ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ វត្ថុ​តាង​ដកហូត​បាន​មាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​តូច​, កូន​កន្ត្រៃ​១,​ទូរ ស័ព្ទ​ដៃ​ម៉ា​ណូ​ក​គៀ​N​ចុច​ពិល​១​គ្រឿង ។

តាម​ប្រភព​ឱ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​ខាងលើ មាន​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ដឹង​ថា ជនសង្ស័យ​ម្នាក់​នោះ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន បាន​ផ្ដល់​ព័ត៌មាន​មក​កម្លាំង​នគរបាល​ប៉ុស្ដិ៍​បែក​ចាន​ថា បានឃើញ​ជនសង្ស័យ​នោះ កំពុង​ចេញ​ធ្វើ​សកម្មភាព​នៅ​ត្រង់​ចំណុច​ខាងលើ ខណៈនោះ កម្លាំង​នគរបាល​ប៉ុស្ដិ៍​បាន​រាយការណ៍ ទៅ​កាន់​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល ដើម្បី​សហការ​ចុះ​ទៅ​ចាប់​ជន​នោះ​ភ្លាម​ៗ​តែ​ម្ដង និង​បាន​ធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ រក​ឃើញ​គ្រឿងញៀន ដែល​ជន​នោះ​ដាក់​នៅ​ក្នុង​ហោប៉ៅ​ខោ ។

គ្រាន់តែ​កម្លាំង​ធ្វើការ​ចាប់ខ្លួន​ភ្លាម ជន​នោះ​បាន​ប្រើ​ល្បិច​យំ​ស្រែក និង​បាន​រៀបរាប់​ពី​ភាព​ក្រីក្រ ព្រមទាំង​បាន​បដិសេធ​ថា ថ្នាំ​ញៀន​នោះ មិនមែន​ជា​របស់​ខ្លួន​ទេ ។ តែ​ទ​ង្វើ​របស់​ជនសង្ស័យ​មិន​អាច​លាក់បាំង​បាន ជន​នោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចេញ​ធ្វើ​ជួញដូរ​គ្រឿងញៀន​ពិតមែន ដោយ​ខ្លួន​ទិញ​ថ្នាំ​ញៀន​៣​កញ្ចប់​តូច​នោះ​ពី​ម្ដុំ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ស្ថិត​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដើម្បី​ចែកចាយ​បន្ត ឱ្យ​អ្នកទិញ​យក​ទៅ​ប្រើប្រាស់ និង​អ្នក​ដែល​យក​ទៅ​លក់​យកចំណេញ​បន្ត​ទៀត ។