ផ្កាយ​រណប​របស់ Facebook ផ្ទុះ​យ៉ាង​សន្ធោ​សន្ធៅ មុន​ពេល​បង្ហោះ

រ៉ុកកែត​របស់​ក្រុមហ៊ុន​អវកាស «SpaceX» មួយ​គ្រឿង បាន​ផ្ទុះ​យ៉ាង​សន្ធោ​សន្ធៅ នៅ​ឯ​ទីលាន​បង្ហោះ «Cape Canaveral» របស់​ខ្លួន ដែល​ស្ថិត​ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក កាល​ពី​វេលា​ម៉ោង ៩ និង ០៧​នាទី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ បណ្តាល​ឲ្យ​បំផ្លាញ​រ៉ុកកែត​ខ្លួន​ឯង និង​ផ្កាយរណប​របស់​ក្រុមហ៊ុន Facebook តម្លៃ ២០០​លាន​ដុល្លារ ដែល​នឹង​ត្រូវ​បង្ហោះ​ចេញ នៅ​ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ។

 

ផ្កាយ​រណប​របស់ Facebook ផ្ទុះ​យ៉ាង​សន្ធោ​សន្ធៅ មុន​ពេល​បង្ហោះ

 

ក្រុមហ៊ុន​អវកាស SpaceX បាន​ឲ្យ​ដឹង​ថា គ្មាន​នរណា​ម្នាក់​រង​របួស​ឡើយ ហើយ​បាន​ពណ៌នា​ហេតុការណ៍​ផ្ទុះ​នោះ​ថា «មិន​ធម្មតា»។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SpaceX លោក Elon Musk បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា ការ​ផ្ទុះ​នោះ​បាន​កើត​ឡើង ខណៈ​រ៉ុកកែត​កំពុង​ចាក់​ប្រេង​ឥន្ធនៈ ប៉ុន្តែ​មូលហេតុ​នៃ​ការ​ផ្ទុះ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

 

គួរ​បញ្ជាក់​ថា រ៉ុកកែត​មួយ​គ្រឿង​នោះ​បាន​ផ្ទុក​ផ្កាយ​រណប ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ ក្រុមហ៊ុន Facebook ដើម្បី​នាំ​យក​អ៊ីនធឺណិត ទៅ​កាន់​ទ្វីប​អាហ្វ្រិក មជ្ឈិម​បូព៌ា និង អឺរ៉ុប។ Facebook គឺ​ជា​ដៃ​គូ​សហការ​ជា​មួយ​នឹង ក្រុមហ៊ុន​ផ្កាយ​រណប​បារាំង «Eutelsat Communications» ខណៈ​ផ្កាយ​រណប​ដែល​ខូច​ខាត ត្រូវ​បាន​គេ​ហៅ​ថា «Amos 6»។

 

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បាន​ខក​ចិត្ត និង​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់​បង់​នេះ ដោយ​និយាយ​ថា វា​នឹង​ជួយ​ផ្តល់​ទំនាក់​ទំនង​ដល់​សហគ្រិន និង​មនុស្ស​គ្រប់​គ្នា នៅ​ទូទាំង​ទ្វីប​ខាង​លើ។ ទោះ​ជា​យ៉ាង​ណា លោក Mark បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា លោក​មាន​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត ដើម្បី​ជួយ​ផ្សា​ភ្ជាប់​មនុស្ស៕

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ CNN