ឪពុក​ក្មេង​ប្រុស​ស៊ីរី​ដែល​ដេក​ស្លាប់​នៅ​ឆ្នេរ​សមុទ្រ ចេញ​មុខ​ថ្កោល​ទោស​ពិភពលោក

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ឪពុក​ក្មេង​ប្រុស​ស៊ីរី Aylan Kurdi ដែល​ដេក​ស្លាប់​ផ្កាប់​មុខ​នៅ​លើ​ឆ្នេរ​សមុទ្រ​តួកគី កាល​ពី​១​ឆ្នាំ​មុន បាន​ចេញ​មុខ​ថ្កោល​ទោស​ពិភពលោក ដោយ​សារ​តែ​ភាព​បរាជ័យ ក្នុង​ការ​បញ្ឈប់​សង្គ្រាម​បង្ហូរ​ឈាម នៅ​ក្នុង​ប្រទេស​កំណើត​របស់​គាត់ (ស៊ីរី)។

 

ឪពុក​ក្មេង​ប្រុស​ស៊ីរី​ដែល​ដេក​ស្លាប់​នៅ​ឆ្នេរ​សមុទ្រ ចេញ​មុខ​ថ្កោល​ទោស​ពិភពលោក

 

លោក Abdullah Kurdi អាយុ​៤១​ឆ្នាំ បាន​ប្រាប់​សារព័ត៌មាន​ថា «ក្រុម​អ្នក​នយោបាយ​បាន​និយាយ បន្ទាប់​ពី​ការ​ស្លាប់​របស់​គ្រួសារ​ខ្ញុំ​ថា គ្មាន​រឿង​បែប​នេះ​កើត​ឡើង​ម្តង​ទៀត​ឡើយ។ គ្រប់​គ្នា​អះអាង​ថា ពួក​គេ​ចង់​ធ្វើ​អ្វី​ម្យ៉ាង ព្រោះ​តែ​រូប​ថត Aylan ចាក់​ដោត​បេះដូង​ពួក​គេ​ខ្លាំង​ពេក។ ប៉ុន្តែ តើ​អ្វី​កំពុង​កើត​ឡើង​នៅ​ពេល​នេះ? មនុស្ស​ជា​ច្រើន​នៅ​តែ​ស្លាប់ និង​គ្មាន​នរណា​ម្នាក់​ដោះស្រាយ​ឡើយ»។

 

គួរ​បញ្ជាក់​ថា លោក Kurdi បាន​បាត់​បង់​សមាជិក​គ្រួសារ​ទាំង​អស់ ក្នុង​នោះ​រួម​មាន ប្រពន្ធ​របស់​គាត់ ឈ្មោះ Rehab អាយុ​៣៥​ឆ្នាំ កូន​ប្រុស Galip អាយុ​៥​ឆ្នាំ និង Aylan អាយុ​៣​ឆ្នាំ។ រូបថត​ដ៏​គួរ​ឲ្យ​សោក​សៅ របស់ Aylan ត្រូវ​បាន​ចែក​ចាយ​ពាស​ពេញ​ពិភព​លោក ហើយ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា រន្ធត់ និង​ភ្ញាក់​ផ្អើល​ខ្លាំង​បំផុត។

 

លោក Kurdi បាន​ឲ្យ​ដឹង​ថា វា​ជា​រឿង​ត្រឹម​ត្រូវ​មួយ​ដែល​រូប​ថត Aylan ត្រូវ​បាន​ចែក​ចាយ​ទូទាំង​ពិភពលោក ហើយ​រឿង​ទាំង​អស់​នេះ​ត្រូវ​តែ​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​ដឹង​ច្បាស់ ថា​មាន​រឿង​អ្វី​កំពុង​កើត​ឡើង។ «សង្គ្រាម​ក្នុង​ប្រទេស​ស៊ីរី ត្រូវ​តែ​បញ្ចប់»។ លោក Kurdi បាន​និយាយ​ដូច្នេះ។

 

បច្ចុប្បន្ន លោក Kurdi រស់​នៅ​តែ​ម្នាក់​ឯង ក្នុង​រាជធានី Erbil ភាគ​ខាង​ជើង​តំបន់ Kurdish ប្រទេស​អ៊ីរ៉ាក់។ «ឥឡូវ​ខ្ញុំ​ប្រហែល​ជា​រស់​នៅ​មាន​សុវត្ថិភាព​បំផុត ក្នុង​មួយ​ឆាក​ជីវិត​របស់​ខ្ញុំ ប៉ុន្តែ​ដើម្បី​អ្វី?»។ លោក Kurdi បាន​បន្ថែម៕

 

ឪពុក​ក្មេង​ប្រុស​ស៊ីរី​ដែល​ដេក​ស្លាប់​នៅ​ឆ្នេរ​សមុទ្រ ចេញ​មុខ​ថ្កោល​ទោស​ពិភពលោក

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ news.com.au