តុលាការ​អាមេរិក​បើក​សវនាការ​ករណី​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​និង​លោក ហ៊ុន ម៉ាណែត

តុលាការ​នៅ​ក្នុង​ក្រុង​ឡូសអែនជឺឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា បាន​សម្រេច​តាម​បណ្តឹង​របស់​មេធាវី​លោក មាជ សុវណ្ណារ៉ា ដែល​ស្នើ​ឲ្យ​តុលាការ​បង្គាប់​ឲ្យ​ភាគី​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​នេះ រួម​ទាំង​ឯកសារ​ដែល​រដ្ឋាភិបាល​មិន​ដែល​ប្រាប់​សាធារណជន​ឲ្យ​ដឹង​ពី​មុន។

លោក មូរតុន ក្លា (Morton Sklar) មេធាវី​ការពារ​ក្ដី​លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា លោក​ចៅក្រម ចច វូ (George Wu) សម្រេច ១០០% តាម​សំណើ​ខាង​ភាគី​លោក មាជ សុវណ្ណារ៉ា៖ «ជា​លទ្ធផល​ក្នុង​សវនាការ​នេះ ចៅក្រម ចច វូ បាន​សម្រេច​តាម​អ្វី​គ្រប់​យ៉ាង​ដែល​យើង​បាន​ស្នើ​សុំ។ នេះ​ជា​ជោគជ័យ​ដ៏​ត្រចះត្រចង់​មួយ​សម្រាប់​ពួក​យើង។ ចៅក្រម​បាន​​សម្រេច​ផ្តល់​សិទ្ធិ​ឲ្យ​ពួក​យើង​ទាមទារ​យក​ព័ត៌មាន​សំខាន់ៗ​ពី​រដ្ឋាភិបាល​កម្ពុជា និង ហ៊ុន ម៉ាណែត ជា​ពិសេស​ព័ត៌មាន​សម្ងាត់​ដែល​មិន​ដែល​ធ្លាប់​បង្ហាញ​ពី​មុន»

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នេះ​ដែរ ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា ដែល​ជា​ដើម​បណ្ដឹង​ក្នុង​រឿង​ក្ដី​នេះ​បាន​សម្តែង​ការ​សាទរ​ចំពោះ​សម្រេច​របស់​តុលាការ​ក្រុង​ឡូសអែនជឺឡេស​នេះ។ អ្នកស្រី​បន្ត​ថា អ្នកស្រី​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​លទ្ធផល​នៅ​ក្នុង​ភោជនីយដ្ឋាន ហាក់ ហៀង ដែល​មាន​ការ​ចូលរួម​ពី​មេធាវី​របស់​អ្នកស្រី ព្រម​ទាំង​មាន​ការ​សម្ដែង​សិល្បៈ​របស់​លោក DJ ខ្លា សាទរ​ចំពោះ​លទ្ធផល​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។