ក្រោយចាញ់ហុងកុង លោក Lee ជំរុញឲ្យក្រុមកម្ពុជា ខំប្រឹងបង្កើនសមត្ថភាព​​​​ (មានវិដេអូ)

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មិនអាចនាំយកជ័យជម្នះមកកាន់មាតុប្រទេសវិញបាននោះទេ ខណៈពួកគេបានចាញ់ក្រុមម្ចាស់ផ្ទះហុងកុង ក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋាន Mong Kok កាលពីយប់ថ្ងៃព្រហស្បតិ៍ ម្សិលមិញ ប៉ុន្តែសម្រាប់អ្នកគាំទ្រជាជនរួមជាតិ នៅតែពេញចិត្តនៅទម្រង់លេងរបស់កម្ពុជា។

mm1

យ៉ាងណាក៏ដោយ ក្រោយការចាញ់នេះ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ទៅដល់កីឡាករទាំងអស់ឲ្យខិតខំបង្កើនសមត្ថភាពឲ្យកាន់តែបានខ្លាំង ដើម្បីត្រៀមការប្រកួតនាពេលខាងមុខទៀត ពិសេសការប្រកួត AFF Suzuki Cup 2016 ដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះ នៅក្នុងខែតុលាខាងមុខនេះ។

mm2

លោក Lee Tae Hoon បាននិយាយ នៅចំពោះមុខកីឡាករទាំងអស់ ក្រោយការប្រកួតថា៖«តាមរយៈការប្រកួតនៅថ្ងៃនេះ យើងត្រូវចេះព្យាយាមប្រឹងប្រែងបង្កើនសមត្ថភាពឲ្យកាន់តែបានខ្លាំងជាងមុន គឺយើងត្រូវតស៊ូបន្តទៀត»។

mm3

សម្រាប់ការប្រកួត កាលពីយប់ម្សិលមិញនោះ ខ្សែប្រយុទ្ធ Mckee របស់ហុងកុង បានស៊ុតទម្លុះសំណាញ់ទីក្រុមកម្ពុជា នៅនាទីទី១០ ប៉ុន្តែ ច្រឹង ពលរដ្ឋ បានស៊ុតតាមស្មើឲ្យកម្ពុជាវិញ នៅនាទីទី២០។

mm4

ខ្សែប្រយុទ្ធ Dos Santos បានជួយឲ្យក្រុមហុងកុងនាំមុខកម្ពុជា ២-១ ជាមួយថ្មីម្តងទៀត តាមរយៈការស៊ុតបាល់បញ្ចូលទីរបស់គេ នៅនាទីទី៣១ មុនពេល Sandro បានបន្ថែមមួយគ្រាប់ទៀត ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ នៅនាទីទី៤២ ខណៈអាជ្ញាកណ្តាលបានចាប់កំហុស ច្រឹង ពលរដ្ឋ ដែលបានជ្រុលទៅបុកខ្សែប្រយុទ្ធរបស់ហុងកុង ឲ្យដួល ក្នុងតំបន់គ្រោះថ្នាក់នោះ ប៉ុន្តែការចាប់កំហុសនោះ ត្រូវបានគេមើលឃើញថា ពីភាពលម្អៀងរបស់អាជ្ញាកណ្តាលរូបនោះទៅលើក្រុមម្ចាស់ផ្ទះ។

mm5

យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា បានរកឃើញគ្រាប់បាល់ទី២ឲ្យកម្ពុជា តាមរយៈការតែតបាល់បញ្ចូលទីនៅនាទីទី៦១ មុនពេលកីឡាករ Kwan Yee តែតបាល់បញ្ចូលទី១គ្រាប់ទៀត ដើម្បីជួយឲ្យក្រុមហុងកុង ឈ្នះក្រុមកម្ពុជា ៤-២ សម្រាប់ការវិលមកជួបគ្នាជាថ្មី ក្រោយខានជួបគ្នាអស់រយៈពេលជាង៥០ឆ្នាំ៕

mm6

មានវិដេអូ Highlight កម្ពុជា vs ហុងកុង

The post ក្រោយចាញ់ហុងកុង លោក Lee ជំរុញឲ្យក្រុមកម្ពុជា ខំប្រឹងបង្កើនសមត្ថភាព​​​​ (មានវិដេអូ) appeared first on CamboSport.