ស្ទឹង​អូរ​ច្រា​មានទឹក​ហូរ​ខួបប្រាំងខួបវស្សា​ក្លាយទៅជា​ទី​កម្សាន្ដ​ដ៏​ពេញ​និយម

ខេត្ដ​ប៉ៃលិន ៖ ទឹក​ហូរ​មិន​ជ្រៅ​ប៉ុន្មាន​ទេ​នៅ​ក្រោម​ស្ពាន​អូរ​ច្រា ហៅ​ស្ពាន​តា​រៀប ក្នុងភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន បាន​ក្លាយទៅជា​កន្លែង​កម្សាន្ដ​ពេញ​និយម ។ អ្នកទេសចរ​ជា​ច្រើន​នាំ​គ្នា​ជិះ​កង់ ម៉ូតូ អ្នកខ្លះ​ទៀត បើកបរ​រថយន្ត​ដឹក​ក្រុម​គ្រួសារ សាច់ញាតិ បងប្អូន ទៅ​ងូតទឹក​លេង​យ៉ាង​សប្បាយ​រីករាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​មាន​អ្នកខ្លះ​ទៀត​យក​កញ្ច្រែង និង​ដែក​ស្បែង​ទៅ​អង្គុយ​ជីកដី​រែង​រក​ត្បូង​ទៀត​ផង ។ ជុំវិញ​មាត់​ស្ទឹង អ្នក​ភូមិ​បាន​នាំ​គ្នា​កាប់​ឆ្ការព្រៃ សង់​ជា​រោង​ដាក់​លក់​ម្ហូបអាហារ និង​ភេសជ្ជៈ​សម្រាប់​អ្នកទេសចរ ។

អ្នកទេសចរ​ដែល​នាំ​គ្នា​ទៅ​ងូតទឹក​ស្ទឹង​ស្ពាន​តា​រៀប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា បច្ចុប្បន្ន​នេះ​ជា​រៀង​រាល់​ល្ងាច អ្នក​រស់នៅ​ក្រុងប៉ៃលិន តែងតែ​នាំ​គ្នា​ទៅ​លេង​កម្សាន្ដ​នៅ​ក្នុង​ស្ទឹង ក្រោម​ស្ពាន​តា​រៀប ដែល​មានទឹក​ហូរ​ធ្លាក់​ពីលើ​ភ្នំ​ខៀវ ឆ្លងកាត់​សង្កាត់​ប​យ៉ា​ខា ហូរ​ធ្លាក់​ឆ្ពោះ​រហូត​ទៅ​ដល់​ខេត្តបាត់ដំបង​ឯណោះ ។ បើ​គេ​សង្កេត​មើល​ខាង​ក្រោម​​ស្ពាន អ្នកខ្លះ​យក​រថយន្ត​ទៅ​លាង​ក្នុង​ស្ទឹង ខ្លះ​ចុះ​ងូតទឹក​លេង ។ ចំណែក ខ្លះ​ទៀត​ជីកដី​រែង​ត្បូង​យ៉ាង​សប្បាយ​រីករាយ បើ​ទោះបីជា​បាន​កម្ទេច តូច​ៗ ក៏​ដោយ ក្នុង​នោះ​មាន​ជនជាតិ​កូរ៉េ​ពីរ​បី​នាក់​ផង​ដែរ ។

ចំណែក​អ្នកទេសចរ​ក្នុងស្រុក និង​ពី​ខេត្ត ឆ្ងាយ​ៗ ក៏​ទៅ​សម្រាក​លេង​នៅ​តាម​រោង ដែល​គេ​សង់​ក្បែរ​មាត់​ស្ទឹង ដើម្បី​ទទួលទាន​ម្ហូបអាហារ និង​គ្រឿង​ភេសជ្ជៈ ជួបជុំ​មិត្តភក្តិ រហូត​ដល់​ពេល​ល្ងាច ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ។ ម្យ៉ាងទៀត​នៅ​សងខាង​ស្ទឹង អាជ្ញាធរ​ខេត្ត បាន​សាងសង់​ផ្លូវ ដើម្បី​ងាយស្រួល​ធ្វើ​ដំណើរ​ទៅ​ដើរ​លេង​កម្សាន្ដ។

បើ​តាម​អ្នក​លក់ដូរ​នៅ​ក្បែរ​មាត់​ស្ទឹង ឱ្យ​ដឹង​ថា ការ​លក់ដូរ​នៅ​ក្បែរ​ស្ពាន​អូរ​ច្រា​នេះ​កាក់កប​រាល់ថ្ងៃ ជា​ពិសេស​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ មាន​អ្នកទេសចរ​ទៅ​អង្គុយ​លេង និង​ទិញ​ម្ហូបអាហារ​ទទួលទាន​ពេញ​ៗ រោង ។ លើស​ពី​នេះ​នៅ​រដូវ​បុណ្យចូលឆ្នាំ​ចិន ចូល​ឆ្នាំ​ខ្មែរ និង​រដូវ​ភ្ជុំបិណ្ឌ​វិញ មាន​ភ្ញៀវ​ច្រើន​អង្គុយ​លេង​កម្សាន្ដ​មើល​ទឹក​ហូរ​ក្រោម​ស្ពាន​តា​រៀប។

បច្ចុប្បន្ន​ស្ពាន​អូរ​ច្រា ក្លាយទៅជា​កន្លែង​រមណីយដ្ឋាន​ទៅ​ហើយ ។ នៅ​ក្នុង​ស្ទឹង​មួយ​នេះ​ទឹក​ហូរ​ខួប​ប្រាំង ខួប​វស្សា សូ​ម្បី​ទឹកធ្លាក់​ភ្នំ​ខៀវ​រីង​ខះ​អស់​នៅ​រដូវប្រាំង ក៏​ទឹកស្ទឹង​មួយ​នេះ​អត់​រីង​ដែរ ព្រោះ​មាន​ប្រភព​ទឹក​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ ៕