អាសូរណាស់! ពាក់មួក​សុវត្ថិភាពហើយ ​នៅតែ​ផ្តាច់​ជីវិត

រាជធានីភ្នំពេញ ៖ ម៉ូតូ​និង​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នាបណ្តាលឱ្យ​ដួល​ ក៏ត្រូវ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​កិនស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​០៥​ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី០​២ ​កញ្ញា នេះ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្ថិ ​កែង​និង​ផ្លូវ​លេខ​១៤៤ ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ​កែវ ភា​រុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​​អ្នករត់​ម៉ូតូឌុប មាន​ទីលំនៅ​ផ្ទះ​លេខ១៤១ ផ្លូវ​លេខ​៥ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ព​ណ៌​ស្វាយ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BD-3894 ។ ​ចំណែក​ម្នាក់​ទៀត​​រង​របួស​ធ្ងន់​ ជា​ស្ត្រី​នោះ​មិន​ត្រូវ​​​ស្គាល់​អត្តសញ្ញាណ​ទេ ។

សាក្សី​​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​២​នាក់ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​​មក​ដល់​កន្លែង​កើតហេតុ​ ម៉ូតូ​ជន​រង​គ្រោះ​បាន​ប៉ះ​ដៃចង្កូត​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ មិន​ចាំ​ម៉ាក​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ​បណ្តាលឱ្យ​ម៉ូតូ​ជន​រង​គ្រោះ​ដួល គាប់​ជួនមាន​​រថយន្ត​ដឹក​សំរាម​ស៊ី​ន​ទ្រី​មក​ពីក្រោយ ​ជាន់​ហ្វ្រាំង​មិន​ទាន់ ​ក៏​កិន​ទាំង​ម៉ូតូ​និង​មនុស្ស​តែ​ម្តង​ទៅ បណ្តាល​​ឱ្យ​បុរស​អ្នក​ឌុ​ប​ ស្ទើរតែ​ដាច់​មួយ​កំណាត់​ខ្លួន​ចុះក្រោមបែក​ពោះ​ធ្លាយ​ពោះវៀន​ស្លាប់​ភ្លាម​ៗ ។ ស្ត្រី​ដែល​ជិះ​ពីក្រោយ​រង​របួស​ខ្ទេច​ដៃ​ខាងស្តាំ ។ បន្ទាប់​ពី​បុក​ភ្លាម​ៗ ​អ្នក​បើ​ករថយន្ត​ស៊ី​ន​ទ្រី​​រត់គេច​ខ្លួន​បាត់​​ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ចំណែក​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​​ រីឯ​រថយន្ត​និង​ម៉ូតូ​ត្រូវ​កំលាំង​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី ​ដើម្បី​រង់ចាំ​ខាង​តំណាង​រថយន្ត​ស៊ី​ន​ទ្រី​ចូលខ្លួន​មក​ដោះស្រាយ​​ ។