បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅតែ​បន្ត​កើតមាន​យ៉ាង​រាលដាល​

សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ក្រោយពេល​ព្រៃ​ឡង់​ត្រូវ​បានដាក់​ជា​តំបន់​ការពារ​និង​អភិរក្ស​រួចមក គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតមាន​យ៉ាង​រាលដាល​ខុសពី​អ្វីដែល​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន អះអាងថា​គ្មាន​ការកាប់​ឈើ​ទ្រង់ទ្រាយ​ធំ​តទៅទៀត​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បាន​ឲ្យ​ដឹងថា ព្រៃ​ឡង់​ក្នុង​ខេត្តស្ទឹងត្រែង កំពុងតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​សូម្បី​តែព្រៃ​សហគមន៍​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​ក្នុង​ខេត្តស្ទឹងត្រែង ក៏​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​ដែរ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ព្រោះ​មន្ត្រី​បរិស្ថាន​ទទួលបន្ទុក​ការពារ​ព្រៃ​ឡង់ ពុំមាន​លទ្ធភាព​ក្នុងការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ព្រៃ​ឡង់​ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​ពី​ក្រុម​ជនល្មើស​ដែលមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ អ្នកមាន​លុយ អ្នកមានអំណាច មួយចំនួន​បាន​កាប់​ព្រៃ​ឡង់​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ជាពិសេស​នៅ​ចំណុច​អន្លង់​ក្រមួន ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​បាន​ឲ្យ​ដឹងថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​បំផ្លាញ​ព្រៃឈើ គឺ​ពុំមាន​ប្រសិទ្ធភាព​នោះទេ​ព្រោះ​មន្ត្រី​ថ្នាក់ក្រោម​មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឡើយ​។ ផ្ទុយទៅវិញ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដូចជា មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​អាជ្ញាធរ កំពុង​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ដើម្បី​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ជនល្មើស​កាប់​ឈើ ក៏ដូចជា​ពី​ក្រុម​ជនល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​។

តាម​ការអះអាង​របស់​ជនជាតិដើម​ភាគតិច​កួយ​រស់នៅ​ឃុំ​ស្រែ​ប្ញ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ដីព្រៃ​ឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​រាប់ពាន់​ហិកតា​ត្រូវ​ក្រុម​ជនល្មើស​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ ហើយ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ តំណាង​ជនជាតិដើម​ភាគតិច​កួយ​ក្នុង​ឃុំ​ស្រែ​ប្ញ​ស្សី បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​ព្រៃឈើ​មាន​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពួកគាត់​ដូចជា រក​ឃ្មុំ ដង​ជ័រទឹក ដាក់​អន្ទាក់​សត្វ បេះ​បន្លែ​ផ្លែឈើ រក​វ័​ល្លិ៍ និង​រក​ថ្នាំបុរាណ​ជាច្រើន​ប្រភេទ​។ ប៉ុន្តែ​ឥឡូវនេះ​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ត្រូវ​រង​ការបំផ្លាញ​ជា​បន្តបន្ទាប់ ហើយ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង លោក ឈាង តុលា និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឲ្យ​បាន​ទាន់ពេលវេលា​នោះទេ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចុះ​ពិនិត្យ​ដល់​កន្លែង​កើតមាន​បទល្មើស​ព្រៃឈើ​តែម្តង​ចៀសវាង​ជឿ​តាម​របាយការណ៍​ភូតភរ​របស់​មន្ត្រី​ថា្នក់​ក្រោម​៕

DAN_1372 (1600x900) saysamal855លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន 14159257_1590842294544680_211425630_n 14137811_1590842097878033_223595170_n