អាជ្ញាធរ​ខែត្រ​ក្រចេះ​ចាប់​ខ្លួន​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់

សមាជិក​ក្រុមប្រឹក្សា​ស្រុក​ចិត្របុរី មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​អភិបាល​ស្រុក​ចិត្របុរី ថា បាន​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​ដោយ​ចាប់​ខ្លួន​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​ពលរដ្ឋ​រារាំង​មិន​ឲ្យ​អាជ្ញាធរ​ឈូស​ឆាយ​ដី​ដែល​កំពុង​មាន​ជម្លោះ ដោយ​រង់ចាំ​ដំណោះស្រាយ​ជា​មុន​សិន។ ចំណែក​អភិបាល​ស្រុក​ចិត្របុរី អះអាង​ថា ពលរដ្ឋ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ដោយសារ​រារាំង​មិន​ឲ្យ​សមត្ថកិច្ច​អនុវត្ត​កាតព្វកិច្ច។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​ចិត្របុរី មក​ពី​គណបក្ស​ជំទាស់  អ្នកស្រី ឃុត ម៉ុម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា​ថា អភិបាល​ស្រុក​ចិត្របុរី លោក ហង្ស ចាន់ឌី អម​ដោយ​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​អាវុធ​ជាង ២០​នាក់ បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ដី​កំពុង​មាន​ជម្លោះ ហើយ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ក្រោម​ហេតុផល​រារាំង​ប្រតិបត្តិការ​សមត្ថកិច្ច។ អ្នកស្រី​ចាត់​ទុក​ការ​ចាប់​ខ្លួន​នោះ​ជា​ទង្វើ​រំលោភ​សិទ្ធិ​ពលរដ្ឋ ខណៈ​អ្នក​ភូមិ​ធ្លាប់​កាន់កាប់​ដី​នៅ​តំបន់​នោះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក៖ «ប្រតិបត្តិការ​ឈូស​ឆាយ​ហ្នឹង គេ​ឈូស​ឆាយ​ដោយ​មាន​កម្លាំង​សមត្ថកិច្ច ប៉េអឹម ប៉ូលិស​ការពារ​ហ្នឹង។ គាត់​ទៅ​ការពារ​ដី​គាត់ អត់​ឲ្យ​គេ​ឈូស គេ​ចាប់​គាត់។ ចៅហ្វាយ​ស្រុក​ហ្នឹង​ថា ចាប់​ពួកវា​ដាក់​ខ្នោះ។ សង្កត់​គ្នា​បី​ទៅ​បួន​នាក់​វ៉ៃ​គ្នា»

ឆ្លើយ​តប​រឿង​នេះ អភិបាល​ស្រុក​ចិត្ត​បូរី លោក ហង្ស ចាន់ឌី ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​ខែត្រ និង​ស្រុក​បាន​ចុះ​អនុវត្ត​មុខ​សញ្ញា​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​រស់​នៅ​តាម​ច្រាំង​ទន្លេ និង​ពលរដ្ឋ​ក្រីក្រ ៧១​គ្រួសារ ផ្អែក​តាម​ខ្លឹមសារ​លិខិត​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ប្រកាស​តំបន់​នោះ​ជា​តំបន់​វិនិច្ឆ័យ​ដី​សម្បទាន​សង្គមកិច្ច។ លោក​រំឭក​ថា កាល​ពី​ឆ្នាំ​២០១៤ អាជ្ញាធរ​ស្រុក​បាន​សិក្សា​ផល​ប៉ះពាល់ និង​បាន​ឆ្វៀល​ដី​ជាង ២០​ហិកតារ​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់ ១១​គ្រួសារ ហើយ​ពលរដ្ឋ​ទាំង​នោះ​ក៏​បាន​ឯកភាព​វិធានការ​នេះ​ដែរ។

លោក​បន្ត​ថា ពលរដ្ឋ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន អាជ្ញាធរ​នឹង​ដោះលែង​បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​រួច៖ «ពួក​អ្នក​ដែល​កាង​ដី​ហ្នឹង​កន្លង​មក​នៅ​ពេល​ដែល​យើង​សិក្សា​ផល​ប៉ះពាល់ យើង​ឆ្វៀល​ឲ្យ​គាត់​រួច​ហើយ។ យើង​ឆ្វៀល​តាម​របៀប​ស្បែក​ខ្លា​ឲ្យ​គាត់​រួច​ហើយ ហើយ​គាត់​ក៏​បាន​ផ្ដិត​មេ​ដៃ​មិន​ពង្រីក​យក​ដី​រដ្ឋ​ទៀត​ដែរ។ គាត់​ទុក​ឲ្យ​រដ្ឋ​ចាត់​ចែង»

កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦ អាជ្ញាធរ​ស្រុក​ចិត្របុរី បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ជា​មុខ​សញ្ញា​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច ៧១​គ្រួសារ បច្ចុប្បន្ន​កំពុង​រស់​នៅ​តាម​ច្រាំងទន្លេ​នៅ​ឃុំ​ថ្មគ្រែ និង​ពលរដ្ឋ​ក្រីក្រ​គ្មាន​ដី​រស់​នៅ​ពិតប្រាកដ​ឲ្យ​ចូល​ទៅ​រស់​នៅ​លើ​ដី​ដែល​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ប្រកាស​ជា​តំបន់​វិនិច្ឆ័យ​ជា​ដី​សម្បទាន​សង្គមកិច្ច។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO)លោក អំ សំអាត យល់​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ទាន់​បាន​ដោះស្រាយ​ជាមួយ​ពលរដ្ឋ ហើយ​យក​ដី​ផ្ដល់​ឲ្យ​អ្នក​ផ្សេង​រហូត​មាន​ការ​ចាប់​ខ្លួន វា​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ធ្ងន់ធ្ងរ។ លោក​ថា អាជ្ញាធរ​គួរ​តែ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ដោយ​យុត្តិធម៌​ទាំង​អស់​គ្នា​សិន មុន​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច ចៀសវាង​បាតុភាព​កើត​ឡើង៖ «ឧទាហរណ៍​ថា ពេល​នេះ​ការ​ដោះស្រាយ​ដោយ​ការ​បង្ខំ​ឲ្យ​ពលរដ្ឋ​ប្រគល់​ដី​ហ្នឹង​ដើម្បី​ជា​ដី​សម្បទាន​សង្គមកិច្ច ពេល​ដែល​តាំង​ទី​លំនៅ​វា​អាច​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ជា​បន្ត​ទៀត​អត់​ចប់។ យើង​ត្រូវ​តែ​ធ្វើ​យើង​ណា​ដោះស្រាយ​ឲ្យ​មាន​ភាព​យុត្តិធម៌​ទាំង​អស់​គ្នា​សិន»

អាជ្ញាធរ​ស្រុក​ចិត្របុរី ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ចំនួន ៧១​គ្រួសារ រស់នៅ​ឃុំ​ថ្មគ្រែ ស្រុក​ចិត្របូរី គឺ​ជា​មុខ​សញ្ញា​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ទំហំ​ក្បាល ១០​ម៉ែត្រ ដល់ ១៥​ម៉ែត្រ និង​បណ្ដោយ ៣០ ទៅ ៤០​ម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។