ទៀតហើយ! ហ្វូងគោ ១៩ក្បាល ត្រូវរន្ទះបាញ់ងាប់ភ្លាមៗ ក្នុងពេលតែមួយ គួរឲ្យរន្ធត់!

អាមេរិក៖ មួយរយៈចុងក្រោយនេះ យើងឃើញថា គ្រោះធម្មជាតិ ហាក់បីដូចជាកើតឡើងច្រើន ទៅតាមតំបន់នីមួយៗ នៅក្នុងពិភពលោក មិនថាព្យុះ រញ្ជួយដី ទឹកជំនន់ ឬ ផ្គររន្ទះ។ ហើយកាលពីលើកមុននេះផងដែរ ប្រិយមិត្តក៏ច្បាស់ជាបានជ្រាបហើយអំពីព័ត៌មានដែល រមាំងជាង ៣០០ក្បាលត្រូវបានរន្ទះបាញ់ ងាប់ភ្លាមៗ ក្នុងពេលតែមួយ នៅប្រទេសន័រវេស។ ចំនែកឯថ្មីៗនេះវិញ ខណៈដែលព័ត៌មានទាំងនោះមិនទាន់សាបរលត់ស្រួលបួលផង ក៏ស្រាប់តែមានករណីមួយស្រដៀងគ្នា កើតឡើងដូច្នោះដែរ គឺ ហ្វូងគោ ចំនួន១៩ក្បាល ត្រូវរន្ទះបាញ់ ងាប់ភ្លាមៗក្នុងពេលតែមួយដូចគ្នា គួរឲ្យរន្ធត់។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ កើតឡើងនៅក្នុងទីក្រុង Hallsville រដ្ឋ Texas សហរដ្ឋអាមេរិក ដែលហ្វូងគោចំនួន១៩ក្បាល ត្រូវបានរន្ទះបាញ់ងាប់ ក្នុងពេលតែមួយ ក្រោយពីពួកវា នាំគ្នាជ្រកក្រោមដើមឈើ អំឡុងពេលព្យុះភ្លៀងដ៏ធំ រួមផ្សំជាមួយផ្គរលាន់ និងផ្លេកបន្ទោរដ៏ខ្វាត់ខ្វែង។

នៅក្នុងហេតុការណ៍នេះដែរ នាង Ashley Anderson ដែលត្រូវបានស្គាល់ថា ជាម្ចាស់គោទាំងនោះ បានបញ្ជាក់ថា នាងពិតជាមិនដែលឃើញហេតុការណ៍នេះទេ សូម្បីតែម្តងក្នុងមួយជីវិតរបស់នាង។ ស្របពេលជាមួយគ្នានេះដែរ នាងបាននិយាយបញ្ជាក់បន្ថែមទៀតថា «ហេតុការណ៍ប្រភេទនេះ មិនងាយនឹងបានជួបប្រទះជារៀងរាល់ថ្ងៃទេ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលណាស់ចំពោះរឿងនេះ» ។ នាង Anderson បានបន្តទៀតថា «វាដូចជាចម្លែកពេកហើយ ពួកហ្វូងគោទាំងនោះ គ្រាន់តែជម្លៀសខ្លួន មកជ្រកភ្លៀងក្រោមដើមឈើតែប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាក្តី គ្មានអ្វីអាចទប់ស្កាត់គ្រោះធម្មជាតិនេះបានទេ»

អ្នកជិតខាងរបស់អ្នកស្រី Anderson ក៏ដូចជាសាក្សីដែលឃើញផ្ទាល់ភ្នែកក៏បានបញ្ជាក់ប្រាប់ផងដែរថា «ផ្លេកបន្ទោរ ក៏ដូចជា រន្ទះបានបាញ់ប្រហារហ្វូងគោទាំងនោះ ក្នុងមួយពព្រិចភ្នែកតែប៉ុណ្ណោះ វាពិតជាលឿនណាស់ និងបណ្តាលឲ្យហ្វូងគោទាំងនោះដួលលើដី ងាប់ក្នុងពេលតែមួយ តែម្តង»

ហើយបើយោងតាមអ្នកជំនាញវិញ បានរៀបរាប់ពីហេតុការណ៍នេះផងដែរថា «ប្រភេទសត្វដែលមានជើងបួន ដូចសត្វគោនេះ ងាយនឹងជួបហានិភ័យរន្ទះបាញ់ជាងមនុស្សទៅទៀត សោយសារចរន្តអគ្គិសនី ឆ្លងពីជើង ពីក្រោមឡើងទៅលើ ដែលធ្វើឲ្យបេះដូងឈប់ដំណើរការ ដែលធ្វើឲ្យងាយបាត់បង់ជីវិតភ្លាមៗតែម្តង» ។ នេះបើយោងតាមសម្តីរបស់អ្នកជំនាញម្នាក់ឈ្មោះថា John Jensenius ដែលជាអ្នកវិភាគអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា សត្វរមាំងជាង៣០០ក្បាល បានងាប់ខ្ទេចមួយរំពេចដោយសារគ្រោះធម្មជាតិរន្ទះបាញ់មួយ នៅក្នុងឧទ្យានជាតិប្រទេសន័រវេស ហើយមន្រ្តីសត្វព្រៃបានហៅគ្រោះធម្មជាតិនេះថា ជាគ្រោះមហន្តរាយធម្មជាតិមិនធម្មតាមួយ។

ទីភ្នាក់ងារបរិស្ថានន័រវេស បានចេញផ្សាយរូបភាពដែលបង្ហាញពីសាកសពសត្វរមាំងងាប់គជើងគ្នា ដោយសាររន្ទះបាញ់លើវាលស្មៅខ្ពង់រាបនៃភ្នំ Hardangervidda ។ ទីភ្នាក់ងារនេះបាននិយាយថា សត្វរមាំងចំនួន៣២៣ក្បាលបានងាប់ រួមទាំងកូនវាចំនួន៧០ក្បាលផងដែរ ដោយក្នុងនោះមានរមាំង៥ក្បាល មិនទាន់ងាប់ភ្លាមៗទេ។

មន្រ្តីសត្វព្រៃបាននិយាយថា សោកនាដកម្ម គួរឲ្យសង្វេគ និងព្រឺក្បាលនេះត្រូវបានគេជឿថា បានកើតឡើងក្នុងអំឡុងពេលមានព្យុះរន្ទះមួយកាលពីថ្ងៃសុក្រ សប្តាហ៍មុន។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារបរិស្ថានលោក Kjartan Knutsen បានប្រាប់សារព័ត៌មាន AP ថា វាមិនមែនជារឿងចម្លែកសម្រាប់សត្វរមាំង ឬសត្វព្រៃផ្សេងទៀតដែលត្រូវរន្ទះបាញ់ងាប់នោះទេ គ្រាន់តែយើងមិនដែលលឺចំនួនសត្វរមាំងងាប់ច្រើនបែបនេះពីមុនមក។

លោកបន្តថា សត្វរមាំងទាំងនេះទំនងជាវានៅឈរផ្តុំគ្នា ខណៈពេលដែលមានអាកាសធាតុមិនល្អ ទើបបណ្តាលឲ្យមានចំនួនងាប់ច្រើនយ៉ាងនេះក្នុងពេលតែមួយ។

គេហទំព័រ The BNO បានផ្សាយថា ចំនួនសត្វងាប់ដោយសាររន្ទះបាញ់នេះ ត្រូវបានគេជឿថា ជាចំនួនដ៏ធំបំផុតមិនធ្លាប់មានក្នុងកំណត់ត្រា ដោយកាលពីឆ្នាំ២០០៥ គ្រោះធម្មជាតិរន្ទះបាញ់ដូចគ្នានេះ បានកើតឡើងនៅក្នុងប្រទេសអូស្រ្តាលី ដោយសម្លាប់សត្វគោត្រឹមតែ៦៨ក្បាលប៉ុណ្ណោះ នេះបើយោងតាមកំណត់ត្រាពិភពលោកហ្គីណេស (Guinness World Records)៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទៀតហើយ! ហ្វូងគោ ១៩ក្បាល ត្រូវរន្ទះបាញ់ងាប់ភ្លាមៗ ក្នុងពេលតែមួយ គួរឲ្យរន្ធត់!

ទៀតហើយ! ហ្វូងគោ ១៩ក្បាល ត្រូវរន្ទះបាញ់ងាប់ភ្លាមៗ ក្នុងពេលតែមួយ គួរឲ្យរន្ធត់!

ទៀតហើយ! ហ្វូងគោ ១៩ក្បាល ត្រូវរន្ទះបាញ់ងាប់ភ្លាមៗ ក្នុងពេលតែមួយ គួរឲ្យរន្ធត់!